សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ៖ ទីក្រុងប៉េកាំង អនុវត្តយុទ្ធសាស្ត្រថ្មី

27-11-2018 9:47am

ចិនៈ ទីក្រុងប៉េកាំង បានសម្រេចអនុវត្តនូវយុទ្ធសាស្ត្រថ្មី នៅក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ក្នុងពេលដែលកំពុងតែមានភាពតានតឹងខ្លាំងឡើងៗ។ យុទ្ធសាស្ត្រថ្មីនោះ គឺទាំងចិន និងអឺរ៉ុប ហាក់ចាប់ផ្ដើមងាកមុខរកគ្នា ចាប់ដៃគ្នាកាន់តែស្អិតជាងមុន លែងខ្វល់ពីអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អឺរ៉ុប។

កិច្ចប្រជុំ «China Meets Europe» ជំនួបពិភាក្សាចិន - អឺរ៉ុប) នឹងត្រូវធ្វើឡើងនៅទីក្រុង Hamberg នាថ្ងៃទី២៩ ខែវិច្ឆិកាដ៏ឆាប់ខាងមុខ ដើម្បីពីភាក្សាទៅលើបញ្ហាសំខាន់ ក្នុងទំនាក់ទំនងចិន និងអឺរ៉ុប។ ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Die Welt នៅមុនកិច្ចប្រជុំទីក្រុង Hamburg អគ្គរដ្ឋទូតចិន ប្រចាំនៅអាល្លឺម៉ង លោក Shi Mingde បានសរសើរដល់ទំនាក់ទំនងកាន់តែជិតស្និតរវាងទីក្រុងប៉េកាំង និងទីក្រុងប៊ែកឡាំង។ លោកថា អាល្លឺម៉ង់ នៅតែជាដៃគូធំបំផុតរបស់ចិន នៅអឺរ៉ុប។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik លោក Vladislav Belov អ្នកឯកទេសទទួលបន្ទុកអឺរ៉ុប មកពីប្រទេសរុស្ស៊ី បានបញ្ជាក់ថា «បណ្តាក្រុមហ៊ុនអឺរ៉ុប មានការពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការជាមួយចិន បើទោះបីគ្រប់យ៉ាងមិនម៉ែនជារឿងងាយស្រួលក្តី»

លោក Belov បញ្ជាក់ថា «ជាការពិតណាស សង្គ្រាមពាណិជ្ជកម្មអាមេរិក -ចិន គឺជាចំណុចល្អ ដើម្បីឲ្យចិន និងអឺរ៉ុប បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង។ ប៉ុន្តែភាគីនិមួយៗ មានចក្ខុវិស័យ យុទ្ធសាស្ត្រផ្សេងៗគ្នា ទៅលើដៃគូរបស់ខ្លួន។ នៅថ្ងៃអនាគត ប្រសិនបើរសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន កាន់តែតានតឹងជាងនេះ នឹងធ្វើឲ្យទំនាក់ទំនងអឺរ៉ុប-ចិន កើនឡើងលើគ្រប់វិស័យ»

ចំពោះបណ្តាក្រុមហ៊ុននៅអឺរ៉ុប បានប្តេជ្ញាអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិន ប៉ុន្តែមានសភាពយឺតយ៉ាវ។ លោកXu Feibiao អ្នកឯកទេសពាណិជ្ជកម្មអន្តរជាតិ មកពីមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិន បានគូសបញ្ជាក់ថា «អឺរ៉ុប នឹងចិន បានទទួលនូវសម្ពាធយ៉ាងខ្លាំងពីអាមេរិក ដូចគ្នា»។ ចំណុចដែលលោក Xu Feibiao ចង់លើកឡើងនោះ គឺទីក្រុងប៉េកាំង និងអឺរ៉ុប ចាំបាច់ត្រូវតែបង្កើតដៃគូពិតប្រាកដនៅក្នុងពាណិជ្ជកម្ម។

លោក Xu បានបញ្ជាក់ទៀតថា «សហគមន៍អឺរ៉ុប មានកម្លាំងសេដ្ឋកិច្ចគ្រប់គ្រាន់ ហើយអឺរ៉ុប មិនត្រូវការអាមេរិក ជួយនៅក្នុងវិស័យសេដ្ឋកិច្ចឡើយ»។ អ្នកឯកទេសចិន បានបញ្ជាក់ថា បញ្ហា គឺស្ថិតនៅលើផលប្រយោជន៍ ផលលាភ ដែលជាចំណុចជួយឲ្យអឺរ៉ុប សម្រេចជ្រើសរើសដៃគូពាណិជ្ជកម្មរបស់ខ្លួន។ អឺរ៉ុប តែងតែស្វែងរកផលប្រយោជន៍របស់ខ្លួន នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងអឺរ៉ុប និងចិន មានទំហំធំជាងពាណិជ្ជកម្ម រវាងអឺរ៉ុប និងអាមេរិក។ នោះហើយជាហេតុផល ដែលចិន និងអឺរ៉ុប ត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច៕