OPEC នឹងមិនប៉ះពាល់ឡើយ ក្រោយការដកខ្លួន របស់ប្រទេសកាតា

04-12-2018 11:11am

OPEC៖ កាតា ជាប្រទេសតូច ប៉ុន្តែសម្បូរទៅដោយធនធានធម្មជាតិឧស្ម័នហ្គាស កាលពីថ្ងៃទី៣ ខែធ្នូ បានប្រកាសថា នឹងដកខ្លួនចេញពី OPEC នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ក្រោយរយៈពេលរួមរស់ជាមួយ OPEC អស់រយៈពេលជិត៦០ឆ្នាំកន្លងមក។ សកម្មភាពរបស់កាតា ធ្វើឲ្យ OPEC បាត់បង់សមាជិកចាស់ដ៏សំខាន់ ក្នុងពេលដែលស្ថានភាពតម្លៃប្រេងពិភពលោកប្រែប្រួល។

សារព័ត៌មាន CNN បានស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីទទួលបន្ទុកថាមពលប្រេងកាតា លោក Saad Sherida Al Kaabi បានប្រកាសនៅក្នុងបណ្តាញសង្គម Twitter ថា “ការសម្រេចដកខ្លួនចេញពីអង្គការ OPEC គឺជាការចង់បានរបស់ប្រទេសកាតា ដើម្បីផ្តោតទៅលើការផលិតឧស្ម័នហ្គាសវិញម្តង ដែលជាប្រភពធនធានសម្បូរបែបនៅក្នុងប្រទេសនេះ”។

កាតា រងទណ្ឌកម្មដឹកជញ្ជូន និងសេដ្ឋកិច្ចពីបណ្តាប្រទេសជិតខាង នៅក្នុងសម្ព័ន្ធអារ៉ាប់ ក្នុងនោះ មានប្រទេស អារ៉ាប៊ី សាអូឌីត និង អារ៉ាប់រួម ក្នុងរយៈពេល១៨ខែក្រោយមក។ ឆ្លើយតបនឹងការដាក់ទណ្ឌកម្មនោះ កាតា បានបង្កើនការផលិតឧស្ម័នហ្គាស ដែលជាប្រភពធនធានគ្រឹះ នៃសេដ្ឋកិច្ចជាតិ។

OPEC មិនមានតួនាទីនៅលើទីផ្សារឧស្ម័នហ្គាសពិភពលោក ហើយកាតា ក៏មិនបានលើកឡើងពាក់ព័ន្ធនឹងវិវាទជាមួយបណ្តាប្រទេសក្នុងតំបន់នោះដែរ។ គម្រោងដកខ្លួនចេញពី OPEC គឺដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួន ក្នុងវិស័យឧស្ម័នហ្គាស នៅលើពិភពលោក។ ការនាំចេញឧស្ម័នហ្គាសរបស់កាតា ស្មើនឹង៣០ភាគរយ នៃឧស្ម័នប្រើប្រាស់នៅលើពិភពលោក។

កាតា មិនមែនជាប្រទេសផលិតប្រេងសំខាន់នៅក្នុងអង្គារ OPEC នោះឡើយ ប្រសិនបើប្រៀបធៀបនឹងប្រទេសផលិតប្រេងសំខាន់ៗ ដូចជា អារ៉ាប៊ី សាអូឌីត ឬអ៊ីរ៉ាក់ កាតា បូមប្រេងបានប្រមាណ៦សែនធុង ក្នុងមួយថ្ងៃប៉ុណ្ណោះ។ ចំណែកប្រទេសទាំងពីរខាងលើ មានរហូតដល់២៧លានធុង។

ការដកខ្លួនរបស់កាតា ចំពេលដែលសមាជិក OPEC ពិភាក្សាស្តីពីការកាត់បន្ថយផលិតប្រេង ដើម្បីជួយឲ្យតម្លៃប្រេងក្នុងពិភលោកឡើងថ្លៃ។ ការដកខ្លួនរបស់កាតា មិនប៉ះពាល់ដល់ OPEC នោះឡើយ ដោយកាតា ជាប្រទេសផលិតប្រេងតិចបំផុត ក្នុងចំណោមប្រទេសផលិតប្រេងជាសមាជិកទាំងអស់។

កាតា ជាប្រទេសតំបន់មជ្ឈិមបូព៌ាដំបូងគេបង្អស់ ដែលបានដកខ្លួនចេញពី OPEC ចាប់តាំងអង្គការមួយនេះបង្កើតឡើងនៅក្នុងឆ្នាំ១៩៦០។ ប្រទេសជាសមាជិក OPEC ចំនួន១៥ បានផ្គត់ផ្គង់ប្រេងឆៅរហូតដល់៤៤ភាគរយ នៅលើពិភពលោក។ គោលដៅនៃប្រទេសជាសមាជិកក្នុងការកាត់បន្ថយប្រេង គឺដើម្បីធ្វើឲ្យតម្លៃមានស្ថេរភាព៕