ចិន ប្រឈមនឹងការរីករាលឆ្លងនៃជំងឺផ្ដាសាយជ្រូកធ្ងន់ធ្ងរ ក្រោយចេញសេចក្ដីប្រកាសអាសន្ន

17-11-2018 6:41am

ចិនៈ ក្រុមអាជ្ញាធរចិន បានប្រកាសវិធានការថ្មីតឹងរឹងជាងមុន ដើម្បីបញ្ឈប់វិបត្តិជំងឺផ្តាសាយជ្រូកអាហ្វ្រិក ដែលកំពុងកើនឡើងលឿនបំផុតនៅក្នុងប្រទេសមួយនេះ និងបានរីករាលដាលដល់១៨ខែ ដែលនាំឲ្យមានការសម្លាប់ជ្រូកជាង២០ម៉ឺនក្បាល។

រយៈពេលប៉ុន្មានថ្ងៃ ក្រោយទទួលស្គាល់ថា ស្ថានភាពពិតជាធ្ងន់ធ្ងរនោះ ក្រសួងកសិកម្មចិន បានរាយការណ៍នៅថ្ងៃសុក្រនេះ ពីការរីករាលដាលដំបូងនៃជំងឺមួយនេះ នៅខេត្តភាគនិរតីស៊ីឈួន នៅក្នុងកសិដ្ឋានមួយកន្លែង ដែលមានចិញ្ចឹមជ្រូក៤០ក្បាល។

ព័ត៌មានមួយនេះ បានក្លាយជាក្តីកង្វល់ជាពិសេសសម្រាប់ក្រុមមន្រ្តី ខណៈដែលខេត្តស៊ីឈូន គឺជាតំបន់ផលិតសាច់ជ្រូកច្រើនជាងគេនៅក្នុងប្រទេសចិន គឺជាប្រទេសមួយដែលផលិតសាច់ជ្រូកពាក់កណ្តាលនៃសាច់ជ្រូកពិភពលោក ស្មើនឹង៥០០លានក្បាល នាពេលបច្ចុប្បន្ននេះ។

ថ្វីត្បិតតែជំងឺមួយនេះ មិនបង្កគ្រោះថ្នាក់ដោយផ្ទាល់ដល់សុខភាពមនុស្សយ៉ាងណាក្តី ក៏ការមកដល់ និងការរីករាលរបស់វានៅក្នុងប្រទេសចិន បានគំរាមកំហែងកាន់តែខ្លាំងដល់ឧស្សាហកម្មសាច់ជ្រូក និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការផ្គត់ផ្គង់ និងតម្លៃនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

នៅក្នុងឯកសារដ៏កម្រមួយ ដែលចេញផ្សាយរួមគ្នាកាលពីថ្ងៃពុធ ដោយក្រសួងកសិកម្ម ក្រសួងដឹកជញ្ជូន និងក្រសួងសន្តិសុខសាធារណៈ រដ្ឋាភិបាលចិន បានថ្កោលទោសមកលើរថយន្តគ្មានអនាម័យ ដែលដឹកជ្រូក និងសត្វចិញ្ចឹមជាច្រើនទៀត ចេញពីតំបន់ប្រឈមនឹងហានិភ័យខ្ពស់ សម្រាប់ការរីករាលដាល់ដ៏ឆាប់រហ័សនៃជំងឺផ្តាសាយជ្រូក ចាប់តាំងពីករណីលើកដំបូងបានកើតឡើងកាលពីខែសីហាកន្លងទៅ៕