ទីផ្សារតម្លៃប្រេងឆៅ ចាប់ផ្ដើមហក់ឡើងខ្ពស់បន្តិច ក្រោយអារ៉ាប៊ី សាអូឌីត និង OPEC កាត់បន្ថយការផលិត

13-11-2018 4:23pm

បរទេសៈ អារ៉ាប៊ី សាអូឌីត នឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងឆៅរបស់ខ្លួន នៅខែក្រោយនេះ ដើម្បីឆ្លើយតបនឹងតម្រូវការធ្លាក់ចុះថ្លៃប្រេងនៅលើសកលលោក ហើយការកាត់បន្ថយបន្ថែមទៀត អាចនឹងធ្វើឡើងនៅឆ្នាំបន្ទាប់ផងដែរ។

ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុង អាប៊ូ ដាប៊ី ប្រទេសអារ៉ាប់រួម រដ្ឋមន្រ្តីថាមពល អារ៉ាប៊ី សាអូឌីត លោក ខាលីដ អាល់ ហ្វាលី បានិយាយថា ទិន្នផលប្រេងរបស់រាជាណាចក្រមួយនេះ នឹងធ្លាក់ចុះមកនៅត្រឹម៥០ម៉ឺនបារ៉ែល ក្នុង១ថ្ងៃ នៅក្នុងខែធ្នូ ខាងមុខនេះ។ លោកបន្តថា ប្រទេសសមាជិករបស់អង្គការប្រទេសនាំចេញប្រេង (OPEC) និងប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេ អាចនឹងកាត់បន្ថយការផ្តត់ផ្គង់ប្រេងបន្ថែមទៀត នៅឆ្នាំក្រោយ បើសិនជាចាំបាច់។

លោក អាល់ ហ្វាលី បាននិយាយថា “មតិរួមនៅក្នុងចំណោមប្រទេសសមាជិកទាំងអស់ បានបង្ហាញថា ពួកយើងត្រូវការធ្វើអ្វីក៏ដោយឲ្យតែយើងអាចធ្វើឲ្យទីផ្សារប្រេងមានតុល្យភាព។ បើសិនជាវាមានន័យថា យើងត្រូវការបន្ថយការផ្គត់ផ្គង់ប្រេង១លានបារ៉ែលក្នុង១ថ្ងៃ ពួកយើងនឹងធ្វើវាភ្លាម”

សូមជម្រាបថា តម្លៃប្រេងសកល បានធ្លាក់ចុះខ្លាំងនៅក្នុងទីផ្សារជាង២០ភាគរយ កាលពីសប្តាហ៍មុន។ ប្រការនេះ បានធ្វើឲ្យមានក្តីកង្វល់ពីការធ្លាក់ចុះសេដ្ឋកិច្ចសកល និងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឲ្យបណ្តាប្រទេសមួយចំនួន នៅតែអាចទិញប្រេងឆៅអ៊ីរ៉ង់ បន្ទាប់ពីការណែនាំឲ្យដាក់ទណ្ឌកម្មឡើងវិញ បានធ្វើឲ្យប៉ះពាល់ដល់តម្លៃទីផ្សារប្រេងឆៅ។

ដោយឡែក លោក បុប ឌូដលី ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនប្រេង BP បាននិយាយថា ការកាត់បន្ថយការផលិតប្រេងឆៅរបស់ អារ៉ាប៊ី សាអូឌីត ស្មើនឹងអត្រាផលិតប្រេងស្តួចស្តើងប៉ុណ្ណោះ។

លោកបាននិយាយប្រាប់ CNN ថា វាគ្រាន់តែធ្វើឲ្យតម្លៃប្រេងវិលត្រឡប់មករកតុល្យភាព ជាមួយនឹងការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះ ។

ខណៈនោះដែរ ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការ OPEC បានឲ្យដឹងថា ក្រុមហ៊ុនអន្តរជាតិផ្តាច់មុខ និងក្រុមហ៊ុនផលិតប្រេងសំខាន់ៗដទៃទៀត កំពុងពិភាក្សាលើការកាត់បន្ថយការផលិតទំហំច្រើនរហូតដល់១.២លានបារ៉ែល ក្នុង១ថ្ងៃ ប៉ុន្តែការសម្រេចចិត្តណាមួយ នឹងត្រូវលើកយកមកចរចាក្នុងជំនួបបន្ទាប់របស់ OPEC នៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស នាថ្ងៃទី៦ ខែធ្នូខាងមុខនេះ។

ការកាត់បន្ថយការផលិតប្រេងឆៅនេះដែរ នឹងធ្វើឲ្យផ្ទុយគ្នាស្រឡះ និងការសម្រេចចិត្តកាលពីខែមិថុនាកន្លងទៅ ដោយអង្គការ OPEC និងរុស្ស៊ី ដើម្បីបូមប្រេងជាង១លានបារ៉ែលក្នុង១ថ្ងៃ ដើម្បីជាការទប់ទល់នឹងការបាត់បង់នៃការនាំចេញប្រេងឆៅអ៊ីរ៉ង់។

សូមបញ្ជាក់ថា តម្លៃប្រេងឆៅ បានហក់ឡើងវិញ២ភាគរយ ដោយសារតែគម្រោងការកាត់បន្ថយការផ្គត់ផ្គង់ប្រេងពីអង្គការ OPEC។ ប្រេងឆៅអនាគតរបស់សហរដ្ឋអាមេរិក មានតម្លៃ៦០.៨០ដុល្លារ ក្នុង១បារ៉ែល ពោល គឺកើនឡើង១.៥ដុល្លារ ខ្ពស់ជាងកាលពីថ្ងៃសុក្រសប្តាហ៍មុន។

សហរដ្ឋអាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសចំនួន៨ រួមមាន ចិន ឥណ្ឌា អ៊ីតាលី ក្រិក ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងតួកគី នឹងអាចបន្តទិញប្រេងអ៊ីរ៉ង់ ក្នុងរយៈពេល៦ខែ ដោយមិនចាំបាច់ព្រួយបារម្ភពីទណ្ឌកម្មរបស់អាមេរិក លើការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់នោះឡើយ៕