សូម្បីឧកញ៉ា ហង្ស ស៊ីផា ទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏រកស៊ីរថយន្តអត់ពន្ធដែរ

02-12-2018 3:47pm

បន្ទាយមានជ័យៈ ក្រោយពីមើលឃើញពីការរកស៊ីរថយន្តចង្កូតស្តាំអត់ពន្ធយ៉ាងកក្រើក និងកាក់កបពីសំណាក់កក្រុមឈ្មួញ និងសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យ ឧកញ៉ា​ល្បីឈ្មោះម្នាក់ ដែលមានងារជាទីប្រឹក្សារបស់មន្ត្រីជាន់រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវគេដឹងថា ជាឈ្មួញដ៏ធំក្នុងរបរនេះដែរ ក្រោយពីមន្ត្រីគយចល័តក្រសួង ចូលចាប់រថយន្តស៊េរីទំនើបចង្កូតស្តាំពីរគ្រឿង ដល់ក្នុងភូមិគ្រិះ។

មន្ត្រី​គយក្រសួង ចូលចាប់រថយន្តទំនើប២គ្រឿង របស់ឧកញ៉ា ហង្ស ស៊ីផា កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិគ្រឹះលោកឧកញ៉ាផ្ទាល់តែម្ដង ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ប្រភពច្បាស់ការណ៍ ប្រាប់ឲ្យដឹងថា​ឧកញ៉ាល្បីឈ្មោះ ​ដែលជាឈ្មួញធំក្នុងជំនួញរថយន្តចង្កូតស្តាំ គឺឧកញ៉ា ហង្ស ស៊ី​ផា ជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ប្រភពបញ្ជាក់ថា រថយន្តទំនើប២គ្រឿង ប្រភេទរថយន្តទេសចរណ៍ ពណ៌ស សុទ្ធតែមានតម្លៃជាង១០ម៉ឺនដុល្លារ ក្នុងមួយគ្រឿង​។ រថយន្តទាំងពីរគ្រឿង ដែលមន្ត្រីគយចល័តក្រសួង ចាប់រឹបអូសយកទៅក្សាទុក រួមមាន ១-ម៉ាក តូយ៉ូតាអាល់ហ្វារ៉ូ (Toyota Alpharo) និង២-ម៉ាក តូយ៉ូតា វែល ហ្វាយអឺ (Toyota Vell Fire)។

លោក​ សុទ្ធា វ៉ាន់ណារី​ មន្ត្រីគយចល័តតំបន់៥ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រចាំខេត្តបន្ទាយមានជ័យ ប្រាប់នៅព្រឹកថ្ងៃទី២ ខែធ្នូនេះថា រថយន្តស៊េរីទំនើបផលិតឆ្នាំ២០១៦ ទាំង២គ្រឿង ជារបស់លោកឧកញ៉ា ហង្ស ស៊ីផា ដែលត្រូវរឹបអូសយកមករក្សាទុកចោលនេះ ​គឺគយមិនមានគោលការណ៍ឲ្យបង់ពន្ធឡើយ៕