យស បូវណ្ណៈ និង ចាន់ តារាទី សម្តែងឈុតមួយ​ ក្នុងរឿង «លោកឪពុក» ពុះពារមិនធម្មតា

05-12-2018 10:08am

ភ្នំពេញៈ នេះទើបគេហៅថា សិល្បៈ ប្រសិនបើគេឲ្យ​សម្តែងអ្វី ត្រូវតែធ្វើឲ្យ​បាន។ តួយ៉ាងតារាជើងចាស់លោក យស បូវណ្ណៈ និងអ្នកស្រី ចាន់ តារាទី ដែលផលិតកម្មមហាហង្សតម្រូវឲ្យ​ជួបគ្នាចាប់គូសារជាថ្មី ស្រាប់តែបញ្ចូលអារម្មណ៍មិនធម្មតា ក្នុងឈុតឆាកកម្សត់មួយ ក្នុងរឿង«លោកឪពុក»។ មួយឈុតនេះ ត្រូវបានគេនិយាយថា លះបង់ខ្លាំង ដែលរលកក្រោយគួរតែយកគំរូ​តាម។

ម្នាក់ៗចង់យំតាមនៅពេលឃើញលោក យស បូវណ្ណៈ និងអ្នកស្រី ចាន់ តារាទី ខំសម្តែងឲ្យ​ដល់ក្នុងឈុតមួយ ដែលត្រូវភ្លើងឆេះផ្ទះរលាក​រលួយរាងកាយ ក្នុងរឿង«លោកឪពុក»។ ដូចនេះហើយ ទើបគេយល់ថា សិល្បៈត្រូវធ្វើឲ្យ​ដល់ ទោះខាងក្រៅជីវភាពបែបណា តួល្បីបែបណា ទោះនៅដល់អាមេរិក ក៏​ត្រូវតែធ្វើឲ្យ​សមតាមការចង់បានពីអ្នកដឹកនាំ។

អ្នកស្រី ចាន់ តារាទី បានបង្ហាញចិត្តត្រេកអរ ពេលប៉ះដៃគូចាស់ ហើយគ្រាន់តែដឹងថាមហាហង្សជ្រើសរើសលោក វណ្ណៈ មកសម្តែងភ្លាម គឺមិនតំអក់យូរទេ បន់ឲ្យ​តែលោក វណ្ណៈមកដល់មាតុភូមិឆាប់។ យើងទាំងពីរដូចបងដូចប្អូន ហើយលោក វណ្ណៈ ជាសិស្សច្បងនៅសាលាវិចិត្រសិល្បៈផ្នែកល្ខោននិយាយជំនាន់ទី១ ឆ្នាំ១៩៧៩ ហើយអ្នកស្រីឆ្នាំ១៩៨០ ទើបមានអារម្មណ៍ថា ស្និទ្ធ​គ្នាហើយដឹងពីដង្ហើមលេងពេលសម្តែងម្តងៗ។ អ្នកស្រីត្រូវសម្តែងរឿងថ្មីនេះ ជាតួម្តាយកម្សត់ ត្រូវស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះ ហើយទុកឲ្យ​លោក វណ្ណៈ តស៊ូមើលថែកូនស្រីតែឯង។

លោក អ៊ិន សុភិន បានឲ្យ​ដឹងថា លោក យស បូវណ្ណៈ មានពេលថតរឿង "លោកឪពុក" តែប្រមាណ១០ថៃ្ងប៉ុណ្ណោះ ទើបផលិតកម្មមហាហង្សសម្រុកចេញថតតែម្ដង ដោយការសម្ដែងលើកដំបូងរបស់អតីតតារាល្បីល្បាញកាលពីអំឡុងឆ្នាំ៩០រូបនេះ គឺសម្ដែងក្នុងប្លង់ធំ ដែលមានតារាសម្ដែងរួមជាមួយច្រើននាក់ក្នុងឈុតត្រូវភ្លើងឆេះផ្ទះ។ នៅក្នុងប្លង់នេះ គឺជាប្លង់សំខាន់ជាងគេ ក្នុងរឿង ហើយក៏ជាប្លង់ ដែលតម្រូវអោយលោកក្លាយជាបុរសពិការជើង ព្រោះតែដើម្បីសង្គ្រោះជីវិតកូនស្រីនោះដែរ ប៉ុន្តែចុងក្រោយកូនស្រីរបស់លោក បែរជាធំដឹងក្ដី ដោយការប្រមាថលោក យស បូវណ្ណៈ ជាឪពុក ព្រោះតែលោកពិការ ក្រីក្រ មិនអាចអោយកូនបាន​លូយឆាយ ក្នុងពេលពេញវ័យទៅបាន។ លោកថា ក្នុងរឿង "លោកឪពុក" មានតួអង្គឪពុក៣រូប ដោយលោក យស បូវណ្ណៈ គឺជាឪពុកដៃគូ ជាមួយអ្នកនាង ចាន់ តារាទី ហើយលោកក៏ជាតួឪពុក ដែលឆ្លុះបញ្ចាំងពីទឹកចិត្តឪពុកកម្សត់មួយ ដែលសុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីអោយកូនស្រីបានល្អ ទោះជាលោកពិការ និងរកស៊ី​លក់ដូរតាមរទេះ ដែលកូនស្រីមិនចង់ទទួលស្គាល់ជាឪពុក។

លោក យស បូវណ្ណៈ និយាយថា លោកសប្បាយចិត្តណាស់ ដែលបានសម្ដែងបើកឆាក ហើយសម្ដែងឆាកធំតែម្ដង ដែលលោកបានហៅឈុតឆាកនេះថា ជាឈុតដែលគ្រាន់តែអានសាច់រឿង គឺអួលដើមករចង់ស្រក់ទឹកភ្នែក។ ក្នុងនោះលោកក៏បានបញ្ជាក់ថា មិនមានការលំបាកនោះផង ដោយសារតែលោកសម្ដែងប៉ះចំដៃគូល្អៗ និងម្យ៉ាងមកពីលោកខានសម្ដែងច្រើនឆ្នាំតែអារម្មណ៍ និងបទពិសោធន៍ គឺនៅតែដិតដាមក្នុងអារម្មណ៍៕