ភាគហ៊ុនក្រុមហ៊ុន Nissan ដាំក្បាលចុះ ក្រោយការចាប់ខ្លួនប្រធានក្រុមហ៊ុន លោក ខាឡុស ហ្គោសន៍

20-11-2018 4:30pm

ជប៉ុនៈ ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្ត Nissan បានធ្លាក់ចុះ៦ភាគរយ នៅក្នុងទីផ្សារពាណិជ្ជកម្មក្រុងតូក្យូ ប្រទេសជប៉ុន ក្រោយការចាប់ខ្លួនរបស់ប្រធានក្រុមហ៊ុន លោក ខាឡូស ហ្គោសន៍។

ក្រុមរដ្ឋអាជ្ញាជប៉ុន បានអះអាងថា លោក ខាឡូស រងការចោទប្រកាន់ពីការមិនបានរាយការណ៍លើប្រាក់ចំណូលរបស់លោកចំនួន៥ពាន់យ៉េន (ស្មើនឹង៤៤.៤លានដុល្លារ) ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។

គេបានចោទប្រកាន់ទៀតថា លោកបានប្រើប្រាស់អចលនទ្រព្យរបស់ក្រុមហ៊ុន ក្នុងគោលបំណងផ្ទាល់ខ្លួន។

កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក ហ្គោសន៍ បាននិយាយថា ការស៊ើបអង្កេតផ្ទៃក្នុង បង្កឡើងដោយសារតែអ្នកញុះញុងពូកែខាងផ្លុំត្រចៀក ដែលបានប្រកាសឲ្យដឹងពីទង្វើមិនប្រក្រតីរបស់លោក ហ្គោសន៍។

សូមបញ្ជាក់ថា Nissan គឺជាក្រុមហ៊ុនផលិតរថយន្តធំបំផុតទី៦ របស់ពិភពលោក ហើយរោងចក្ររបស់ពួកគេ នៅក្នុងទីក្រុង Sunderland គឺជារោងចក្រធំបំផុតនៅចក្រភពអង់គ្លេស ហើយលោក ហ្គោសន៍ បានដឹកនាំក្រុមហ៊ុនសម្ព័ន្ធមិត្តជប៉ុន-បារាំង Renault-Nissan-Mitsubishi ផងដែរ។

គេរំពឹងផងដែរថា លោក ហ្គោសន៍ នឹងត្រូវគេបណ្តេញចេញពីតំណែងប្រធានក្រុមហ៊ុន Nissan ក្រោយជំនួបគណៈក្រុមប្រឹក្សាភិបាលនៅថ្ងៃព្រហស្បត្តិ៍ខាងមុខនេះ។

ដោយឡែក គណៈក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Mitsubishi និងក្រុមហ៊ុន Renault នឹងជួបប្រជុំផងដែរ ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាលើអនាគតរបស់លោក ហ្គោសន៍៕