ឆ្មក់បង្ក្រាបទីតាំងអ៊ិនធើណេត២៤ម៉ោង បង្កប់ល្បែងអនឡាញ ឃាត់ខ្លួនមនុស្ស៤នាក់ និងថ្នាំញៀនជាង៥០កញ្ចប់

04-12-2018 10:04am

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌដូនពេញ​ ឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសង​មួយកន្លែង​ ដែលលួចបើកក្រោមស្លាកយីហោ​ ធានារ៉ាប់រង​ ដោយក្នុងនោះបានធ្វើការឃត់ខ្លួនជនសង្ស័យ​៤នាក់​ ព្រមទាំងដកហូតនៅកុំព្យូទ័រលេងហ្គេមបាញ់ត្រីចំនួន​៨គ្រឿង​ និងថ្នាំញៀនចំនួន​៥១កញ្ចប់ កាលពីវេលាម៉ោង​៤និង០០នាទី​ ថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០១៨​ ស្ថិតនៅចំណុចផ្ទះលេខ៥៩១​ ផ្លូវ១៣​ សង្កាត់ផ្សារកណ្តាល១​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

សម័យ​បច្ចេកវិទ្យា​ទំនើបទៅហើយ​​ហ្គេមបាញ់ត្រី ក៏វិវត្តន៍​ទៅមុខដូចគ្នាដែរ គឺលេងតាម Online ដាក់/ដកលុយបាន រួមទាំងល្បែងស៊ីសង ភ្នាល់បាល់ និងល្បែងខុសច្បាប់ជាច្រើនប្រភេទទៀត ដែល Live ចេញពីកាស៊ីណូ ជ្រកក្រោមស្លាក អុីនធើណេត ណេត Online ២៤ម៉ោង ជាច្រើនកន្លែងទៀត កំពុងលួច​បើក​លេងដោយសេរី មិនទាន់ចុះបង្ក្រាបនៅឡើយទេ ហើយបើចង់ចាប់រក​ភស្តុតាង​ជាក់ស្ដែង គឺពិបាកបន្តិចហើយ ព្រោះណេត២៤ម៉ោង រាប់សិបកន្លែងក្នុងរាជធានីភ្នំពេញនោះ ព្រោះរាល់ពេលអាជ្ញាធរ និងសមត្ថកិច្ចចុះត្រួតពិនិត្យមើល សុទ្ធតែមានអាជ្ញាប័ណ្ណដែលចេញដោយមន្ទីរ ឬក្រសួងពាក់ព័ន្ធត្រឹមត្រូវ ទោះជាឃើញបទល្មើស និងភស្ដុតាងច្បាស់លាស់ ពីការលួចបើកល្បែងស៊ីសងខុសច្បាប់នោះ​ក៏ដោយ ក៏អាជ្ញាធរនិងសមត្ថកិច្ច មិនសុំគោលការណ៍ដើម្បីចុះទៅបិទទីតាំងទាំងនោះដែរ។

ជនសង្ស័យទាំង៤នាក់ខាងលើ ទី១-ឈ្មោះ ឡាយ ចំរើន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាភ្នាក់ងារមើលការខុសត្រូវ ហ្គេមបាញ់ត្រី (ជួញដូរ), ទី២-ឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់), ទី៣-ឈ្មោះ ឃុន ចាន់ឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី៤-ឈ្មោះ ណុប មុទុតា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។​ ចំណែកឯវត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន៥១កញ្ចប់តូច, កញ្ឆាក្រៀមចំនួន ១កញ្ចប់, កំព្យូទ័រហ្គេមបាញ់ត្រីចំនួន ៨គ្រឿង,​ ដាវសាំម៉ូរ៉ៃចំនួន​ ១​,​ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន​ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោក​ ម៉ៅ​ ចាន់ថុន​ អធិការរងទទួលផែនបង្ក្រាបបទល្មើស​ ខណ្ឌដូនពេញ​ បានប្រាប់ឲ្យដឹងថា​ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទាំង ១២ខណ្ឌបង្ក្រាបនូវល្បែងស៊ីសង ដូចជាករណីជួញដូរគ្រឿងញៀន លួច ឆក់ ប្លន់ ជាដើម។

ក្រោយពីបានទទួលបទបញ្ជាពី លោក ឧត្តមសេនីយ៍ឯក ស ថេត រួចមក កម្លាំងនគរបាល​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ទៀង​ ច័ន្ទសារ អធិការនគរបាលខណ្ឌ បានដាក់បទបញ្ជាដល់អធិការរង មេប៉ុស្តិ៍ នៃអធិការនគរបាលខណ្ឌ ឲ្យធ្វើការចុះបង្ក្រាបករណីខាងលើនេះ។

ក្រោយមកកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌ បានសហការជាមួយនឹងកម្លាំងប៉ុស្តិ៍ បានធ្វើការចុះបង្ក្រាបទីតាំង មួយកន្លែង ដែលលួចជ្រកក្រោមស្លាកយីហោ ធានារ៉ាប់រង ហើយសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ព្រមទាំងដកហូតកុំព្យូទ័រលេងហ្គេមបាញ់ត្រីចំនួន ៨គ្រឿង​ និងថ្នាំញៀនចំនួន ៥១កញ្ចប់។

បច្ចុប្បន្ន កម្លាំងនគរបាលខណ្ឌនបានបញ្ជូនជនសង្ស័យទាំង ៤នាក់ខាងលើ រួមទាំងវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធីចាត់ការទៅតាមផ្លូវច្បាប់៕