មេធាវីលោក កឹម សុខា ថា លោក សម រង្ស៊ី មានគម្រោងទាត់ក្រុមអ្នកគាំទ្រលោក កឹម សុខា ចោល

14-11-2018 11:51am

ភ្នំពេញៈ ខណៈដែលសំណុំរឿងលោក កឹម សុខា មិនទាន់ដោះស្រាយបញ្ចប់ ហើយត្រូវបានមតិជាតិ-អន្តរជាតិ កំពុងតាមដាន ទាំងចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា ក្រោយពីមានការភ្នាល់គ្នាយ៉ាងមុតមាំពីមេបក្សកាន់អំណាច និងបក្សប្រឆាំងនោះ មេធាវីការពារក្តីឲ្យលោក កឹម សុខា បានទម្លាយរឿងសម្ងាត់របស់លោក សម រង្ស៊ី មានគម្រោងទាត់មន្ត្រីជាន់ខ្ពស់ក្រុមគាំទ្រលោក កឹម សុខា ចោល។

លោក ចាន់ ចេន មេធាវីមួយរូប ក្នុងចំណោមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានឲ្យដឹងថា លោក សម រង្ស៊ី គ្មានសិទ្ធិនិយាយពីគណបក្សសង្គ្រោះជាតិនោះទេ ព្រោះលោក សម រង្ស៊ី ត្រូវបានប្រកាសលាលែងពីប្រធានគណបក្សសង្គ្រោះជាតិរួចហើយ។ នេះបើតាមលក្ខន្តិកៈរបស់គណបក្ស។

លោក ចាន់ ចេន មេធាវីការពារក្តីឲ្យលោក កឹម សុខា បានលើកឡើងលើបណ្តាញសង្គម យ៉ាងដូច្នេះថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ គណបក្សមានលក្ខន្តិកៈ។ បើយោងតាមលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ បុគ្គលដែលមិនមានសិទ្ធិប្រើប្រាស់ឈ្មោះគណបក្ស និងក្រដាស ដែលមានសញ្ញាគណបក្ស គឺមានដូចតទៅ ៖ ១. បុគ្គលទាំងឡាយណា ដែលមិនមែនជាសមាជិកពេញសិទ្ធិរបស់គណបក្ស។ ២. បុគ្គលទាំងឡាយណា ដែលមិនមែនស្ថិតក្នុងរចនាសម្ព័ន្ធដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្ស។ ៣. បុគ្គលទាំងឡាយណា ដែលបានបាត់បង់សមាជិកភាពពីគណបក្ស ដូចជា បុគ្គល ដែលគណបក្សបានបណ្តេញចេញ ដោយប្រាសចាកវិន័យ។ បុគ្គលដែលគណបក្សបានលុបឈ្មោះចេញ ដោយមានទោស ហើយទោសនោះបានប៉ះពាល់ដល់និរន្តភាពរបស់គណបក្ស ឬបុគ្គល ដែលបានធ្វើការលាលែងពីថ្នាក់ដឹកនាំគណបក្ស និងបានលាលែងពីសមាជិកភាពរបស់គណបក្ស។

លោកបានលើកឡើងថា ក្រៅអំពីបុគ្គល ដែលបានរៀបរាប់ខាងលើនេះ សមាជិកពេញសិទ្ធិ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានសិទ្ធិប្រើប្រាស់ឈ្មោះគណបក្ស និងស្លាកសញ្ញាជាផ្លូវការរបស់គណបក្សបាន ដោយស្របតាមលក្ខន្តិកៈ ក្នុងបុព្វហេតុការពារអត្ថប្រយោជន៍គណបក្ស ដោយគ្មានការហាមឃាត់ឡើយ។

លោកបញ្ជាក់ថា ដូច្នេះការលើកឡើង និងការប្រព្រឹត្តរបស់លោក សម រង្ស៊ី​ គឺមានតែលោក សម រង្ស៊ី​ ខ្លួនឯងទេ ដែលបាន និងកំពុងលួចប្រើប្រាស់ឈ្មោះគណបក្ស និងស្លាកសញ្ញាគណបក្សដោយខុសនោះ ព្រោះលោក សម រង្ស៊ី​ មិនមែនជាមនុស្ស ដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធរបស់គណបក្សសង្រ្គោះជាតិឡើយ។

លោកគូសបញ្ជាក់ថា «ការលើកឡើងរបស់លោក សម រង្ស៊ី អំពីអនុប្រធានចំនួន៣រូបនេះ គឺជាចេតនារបស់លោក សម រង្ស៊ី ក្នុងការទាត់ចោលសមាជិក ចំពោះកិច្ចរបស់លោក កឹម សុខា ដែលតំណាងដោយលោក យ៉ែម បុញ្ញាឬទ្ធិ និងកញ្ញា កឹម មនោវិទ្យា លើគោក»