ចុះពីយន្តហោះភ្លាម! លោក យស បូវណ្ណៈ ដាក់មួយឃ្លាដល់រលកក្រោយ កុំឲ្យមានជំងឺតួឯក!

02-12-2018 5:02pm

ភ្នំពេញៈ អតីតតារាភាពយន្តល្បីឈ្មោះក្នុងទស្សវត្សរ៍ទី៩០ លោក យស បូវណ្ណៈ បានត្រឡប់មកកាន់កម្ពុជា សាជាថ្មី ដើម្បីមកថតរឿងដុំមួយជូនផលិតកម្មមហាហង្ស គឺរឿង «លោកឪពុក»។ លោកបានបង្ហាញក្តីរីករាយពន់ពេក ដែលអាចបង្ហាញស្នាដៃជូនទស្សនិកជនជាថ្មី ប៉ុន្តែគ្រាន់តែចុះពីលើយន្តហោះភ្លាម លោក យស បូវណ្ណៈ បានដាក់មួយមាត់ឲ្យតួសម្តែងរលកក្រោយ ត្រូវចេះរួមគ្នា ហើយកុំកើតជំងឺតួឯក មិនមានអ្វីប្រសើរឡើង។

នាឱកាសមកដល់កម្ពុជា សាជាថ្មី ត្រូវបានការរៀបចំពីផលិតកម្មមហាហង្ស ដោយបានចាត់ចែងកម្មវិធីយ៉ាងឱឡារិកកក់ក្តៅជូនលោក បូវណ្ណៈ។ គេឃើញមានរៀបចំពិធីជប់លៀងអាហារថ្ងៃត្រង់មុននេះ ជាមួយការជួបជុំអ្នកសិល្បៈថ្មីចាស់យ៉ាងច្រើន រួមមានអ្នកនាង ចន ច័ន្ទលក្ខិណា អ្នកស្រី ចាន់ តារាទី លោក អិន សុភិន អ្នកនាង ភិន សុដាលីស លោក ភឹម តារាវិបុល ភីយ៉ា អូន ឧស្សាហ៍ យុទ្ធ ឋានៈ លីលី ព្រមទាំងតារាមួយចំនួនទៀត។

លោក យស បូវណ្ណៈ ប្រាប់ថា រឿង «លោកឪពុក» គឺជាសាច់រឿងប្រកបដោយការដាក់អារម្មណ៍ខ្ពស់មានការសម្តែងខ្លាំង ដែលនិយាយពីសង្គមកម្ពុជា។ អ្វីដែលលោកសប្បាយចិត្ត បានសម្តែងជាមួយតួថ្មីចាស់ ពិសេសជាមួយអ្នកនាង ចាន់ តារាទី និងអរគុណដល់ផលិតកម្មមហាហង្ស ដែលបានគាស់កកាយតួចាស់ៗជំនាន់មុនមកសម្តែង។

លោកថា យើងជាសិល្បៈករ ត្រូវរួមគ្នា ចេះស្រឡាញ់ កុំគិតរលមុនរលកក្រោយ។ យើងចាត់ទុករលមុនជាគ្រូជាផ្លូវត្រួសត្រាយ ហើយរៀនសូត្របន្តកុំគិតតម្កើងខ្លួន ឬមានជំងឺតួឯក។ ប្អូនៗសំណាងណាស់ ដែលបានថតជាមួយប្រភេទកាម៉ារ៉ាទំនើបៗ ប្រទេសជាតិជឿលឿន ខណៈសម័យបងៗវិញ គឺកម្សត់ណាស់។

ចាកចេញពីទឹកដីកំណើតជាង១០ឆ្នាំ ទៅរស់នៅសហរដ្ឋអាមេរិក លោក យស បូវណ្ណៈ នៅតែបន្តរក្សាទំនាក់ទំនងជាមួយអ្នកសិល្បៈ និងផលិតករដដែល បើទោះបីជាលោកបានផ្អាកទទួលយកការងារសិល្បៈក៏ដោយ។ លោកតែងបង្ហាញវត្តមានជាញឹកញាប់ក្នុងកម្មវិធីជួបជុំរបស់អ្នកសិល្បៈ ពិសេសកម្មវិធីដែលមានវត្តមានសិល្បករពីកម្ពុជា ទៅច្រៀងរាំជូនជនជាតិខ្មែរស្តាប់ និងរាំលេងកម្សាន្តនោះ។

លោកធ្លាប់ចូលរួមសម្តែងរឿងល្បីមួយចំនួនក្នុងសម័យកាលនោះ មានដូចជារឿង “បិទភ្នែកហែកទ្រូង” (សម្ដែងជាមួយអ្នកនាង អម្ពរ ទេវី) រឿង “ព្រាននារីអស់លក្ខណ៍” (សម្ដែងជាមួយអ្នកនាង អ៊ុ សុវណ្ណនី), រឿង “ទាសីស្នេហ៍” (សម្តែងរួមជាមួយអ្នកនាង ចាន់ តារាទី) និងក្រោយៗមកទៀត ជាមួយអ្នកនាង សុខ ស្រីមុំ, កែវ កល្យាណ និងតារាៗល្បីៗជាច្រើនទៀត។ ភាពយន្តដែលធ្វើឲ្យទស្សនិកជនចងចាំលោកមិនភ្លេចនោះ គឺរឿង ”ព្រានព្រៃដំរីដេញ” ដែលបានចាប់ដៃគូសម្ដែងជាមួយនឹងលោកស្រី កែវ កល្យាណ៕