កំណើនសេដ្ឋកិច្ចឆ្នាំ២០១៩ ត្រូវបានព្យាករណ៍ថា អាចបន្តសម្រេចបាន ក្នុងអត្រា៧,១%

16-11-2018 7:40am

ភ្នំពេញៈ កំណើនសេដ្ឋកិច្ចឆ្នាំ២០១៩ ត្រូវបានព្យាករណ៍ថា អាចបន្តសម្រេចបានក្នុងអត្រា៧,១%​ ដែលប្រហាក់ប្រហែលទៅនឹងឆ្នាំ២០១៨។

តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩ខាងមុខ អាចបន្តសម្រេចបាន ក្នុងអត្រា ៧,១% ដែលវាប្រហាក់ប្រហែលទៅនឹងឆ្នាំ២០១៨នេះដែរ ដែលធ្វើឲ្យផលិតផលក្នុង ស្រុកសរុប ឬ ផ.ស.ស កើនឡើងប្រមាណ ២៧ពាន់ ២២២ លានដុល្លារអាមេរិក ហើយ ផ.ស.ស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១៧០៦ ដុល្លារអាមេរិក ធៀប នឹង ១៥៦៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨នេះ ដោយកំណើននេះត្រូវបានទ្រទ្រង់ដោយ ទី១. វិស័យឧស្សាហកម្មដែលនៅតែបន្តនូវភាពរឹងមាំ ក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់ ១០,០% ដែលគាំទ្រដោយភាពរឹងមាំនៃវិស័យសំណង់ ការបន្តកំណើននៃវិស័យកាត់ដេរ ស្របគ្នានឹង សន្ទុះកំណើនខ្ពស់នៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ ទាំងសម្រាប់ការនាំចេញ និងបំរើ ទីផ្សារក្នុងស្រុក, ទី២.វិស័យសេវាកម្មនៅតែបន្តកំណើនប្រមាណ ៧,០% ដែលគាំទ្រដោយ កំណើននៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនខ្ពស់នៃ ចំនួនភ្ញៀវទេសចរអន្តរជាតិ ជាពិសេសមកពីតំបន់អាស៊ី ដោយសារការលើកទឹកចិត្តឲ្យមាន ការបើកជើងហោះហើរត្រង់កាន់តែច្រើន និងការដាក់ចេញនូវគោលនយោបាយនានា ក្នុងការ ទាក់ទាញភ្ញៀវទេសចរបន្ថែម និងទី៣.វិស័យកសិកម្មអាចសម្រេចបានកំណើនក្នុងរង្វង់ ១,៨% ដែលទ្រទ្រង់ដោយអនុវិស័យដំណាំ និងជលផល ដោយអនុវិស័យដំណាំត្រូវបានរំពឹងថានឹង មានកំណើនប្រហាក់ប្រហែលឆ្នាំមុនដោយសារភាពអំណោយផលនៃកត្តាអាកាសធាតុ ភាព ប្រសើរឡើងនៃប្រព័ន្ធធារាសាស្ត្រ និងការកើនឡើងនៃថ្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ព្រម ទាំងការកើនឡើងនៃដំណាំបំរើឲ្យការនាំចេញផ្សេងទៀតដូចជា កៅស៊ូ និងដេកជាដើម។

ដោយឡែកអនុវិស័យជលផលក៏ត្រូវបានរំពឹងថា នឹងមានកំណើនល្អប្រសើរផងដែរដែលត្រូវ បានជម្រុញដោយការបន្តកំណើនខ្ពស់នៃអនុវិស័យវារីវប្បកម្ម ស្របតាមនិន្នាការកើនឡើងនៃ ការវិនិយោគពីសំណាក់វិស័យឯកជន និងការចូលរួមពីដៃគូអភិវឌ្ឍន៍ ហើយចំពោះការចិញ្ចឹម សត្វវិញក៏ត្រូវបានព្យាករណ៍ថានឹងមានកំណើនល្អផងដែរ ដោយសារការបន្តកំណើននៃការ ចិញ្ចឹមគោ និងការចិញ្ចឹមមាន់តាមបែបធម្មជាតិក្នុងគោលដៅពាណិជ្ជកម្ម ព្រមទាំងកំណើន ផលិតកម្មជ្រូកដោយសារតែការងើបឡើងវិញនៃថ្លៃជ្រូករស់៕