ប៉ូលិសអាំងទែរប៉ូល មានប្រធានថ្មី សមតាមបំណងអាមេរិក ធ្វើឲ្យរុស្ស៊ី ចុកឈាម

22-11-2018 10:30am

អាមេរិកៈ កាលពីថ្ងៃទី២១ ខែវិច្ឆិកា បណ្តាញព័ត៌មាន CNN បានផ្សាយថា ប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol)​បានបោះឈ្មោះជ្រើសរើសលោក Kim Jong Yang ជនជាតិកូរ៉េខាងត្បូង ធ្វើជាប្រធាន។ តំណែងប្រធានថ្មីនេះ សមតាមបំណងអាមេរិក ដែលមានបំណងចង់ប្រើប្រាស់ស្ថាប័នប៉ូលិសអន្តរជាតិមួយនេះ។

ការបោះឆ្នោតជ្រើសរើស ត្រូវបានធ្វើឡើងនៅក្នុងមហាសន្និបាទអាំងទែរប៉ូល លើកទី៨៧ នៅទីក្រុងឌូប៊ៃ ប្រទេសអារ៉ាបរួម។ លោក គីម ជុងយ៉ាង នឹងត្រូវកាន់តំណែងជាប្រធាន ក្នុងរយៈពេល២ឆ្នាំ ជាពេលវេលាក្នុងអាណត្តិចាស់ បន្សល់ទុកមក គឺដល់ឆ្នាំ២០២០ ទើបបញ្ចប់អាណត្តិ។ ប្រធានអាំងទែរប៉ូល គឺកាន់តំណែងក្នុងរយៈពេលមួយអាណត្តិ៤ឆ្នាំ លោក គីម ជុងយ៉ាង ត្រូវទទួលតំណែងប្រធានអាំងទែរប៉ូល ក្រោយពេលអតីតប្រធាន ដែលជាជនជាតិចិន ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង ហើយបញ្ចូនទៅកាន់ប្រទេសចិន កាលពីខែកញ្ញាកន្លងមក ដោយជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសប្រធានប៉ូលិសអាំងទែរប៉ូល កន្លងមក រុស្ស៊ី បានចោទប្រកាន់អាមេរិក ថា បានរារាំងរុស្ស៊ី កាន់តំណែងសំខាន់មួយនេះ។ អាមេរិក ចង់ឲ្យប្រទេសជាសម្ព័ន្ធកាន់តំណែង ងាយស្រួលនៅក្នុងការប្រើប្រាស់។

ជ័យជម្នះរបស់លោក គីម ជុងយ៉ាង បង្កឲ្យមានការភ្ញាក់ផ្អើល ដោយពេលដំបូងមានប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានលើកឡើងថា លោក Alexander Prokopchuk ជនជាតិរុស្ស៊ី នឹងកាន់តំណែងនេះ ព្រោះកន្លងមក លោកបានកាន់បណ្តោះអាសន្ន។ លោក Alexander Prokopchuk ក៏ជាអនុប្រធានអាំងទែរប៉ូល១រូប ក្នុងចំណោម៤រូប។ នៅពេលនេះ អាមេរិក និងសម្ព័ន្ធមិត្ត បានយកឈ្នះទៅលើរុស្ស៊ី ដោយដណ្តើមបានតំណែងជាប្រធានអាំងទែរប៉ូល។

នៅក្នុងមហាសន្និបាតអាំងទែរប៉ូល លើកទី៨៧ ក្នុងទីក្រុងឌូបៃ មានមន្ត្រីប៉ូលិសជាង១០០០នាក់ មកពី១៩២ប្រទេស ចូលរួម៕