នារីបម្រើផ្លូវភេទម្ដុំវត្តភ្នំ ធ្វើស៊ីភ្ញៀវ យកទូរស័ព្ទ និងលុយមួយចំនួន ហើយគេចខ្លួន តែប៉ូលិសក្រសោបបាន៣នាក់

27-11-2018 10:24am

ភ្នំពេញៈ ស្ទើរតែរាល់ដងហើយ ល្បិចបែបនេះ! យុវជន៣នាក់​ ត្រូវនារីបម្រើផ្លូវភេទយកទូរស័ព្ទនិងលុយ៤០ដុល្លារ ​បានសម្រេច តែចៃដន្យរត់ទៅណាមិនរួច​ ព្រោះម្ចាស់ជិះម៉ូតូដេញតាមពីក្រោយ​ រហូតដល់ផ្លូវ៧០​ ម្ដុំផ្លូវរថភ្លើង​ ផ្អើលទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ទាំងយប់តែម្ដង។

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅម្ដុំផ្ទះសំណាក់បឹងកក់វិហារឥស្លាម ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីជនរងគ្រោះ​ បានរៀបរាប់ប្រាប់ភ្នាក់ងារ​ ខេមប៉ុស្តិ៍​ ឲ្យ​ដឹងថា​ ដំបូងឡើយ​មុនពេលកើតហេតុ​ ពួកគាត់មានគ្នា៣នាក់​ បានទៅរកនារីបម្រើសេវាផ្លូវភេទនៅម្ដុំវត្តភ្នំ​ ហើយក៏ជួបនារីម្នាក់​ ក៏យកនារីបម្រើសេវាផ្លូវភេទនោះ​ ទៅផ្ទះសំណាក់មួយកន្លែង​ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ ពេលទៅដល់ផ្ទះសំណាក់ នារីនោះបានប្រាប់ថា​ ខ្ញុំមានគ្នាខ្ញុំម្នាក់ទៀត​ បើគ្នាបងឯងត្រូវការខ្ញុំ Call ហៅឲ្យមកដល់ផ្ទះសំណាក់ក៏បាន ហើយយុវជននោះ ក៏យល់ព្រម​ រួចក៏ប្រគល់ទូរស័ព្ទម៉ាក​ iPhon​e 6​ ឱ្យទៅនារីនោះ Call ហៅ​ នារីម្នាក់ទៀត​ មួយសន្ទុះក្រោយមក នារីម្នាក់ទៀតនោះបានមកដល់ តែបែរជាមិនឃើញនារី ដែលខ្ចីទូរស័ព្ទនោះ ទើបមានការសង្ស័យ ជនរងគ្រោះ ​ក៏បានអើតរកមើល ឃើញនាងកំពុងរត់គេចចេញពីផ្ទះសំណាក់​ ទាំង​ប្រញាប់ប្រញាល់​ ដោយយកទូរស័ព្ទ និងលុយ៤០ដុល្លារ ទៅជាមួយផងដែរ តែត្រូវជនរងគ្រោះជិះម៉ូតូចេញមកដេញតាមពីក្រោយ​ដែរ រហូតដល់ផ្លូវ៧០​ ម្ដុំផ្លូវរថភ្លើង​ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ​១​ ខណ្ឌឫស្សីកែវ។

ស្របពេលដែលភាគីទាំងពី​រ កំពុងតែប្រកែងគ្នា​ កម្លាំងសមត្ថកិច្ចល្បាតរបស់ប៉ុស្តិ៍ទួលសង្កែ បានមកឃើញទាន់ ហើយសាកសួរ និងបានឃាត់ខ្លួនភ្លាមៗ​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្ដាលយប់។

ជនសង្ស័យទី​១.ឈ្មោះ ជា សំអាត ហៅ ស្រីលក្ខ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ីបម្រើផ្លូវភេទ ទីលំនៅមិនពិតប្រាកដ។ ២.ឈ្មោះ ចាន់ សំអេន ហៅខ្មៅ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ីបម្រើផ្លូវភេទ ទីលំនៅផ្ទះជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ៣.ឈ្មោះ ហាន ស៊ីណា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូមួយគ្រឿងម៉ាក HONDA WAVE ពណ៌ក្រហម បិតស្កុតពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1B-1486 (ជារបស់ជនសង្ស័យឈ្មោះ ហាន ស៊ីណា) និងទូរស័ព្ទ២គ្រឿងមួយគ្រឿងម៉ាក HANA ពណ៌ស (ជារបស់ជនសង្ស័យឈ្មោះ ជា សំអាត) មួយគ្រឿងទៀតម៉ាក SAMSYNG ពណ៌ខ្មៅ គ្មានថ្ម និងសំបកពីក្រោយ(ជារបស់ជនសង្ស័យឈ្មោះ ចាន់ សំអេន)។

ជនរងគ្រោះឈ្មោះ ង៉ោល ឌុន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅក្នុងអង្គភាពកងលេខ២  ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។

សម្ភារៈបាត់បង់ ៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាក IPHONE6 ពណ៌ទឹកមាស។

ក្រោយកម្លាំងល្បាតរបស់ប៉ុស្តិ៍ទួលសង្កែសួរនាំរួច​ហើយ ក៏បានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចក​ ដើម្បីនាំខ្លួនជនសង្ស័យទាំង៣នាក់ និងជនរងគ្រោះ​ទៅដាក់ពាក់បណ្ដឹងនៅប៉ុស្តិ៍នគបាលស្រះចកវិញ​ ព្រោះដំបូងឡើយហេតុការណ៍នេះកើតហេតុនៅក្នុងសង្កាត់ស្រះចក ​ដើម្បីកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕