លោក ដូណាល់ ត្រាំ ៖ ចិន បានកាត់បន្ថយ និងលុបចោលពន្ធ លើរថយន្តនាំចូលពីអាមេរិក

03-12-2018 2:57pm

វ៉ាស៊ីនតោនៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ភាគីចិន បានយល់ព្រមកាត់បន្ថយ ឬលុបចោលពន្ធនាំចូលរថយន្តពីអាមេរិក។ សកម្មភាពខាងលើនេះ ជាសញ្ញវិជ្ជមានដល់ទំនាក់ទំនងពាណិជ្ជកម្ម រវាងអាមេរិក-ចិន។

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ចិន បានយល់ព្រមកាត់បន្ថយពន្ធ ឬលុបចោលពន្ធនាំចូលទាំងស្រុង ដល់ប្រភេទរថយន្តរបស់អាមេរិក នាំចូលទៅកាន់ប្រទេសចិន។ បច្ចុប្បន្ន កម្រិតពន្ធដែលចិន កំណត់លើរថយន្តអាមេរិក មានរហូតដល់៤០ភាគរយ។

ការប្រកាសខាងលើរបស់ប្រធានាធិបតីអាមេរិក កើតឡើងក្រោយពេលដែលមេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានជួបពិភាក្សាគ្នា និងបរិភោគអាហាររួមគ្នា ក្រោយកិច្ចប្រជុំ G20 នៅអាហ្សង់ទីន។ មេដឹកនាំទាំងពីរ ក៏បានព្រមព្រៀងមិនដំឡើងពន្ធថ្មីបន្ថែមទៀត ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។ ចំណែកកិច្ចពិភាក្សាស្តីពីពាណិជ្ជកម្ម នៅតែបន្តធ្វើឡើង។

សេតវិមាន និងរដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រមព្រៀងលើបញ្ហាពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ ដោយក្នុងនោះចិន នឹងបន្តទិញផលិតផលកសិកម្ម ថាមពល ឧស្សាហកម្ម ដែលដើរតួយ៉ាងសំខាន់ ដើម្បីធ្វើឲ្យមានតម្លាភាពពាណិជ្ជកម្មជាមួយអាមេរិក៕