ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បោះទុនច្រើនលានដុល្លាររួមគ្នា ក្នុងជំនួញដីធ្លី

05-12-2018 8:03am

ភ្នំពេញៈ កាលពីប៉ុន្មានខែមុននេះ លោកអ្នកដឹងថា លោក ព្រាប សុវត្ថិ និង សិរីមន្ត មានមុខជំនួញដីធ្លីរៀងៗខ្លួន ហើយអ្នកគាំទ្រសុទ្ធ​តែមើលឃើញថា កំពូលតារាចម្រៀង២ដួងនេះពិតជាមានគំនិតចក្ខុវិស័យខ្ពស់ក្នុងអាជីពថ្មីនេះ។ អ្វីដែលសំខាន់នៅពេលនេះ តារាលំដាប់ប្រទេសទាំង២ បានពួតដៃគ្នាទិញដីធំទូលាយមួយរួមគ្នាបោះទុនច្នៃជាកន្លែងរស់នៅលក់ចែកជូនអតិថិជនដែលត្រូវការ។

គ្មានអ្នកណាមិនដឹងនោះទេថា តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ត្រូវគេប្រដូចជាខ្លាឈ្មោលលើភ្នំហង្សមាសតែមួយ ដែលមិនត្រឹមតែមានអ្នកយល់ថាតារាទាំងពីរឈរនៅលើមាគ៌ាប្រកួតប្រជែងគ្នាទាំងសិល្បៈ និងជីវិតឯកជននោះទេ សូម្បីតែអ្នកគាំទ្ររបស់តារាទាំងពីរ ក៏កាច់កុងគ្នា ដើម្បីលើកស្ទួយតារា ដែលខ្លួនពេញចិត្តម្ខាងៗ មិនសូវចុះសម្រុងនឹងគ្នាផងដែរ។ យ៉ាងណាមិញអ្នកទាំងពីរ បែរជាធ្វើអោយម្នាក់ៗភ្ញាកក់ផ្អើល បន្ទាប់ពីមានដំណឹងថា តារាទាំងពីរ បានចំណាយទុនច្រើនលានដុល្លារ បើកជំនួញរួមគ្នា ដែលនេះ គឺជាដំណឹងបិទបញ្ចប់ចំពោះការយល់ថា នៅខាងក្រៅឆាកអ្នកទាំងពីរមិនសូវចុះសម្រុងនឹងគ្នា។

យោងតាមការបង្ហោះលើផេកបុរីឡេងណាវ៉ាត់ត្រា ថា លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ក្រោយពីទទួលបានជោគជ័យក្នុងគម្រោងដីធ្លីពុះលក់រៀងៗខ្លួន អ្នកទាំងពីរបានសម្រេចចិត្តបោះទុនរួមគ្នាតែមួយជាមួយក្រុមហ៊ុនឡេងណាវ៉ាត់ត្រាតែម្ដង ដោយគម្រោងថ្មីនេះ គឺធំជាងគម្រោងមុនៗទ្វេដង ហើយសម្រាប់ដើមទុន ក៏មិនតិចជាង២០លានដុល្លារ។ ការបង្ហោះបញ្ជាក់ថា អ្នកទាំងពីរ មិនត្រឹមតែបើកគម្រោងថ្មីពុះលក់ដីឡូតិ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចាយទុនសង់វីឡាដាក់លក់ ដែលនេះ គឺជាគម្រោងមហាសេដ្ឋី ដែលមិនធ្លាប់មានសម្រាប់តារាចម្រៀងនៅក្នុងពិភពសិល្បៈ។

លោក ឡេង ណាវ៉ាត់ត្រា បានទទួលស្គាល់ថា លោក ព្រាប សុវត្ថិ និង លោកខេមរៈ សិរីមន្ត ពិតជាចំណាយទុន បើកគម្រោងរកស៊ីចូលគ្នាពិតមែន ដោយគម្រោងថ្មីនេះ គឺមិនមានរវាងលោក និងលោក ព្រាប សុវត្ថិ ឬរវាងលោក និងលោក ខេមរៈ សិរីមន្ត ដាច់គ្នាដូចមុននោះទេ ប៉ុន្តែគឺជាគម្រោងបោះទុនរួមគ្នាទាំង៣បញ្ចូលគ្នាតែម្ដង ដើម្បីអោយបានដើមទុនច្រើន ហើយឈានទៅសង់វីឡាដាក់លក់នោះផង។ លោកថា គម្រោងលោក ព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត រួមគ្នានោះ ស្ថិតនៅម្ដុំព្រៃទទឹងលើផ្លូវជាតិលេខ៣ក្បែរៗគម្រោងចាស់ ប៉ុន្តែជាគម្រោងសង់វីឡា និងពុះឡូតិ៍រួមគ្នា ដោយគ្រាន់តែដើមទុន គឺយ៉ាងហោចក៏២០លានដុល្លារ ដោយមិនទាន់បញ្ចូលការចំណាយលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងចំណាយបន្ទាប់បន្សំដែលមើលមិនឃើញនោះផង។ អ្វីដែលសំខាន់ គឺគម្រោងធំនេះ មានដីរហូតដល់ជាង៥០ហិកតា ហើយប្រើទុនខ្ពស់ ដែលលោកបានហៅការចូលហ៊ុនរបស់លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ជាមួយនឹងលោករួមគ្នាជាបីហ៊ុននាពេលនេះថា ជាការជួយដំណើរការបើកជំនួញដីធ្លីរបស់លោកដើរលឿន៕