(ខ្សឹប) អូ! លោក ឡេង សុខ មេរងគយប្រចាំច្រកអន្តរជាតិដូង ស្រុកកំរៀង ដល់ម្លឹងផង...

15-11-2018 12:05pm

ខ្សឹបៈ ក្រុមមន្ត្រីសមត្ថកិច្ច​នៃស្ថាប័នជាច្រើន ពិសេសក្រុមមន្ត្រីប៉ូលិសសេដ្ឋកិច្ច និងមន្ត្រីគយ នៅច្រកអន្តរជាតិដូង បានខ្សឹបមកប្រាប់នាយ ក្តាមប្រៃ ឲ្យដឹងថា លោក ឡេង សុខ ដែលមានតួនាទីជាអនុប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានក្លាយជាមេគយ ដ៏មានអំណាចបំផុត ក្នុងការលួចបំបាត់ កេង​បន្លំ ចំណូលពន្ធ ដោយឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញ បង់ពន្ធមិនគ្រប់ និងមានលួចបង្កប់ទំនិញខុសច្បាប់ ចូលមកដូចទឹកបាក់ទំនប់ និងអនាធិបតេយ្យបំផុត ធ្វើឲ្យខាតបង់ចំណូលពន្ធរដ្ឋរាប់ម៉ឺនដុល្លារក្នុង១ខែៗ។

ក្រុមមន្ត្រីនៃស្ថាប័នខាងលើនោះ បានខ្សឹបប្រាប់នាយ ក្តាមប្រៃ ឲ្យដឹងបន្ថែមទៀតថា មានភាពមិនប្រក្រតី ពាក់ព័ន្ធនឹងអំពើពុករលួយរបស់លោក ឡេង សុខ ដែលមានតួនាទីជាអនុប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបងនេះ បានកាន់តំណែងមិនតិចជាង២០ឆ្នាំនោះទេ ពោល គឺឡើងដុះស្លែហ្មង អត់ដែលឃើញថ្នាក់លើប្តូរលោក ឡេង សុខ ទៅណាសោះ។ ហើយមេគយប្រចាំច្រកនេះ សឹងគ្រប់ជំនាន់ ត្រូវបានលោក ឡេង សុខ មានជំនាញពឹសពុលរបៀបយុទ្ធសាស្ត្រ «ស្ងោរសាច់ឲ្យផុយ តែមិនឲ្យក្តៅទឹក» ឈានដល់ខ្លាចរអាភ័យបង្ខំចិត្តចំណាយ តាមការតម្រូវចែចូវសុំបង់លុយប្រចាំខែ មិនឲ្យទើសចិត្តជូនលោក ឡេង សុខ ព្រោះលោក ឡេង សុខ មានជំនាញខាងឃុបឃិតជាមួយឈ្មួញធំៗ នាំទំនិញចូលមកបង់ពន្ធមិនគ្រប់ ពោល គឺបង់ពន្ធចូលរដ្ឋមួយចំណែកតូច ហើយមួយចំណែកធំ ចូលហោប៉ៅបុគ្គល ឡេង សុខ តែម្តង។

មន្ត្រីទាំងនោះ បានខ្សឹបប្រាប់នាយ ក្តាមប្រៃ បន្តទៀតថា លោក ឡេង សុខ គោរពតែប្រធានការិយាល័យ ដើម្បីទទួលបាននូវចំហាយអំណាច យកមកកៀបជំរិត ប្រមូលលុយពីក្រុមឈ្មួញ និងអ្នករកស៊ីដឹកទំនិញគ្រប់រូបភាព ទាំងលុយចំណូលពន្ធ និងលុយខ្មៅ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានតែម្នាក់ឯង ចង់ក្លាយទៅជាមហាសេដ្ឋី ហើយទម្លាក់ឲ្យមេកើយរបស់ខ្លួនតែបន្តិចបន្ទួច គ្រាន់ទុកស៊ីចាយសប្បាយស្រីញីអូនបងតែប៉ុណ្ណោះ។

ប្រភពខាងលើ បានខ្សឹបឲ្យនាយ ក្តាមប្រៃ ដឹងទៀតថា បច្ចុប្បន្ននេះ លោក ឡេង សុខ មានតួនាទីជាអនុប្រធានការិយាល័យ ក៏ពិតមែន តែគាត់មានឥទ្ធិពល កាន់សុទ្ធតែកន្លែងខ្លាញ់តែម្តង ដូចជា តួនាទីជាប្រធានស្តីទី (ព្រោះប្រធានការិយាល័យ មិនសូវទៅធ្វើការងារ) ប្រធានគយប្រចាំច្រកដូង និងជាប្រធានគណនេយ្យ ប្រធានផែស្ងួតផងដែរ។

ប្រភពនៅបានខ្សឹបបន្តទៀតថា គ្រប់ការដឹកជញ្ជូនទំនិញ ដែលត្រូវទូទាត់លុយ ស្រេចតែលោក ឡេង សុខ ជាអ្នកចាត់ចែង ទាំងលុយបង់ពន្ធ និងលុយក្រោមតុ។ និយាយរួម កំណត់លើការសម្រេចតាមបបូរមាត់របស់លោក ឡេង សុខ តែម្តង។ ហើយឈ្មួញជាច្រើន ដូចជា ចែឆេង គាធី អេកធី និងមានដល់ទៅជិត១០ក្រុមហ៊ុនទៀត ដែលស្គាល់ជិតដិតជាមួយលោក ឡេង សុខ អាចនាំចូលទំនិញ ដោយបង់ពន្ធប្រហែល៤០ភាគរយ ចូលពន្ធអារកររដ្ឋ ហើយសល់ប៉ុន្មានបង់ចូលហោប៉ៅលោក ឡេង សុខ ឬគ្រាន់តែជួយរកចំណូលបង់ឲ្យ​បានគ្រប់ផែនការប្រចាំខែ ប្រចាំត្រីមាស និងអនុញ្ញាតឲ្យនាំចូលទំនិញគេចពន្ធ ដោយមិនគិតពីខុសម៉ោងរដ្ឋបាលនោះទេ ពោល គឺចូលបានគ្រប់ម៉ោងហ្មង។

ក្រុមមន្ត្រីបានខ្សឹបឲ្យនាយ ក្តាមប្រៃ បានដឹងបែបលម្អិតព័ត៌មានថា រាល់ទំនិញ ដែលឈ្មួញធំៗ លួចនាំចូលតាមច្រកដូង មានដូចជា ភេសជ្ជៈ គោជល់ បាកាស់ គ្រឿងបន្លាស់ រថយន្តកាត់តជាដើម។ ហើយសាច់មាន់ ខូចគុណភាព មួយរថយន្ត២០ ទៅ៣០តោន រួមទាំងទំនិញបង្កប់ មានដូចជា គ្រឿងអេឡិចត្រូនិច និងម៉ាស៊ីនត្រជាក់ ដែលទាំងអស់នេះ ឈ្មួញបង់ពន្ធចូលរដ្ឋតិចតួចបំផុត រកគិតជាចំនួនភាគរយសឹងមិនបានផង។

ប្រភពបានខ្សឹបឲ្យដឹងបន្ថែមថា លោក ឡេង សុខ មានជំនាញក្តោបក្តាប់មុខសញ្ញាក្រុមឈ្មួញនៅច្រកដូង ច្បាស់ដូចថ្ងៃអ៊ីចឹង ដោយគាត់រឹតបន្តឹងលើការប្រមូលពន្ធពីឈ្មួញតូចតាច ដើម្បីបង្គ្រប់ផែនការប្រមូលពន្ធ ហើយនៅសល់ពីនោះ គាត់ព្រលែងឲ្យឈ្មួញនាំចូលទំនិញធំៗ ខុសច្បាប់ និងបង់ពន្ធមិនគ្រប់ យាងអនាធិបតេយ្យ មិនខ្វល់ពីការប្រមូលចំណូលបន្ថែមអ្វីឡើយ។

គេបានខ្សឹបឲ្យនាយ ក្តាមប្រៃ ដឹងទៀតថា លោក ឡេង សុខ បានអនុវត្តផ្ទុយពីការណែនាំរបស់លោកប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ក៏ដូចគោលការណ៍ណែនាំ និងដាក់ចេញដោយលោកបណ្ឌិត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនេះជាដើម។

មន្ត្រីជាច្រើន បានលើកឡើងថា លោក ឡេង សុខ ចេះដាក់សំណែនជូនថ្នាក់លើ បានត្រូវចិត្តថ្នាក់លើ ហើយមើលទៅ ទើបលោក ឡេង សុខ បាននៅកាន់ប៉ុស្តិ៍គយច្រកអន្តរជាតិដូងនេះ បានជិត២០ឆ្នាំ ដែលគេនិយាយមួយបែបទៀតថា កាន់តំ​ណែងឡើងដុះស្លែហ្មង! ហើយបើថ្នាក់លើនៅតែចង់បានសំណែនពីលោក ឡេង សុខ និងនៅតែទុកបុគ្គលនេះនៅទីនេះបន្តទៀត នោះចំណូលពន្ធអាករចូលរដ្ឋ ត្រូវបាត់បង់រាប់លានដុល្លារក្នុងមួយឆ្នាំៗ ហើយចំណូលដែលរដ្ឋបាត់បង់នោះ វារត់ចូលក្នុងហោប៉ៅបុគ្គល​ពុករលួយរូបនេះ ជាមួយនឹងបក្ខពួក។

ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ នាយក្តាមប្រៃ នាយព្យាយាមទាក់ទងពីលោក ឡេង សុខ ដើម្បីសុំការបំភ្លឺដែរ តែមិនអាចទាក់ទងបាន។ ហើយនាយក្តាមប្រៃ ក៏រង់ចាំការបកស្រាយពីលោក ឡេង សុខ ផងដែរ៕