ប្រធានាធិបតីបារាំង ចង់ឲ្យអឺរ៉ុប កាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក

13-11-2018 9:32pm

អឹរ៉ុបៈ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ CNN ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ថា បច្ចុប្បន្នអឺរ៉ុប អាស្រ័យច្រើនលើសលប់ទៅលើប្រាក់ដុល្លារអាមេរិក ។

លោក ម៉ាក្រុង បញ្ជាក់ទៀតថា អឺរ៉ុប មិនមានការផ្លាស់ប្តូរច្បាស់លាស់ណាមួយចំពោះប្រាក់ដុល្លារអាមេរិក ដោយសារតែប្រាក់ដុល្លារមានឥទ្ធិពលយ៉ាងធំធេងមកលើអឺរ៉ុប ។ មេដឹកនាំបារាំងរូបនេះ បានអំពាវនាវដល់បណ្តាប្រទេសអឺរ៉ុប ធ្វើសកម្មភាពបន្ថែមទៀត ដើម្បីជួយឲ្យប្រាក់អឺរ៉ូ មានឥទ្ធិពល ដូចប្រាក់ដុល្លារអាមេរិក ។

ប្រធានាធិបតីបារាំង បញ្ជាក់ថា «ចំពោះខ្ញុំ នេះជាបញ្ហាដែនអធិបតេយ្យ ទាំងនោះជាហេតុផល ដែលខ្ញុំបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយអង្គការ ស្ថានប័នហិរញ្ញវត្ថុនៅអឺរ៉ុប និងបណ្តាដៃគូ ដើម្បីកសាងឥទ្ធិពល កាត់បន្ថយការអាស្រ័យលើប្រាក់ដុល្លារអាមេរិក»

លោក ម៉ាក្រុង បានបញ្ជាក់ទៀតថា សកម្មភាពទាំងនោះ មិនមែនមានគោលដៅ ដើម្បីប្រកួតប្រជែងជាមួយប្រាក់ដុល្លារអាមេរិក នោះឡើយ ប៉ុន្តែមានភាពចាំបាច់ក្នុងការរក្សាសណ្តាប់ធ្នាប់ ស្ថិរភាព ហិរញ្ញវត្ថុពិភពលោក ។

កាលពីសប្តាហ៍កន្លងមក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានសន្យាថា ទីក្រុងប៉ារីស នឹងខិតខំដឹកនាំអឺរ៉ុប ប្រឆាំងរាល់ការដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ និងបង្កើនតួនាទីអន្តរជាតិ នៃប្រាក់អឺរ៉ូ ៕