អំណាច និងបុណ្យស័ក្ដិ! លោក ទៀវ ម៉ារឌី មេបញ្ជាការរងប៉េអឹមខេត្តកណ្ដាល បើករថយន្តកៀររ៉ឺម៉កសោះ បែរជាទាររ៉ឺម៉ក១០០ដុល្លារទៅវិញ

01-12-2018 10:43am

កណ្ដាលៈ ហេតុតែខ្លួនជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាអ្នកមានទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភផងនោះ ពេលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយយកអំណាចមកគាប់សង្កត់អ្នកក្រីក្ររត់រ៉ឺម៉ក យកប្រាក់យ៉ាងចាស់ដៃ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចស្តុបវត្តក្រពើហារ ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចក្រុងតាខ្មៅ បានឲ្យដឹងថា ភាគីខាងរ៉ឺម៉កដឹកដែកសម្រាប់សង់រោងការ​ ឬបុណ្យ មានឈ្មោះ ជួន ចាន់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកបរពីត្បូងទៅជើង រីឯភាគីខាងរថយន្តវិញ គឺលោកវរៈសេនីយ៍ ទៀវ ម៉ារឌី មេបញ្ជាការ​រងកងរាជអាវុធហត្ថខេត្តកណ្ដាល (ទទួលការងារសម្ភារៈបច្ចេកទេស) បើករថយន្តម៉ាកទ្រីតុន (TRITON) ពណ៌ស ពាក់ស្លាកលេខរដ្ឋ 6 2-7168 បើកបទពីលិចទៅត្បូង ដោយមិនបានប្រយ័ត្នក៏ប៉ះរ៉ឺម៉កតែម្ដង។

សាក្សីនៅដែលដឹងហេតុការណ៍ បានរៀបរាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកយ៉ាងលឿន រួចក៏បទត្រង់ចំណុចផ្លូវបំបែកជាបួន ស្របពេលរ៉ឺម៉កបើកបរផ្លូវត្រង់ក៏កៀរប៉ះចំជញ្ជះរថយន្តតែម្តងទៅ។ ក្រោយពេលមន្ត្រីប៉ូលិសជំនាញបានធ្វើការវាស់វែងរួច ភាគីទាំងសងខាងបានទៅសម្រួលបញ្ចាប់ កុំឲ្យវែងឆ្ងាយក្នុងតម្លៃ១០០ដុល្លារ​ នៅអធិការក្រុងតាខ្មៅដើម្បីបញ្ចប់រឿង។

ម្ចាស់រ៉ឺម៉កឈ្មោះ ជួន ចាន់ ប្រាប់ឲ្យអ្នកយកព័ត៌មានយើងដឹងថា ខ្លួនបើកបរផ្លូវត្រង់ គឺមិនខុសច្បាប់ចរាចរណ៍ទេ ព្រោះភ្លើងស្តុបខៀវ តែដោយសារតែមានការគំរាមបន្តិចបន្ទួចផងនោះ ខ្ញុំខ្ជិលវែងឆ្ងាយខាតពេលរកស៊ី ក៏សុខចិត្តចេញសងអស់ប្រាក់៥០០ដុល្លារ​ ព្រោះគេជាអ្នកធំ មានបុណ្យស័ក្កិ មានទ្រព្យធំ និងអំណាចពេញដៃ​ នៅខេត្តកណ្ដាល។

មជ្ឈដ្ឋានសាធារណៈបានលាន់មាត់ថា រថយន្តបើកបរនោះខុសទាំងស្រុង ហើយបត់ទៀត បែរជាភាគីខាងរ៉ឺម៉ក សម្រេចចិត្តចេញសងការខូចខាត ទៅលើភាគីរថយន្តដោយសារខ្លាចនូវ អំណាចបុណ្យស័ក្កិគេធំ៕