សហរដ្ឋអាមេរិក សង្ឃឹមថា នឹងមានវិធានការភ្លាមៗ ពីចិន ពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម

04-12-2018 12:26pm

ទីក្រុងវ៉ាស៊ីងតោនៈ មន្រ្តីមួយរូប របស់សេតវិមាន បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក រំពឹងថា ប្រទេសចិន នឹងចាត់វិធានការភ្លាមៗ ដើម្បីកាត់បន្ថយតម្លៃពន្ធនាំចូលរថយន្តសហរដ្ឋអាមេរិក និងបញ្ចប់ការលួចកម្មសិទិ្ធបញ្ញា និងបង្ខំឲ្យផ្ទេរបច្ចេកវិទ្យា ខណៈពេលប្រទេសទាំង២ បានបោះជំហានឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មទូលំទូលាយជាងមុន។

គួរឲ្យដឹងថា កាលពីថ្ងៃសៅរ៍កន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ហ្ស៊ី ជីនពីង បានព្រមព្រៀងគ្នាឲ្យមានការបញ្ឈប់ភាពតានតឹងនៅក្នុងសង្រ្គាមពាណិជ្ជកម្ម ដែលគេមើលឃើញលំហូរចូល នៃការដំឡើងតម្លៃពន្ធលើទំនិញគ្នាទៅវិញទៅមក ក្នុងទំហំទឹកប្រាក់រាប់រយពាន់លានដុល្លារ រវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំង២ របស់ពិភពលោក។

មេដឹកនាំប្រទេសទាំង២ បានព្រមព្រៀងគ្នាផ្អាកការដំឡើងតម្លៃពន្ធរយៈពេល៩០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែធ្នូតទៅ ខណៈដែលពួកគេចរចាលើកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះមួយនេះ ក្រោយពីឡើងកម្តៅខ្លាំងអស់រយៈពេលជាច្រើនខែរួចមកនោះ។

ទីផ្សារសកល បានហើបឡើងមកវិញ កាលពីថ្ងៃចន្ទ ឡើងមកដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣សប្តាហ៍ ដោយសារតែព័ត៌មានមួយនេះ។ ទីផ្សារភាគហ៊ុន Wall Street, the Dow Jones Industrial Average, the S&P 500 និង Nasdaq Composite កើនឡើងដូចគ្នាបានជាង១ភាគរយ៕