(ខ្សឹប) លោក ណុប សំអាន មេគយច្រកទំនប់រលក សម្ងំស៊ីយ៉ាងត្រជាក់ល្ហឹមហ្មង!

26-11-2018 12:18pm

ភ្នំពេញៈ មន្ត្រីធំៗជាច្រើន ក៏ដូចជាក្រុមឈ្មួញរកស៊ីសុច្ចរិត បានខ្សឹបប្រាប់មកនាយ ក្តាមប្រៃ ឲ្យដឹងថា លោក ណុប សំអាន មេគយ និងរដ្ឋាករ នៃច្រកទ្វារអន្តរជាតិកំពង់ផែទំនប់រលក បានឲ្យគ្នាជាមន្ត្រីថ្នាក់ក្រោម ដែលជាបក្ខពួកជិតស្និទ្ធនឹងខ្លួន លួចបង្កើតការិយាធិបតេយ្យ ដោយឃុបឃិតជាមួយឈ្មួញធំៗ ឲ្យនាំទំនិញគេចពន្ធចូលយ៉ាងគំហុក តាមកំពង់ផែទំនប់រលក ធ្វើការរបៀបកន្ទេលធំបន្លំដេក សម្ងំស៊ីយ៉ាងត្រជាក់ល្ហឹមហ្មង ពីឈ្មួញបង់ពន្ធមិនគ្រប់ ដែលធ្វើឲ្យលោកមេគយរូបនេះ ក្លាយខ្លួនទៅជាមហាសេដ្ឋីប្រាក់វាល់លានទៅហើយ។

ប្រភពខាងលើ បានខ្សឹបមកប្រាប់នាយ ក្តាមប្រៃ ឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ពោល គឺពេលបុណ្យអុំទូកកន្លងទៅនេះ លោក ណុប សំអាន មេគយច្រកកំពង់ផែទំនប់រលករូបនេះ បានឃុបឃិតជាមួយមេឈ្មួញធំៗជាច្រើន ឲ្យនាំចូលទំនិញគេពន្ធយ៉ាងគំហុកតែម្តង ដែលជាឱកាសលុយកាក់យ៉ាងធំមហិមាររបស់លោកមេគយរូបនេះ ជាមួយមេឈ្មួញធំៗ ដោយគេយកលេសថា យកលុយជួយទៅថ្នាក់លើ ដើម្បីជួយក្នុងពិធីបុណ្យអុំទូក និងជួយឧបត្ថម្ភដល់ក្រុមកីឡាករអុំទូកនោះ តែធាតុពិតលុយទាំងនោះ ចូលហោរប៉ៅបុគ្គលមេគយរូបនេះ និងបក្ខពួកគាត់តែប៉ុណ្ណោះ។

ប្រភពនៅបានខ្សឹបប្រាប់ឲ្យនាយ ក្តាមប្រៃ បានដឹងបន្តទៀតថា ក្រុមឈ្មួញដឹកទំនិញតាមទូក តាមរថយន្ត បានក្លាយទៅជាផ្ទាំងស៊ីបរបស់លោក ណុប សំអាន ដោយបានកៀបជំរិតបង្ខំឲ្យបង់ថវិកាក្រៅវិក្កយបត្រ នៃចំណូលពន្ធរដ្ឋ ប្រយោជន៍បុគ្គលប្រព្រឹត្តអំពើពុករលួយ ក្នុងចេតនាទុច្ចរិតបំបាត់ចំណូលពន្ធរបស់រដ្ឋ ដែលផ្ទុយពីតួនាទីខ្លួន ក្នុងការទប់ស្កាត់ទំនិញគេចពន្ធ បង្ក្រាប សហការជាមួយស្ថាប័នប្រមូលពន្ធជូនរដ្ឋ។ តែបែរជាមេគយរូបនេះ ក្លាយជាតួអង្គទាញយកប្រភពសេដ្ឋកិច្ចលុយក្រោមតុ និងបង្កើតការិយាធិបតេយ្យឲ្យទំនិញគេចពន្ធហូរចូលយ៉ាងគំហុកតាមកំពង់ផែនេះ ក្លាយខ្លួនជាសេដ្ឋីប្រាក់វាល់លានដុល្លារ។

ប្រភពបានខ្សឹបប្រាប់មកនាយ ក្តាមប្រៃ ឲ្យដឹងទៀតថា កន្លងមក ក៏ដូចបច្ចុប្បន្ន កំពង់ផែទំនប់រលក ទំនិញជាច្រើនប្រភេទដែលភាគច្រើនគេចពន្ធ បន្ទាប់ពីសមត្ថកិច្ច និងខាងស្ថាប័នគយរបស់លោក ណុប សំអាន ជាអ្នកបើកភ្លើងខៀវឲ្យក្រុមឈ្មួញដែលស្និតនឹងខ្លួន ក្នុងនោះមានប្រភេទទំនិញស្ករស ចាប់ហួយ ស្រាបៀរ កង់រថយន្ត ដែក ស៊ីម៉ងត៍ ។ល។ ក្នុងនោះប្រភពនៅបានបញ្ជាក់ឲ្យនាយ ក្តាមប្រៃ ដឹងបន្ថែមថា ក្រុមឈ្មួញដែលមានឱកាសប្រើប្រាស់រថយន្តប្រភេទយីឌុបជាលក្ខណៈរថយន្តខ្សែ ដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែងប្រភេទទំនិញជាដើម ដោយដឹកចេញពីកំពង់ផែទំនប់រលកបាន មានដូចជាក្រុមហ៊ុនដែលមានឈ្មួញឈ្មោះ -គាធី -ចៃរ៉ា -ចែវី -ណុប -កូ -សុខុម -ហួត និងមានឈ្មួញជាច្រើនទៀត ដែលជាសែទុយោក្រាស់ៗ និងមានខ្នងបង្អែកជាមេកម្លាំងប្រដាប់អាវុធជាដើម។ល។

ប្រភពបានទម្លាយឲ្យនាយ ក្តាមប្រៃ ដឹងទៀតថា លោក ណុប សំអាន បានឲ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាល នៅរាល់ទំនិញដែលដឹកតាមទូកចូលមកកំពង់ផែទំនប់រលក ភាគច្រើនជាទំនិញគេចពន្ធតែម្តង ដោយលោក ណុប សំអាន បានឲ្យកូនចៅរកលុយ ដោយការគាបសង្កត់ពីឈ្មួញតាមវិធី ទី១-យកលុយពីម្ចាស់ទំនិញនៅលើទូក ដែលដឹកពីប្រទេសថៃ។ ២-យកលុយពីម្ចាស់ទទួលចាំទិញទំនិញ។ ៣-យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើ ឲ្យបង់ជាក្បាលរថយន្ត ដោយក្នុងមួយរថយន្តពី៣០០ ទៅដល់៥០០ដុល្លារ។ លើកលែងតែខាងរថយន្តដឹកស្ករស ដែលយកតម្លៃទាប ខណៈឈ្មួញបង់ពន្ធគ្រប់ចំនួន។

មន្ត្រីបានទម្លាយឲ្យនាយ ក្តាមប្រៃ បានដឹងទៀតថា បើទោះជាមានករណីទំនិញខ្លះបង់ពន្ធតាមឯកសារប្រតិវេទន៍គយក៍ដោយ ក៏លោក ណុប សំអាន បង្កើតឲ្យមានការិយាធិបតេយ្យបង់លុយក្រោមតុដែរ ពោល គឺក្នុងមួយឯកសារយ៉ាងតិចចាប់ពី៧០ដុល្លារ ឬជាង១០០ដុល្លារ ចាត់ចែងទៅមន្ត្រីគយថ្នាក់ក្រោម។

ប្រភពបានខ្សឹបឲ្យដឹងទៀតថា ក្នុងមួយយប់ៗ រថយន្តដឹកទំនិញចេញពីកំពង់ផែទំនប់រលក ដូចហែកឋិន ហើយលោក ណុប សំអាន ក៏ទទួលបាននូវប្រភពសេដ្ឋកិច្ចពីចំណូលឲ្យឈ្មួញបង់លុយបង់ក្បាលរថយន្ត និងចំណូលផ្សេងទៀត បានមកពីឈ្មួញបង់ប្រចាំខែ ក្នុងមួយករណីរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ។

ប្រភពបានបង្ហើបប្រាប់មកនាយ ក្តាមប្រៃ ឲ្យដឹងថា នៅតំបន់កំពង់ផែទំនប់រលកនេះ ឈ្មួញធំៗជាច្រើនតែងតែកោតខ្លាចលោកមេគយ ណុប សំអាន នេះយ៉ាងខ្លាំង ដោយសារតែគាត់តែងតែយកឈ្មោះលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទៅគំរាមគំហែងក្រុមឈ្មួញឲ្យខ្លបខ្លាច។ ហើយគេមិនដឹងថា លោកមេគយច្រកកំពង់ផែទំនប់រលករូបនេះ បានដាក់សំណែនអ្វីខ្លះក្នុងមួយខែៗ ជូនលោកបណ្ឌិត គុណ ញឹម នោះទេ បានជាគាត់ហ៊ានយកឈ្មោះមេកើយខ្លួនមកគំរាមដល់ក្រុមឈ្មួញឲ្យខ្លាចខ្លួនបែបនេះ? ឫមួយលោកមេគយច្រកកំពង់ផែទំនប់រលករូបនេះ ធ្វើបែបនេះ ដើម្បីអំណាច និងសេដ្ឋកិច្ចក្រោមតុ ចូលហោប៉ៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ?។

រឿងរ៉ាវនេះ នាយក្តាមប្រៃ មិនធ្វើការវែកញ៉ែកខុសត្រូវអ្វីទេ ទុកនាទីជូនអង្គភាពប្រឆាំងអំពើពុករលួយ និងលោកបណ្ឌិត គុណ ញឹម អគ្គនាយគយ និងរដ្ឋាករ ធ្វើការតាមសមត្ថកិច្ចខ្លួនចុះ។ តែបើលោក ណុប សំអាន មេគយច្រកទំនប់រលក មានអ្វីបកស្រាយយ៉ាងណានោះ នាយក្តាមប្រៃ រង់ចាំបកស្រាយជូនដោយក្តីរីករាយ៕