កុងហ្គោ ប្រឈមនឹងការរីករាលដាលឆ្លងជំងឺអេបូឡា ដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្ត

12-11-2018 5:43pm

កុងហ្គោៈ ក្រុមមន្រ្តីបានអះអាងថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺអេបូឡា ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។

មនុស្សជាង២០០នាក់ បានស្លាប់ដោយសារតែជំងឺមួយនេះ ចាប់តាំងពីខែសីហារហូតមក ហើយមនុស្សជិត៣៣០នាក់ ត្រូវបានគេប្រកាសថា មានផ្ទុកជំងឺមួយនេះ។

ការរីករាលដាលឆ្លងលើកនេះ ដែលជាលើកទី២ ក្នុងឆ្នាំ២០១៨ បានផ្ទុះឡើងនៅខេត្តគីវូខាងជើង មុនពេលរីករាលដាលដល់ខេត្តអ៊ីទូរី ស្ថិតនៅភាគខាងកើតប្រទេសកុងហ្គោ។ វាគឺជាករណីឆ្លងលើកទី១០ហើយ ចាប់តាំងពីឆ្នាំ១៩៧៦ ដែលជំងឺអេបូឡា បានវាយប្រហារមកលើប្រទេសមួយនេះ។

លោក អូលី អ៊ីលុនហ្គា កាឡេងហ្គា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកុងហ្គោ បាននិយាយកាលពីថ្ងៃអាទិត្យថា អំពើហិង្សាមកលើមន្រ្តីសុខាភិបាល ដោយក្រុមជីវពល ដែលកំពុងធ្វើសង្រ្គាមគ្រប់គ្រងតំបន់ឆ្លងជំងឺអេបូឡា បានធ្វើឲ្យអាក់ខានដល់កិច្ចខិតខំទប់ស្កាត់ការរីករាលដាលមួយនេះ។

យោងតាមសម្តីរបស់លោក អូលី បានឲ្យដឹងថា មន្រ្តីសុខាភិបាល២នាក់ បានស្លាប់អំឡុងការវាយប្រហារមួយ ខណៈដែលជនស៊ីវិល១១នាក់ និងទាហានម្នាក់ ត្រូវបានសម្លាប់នៅទីក្រុងបេនី កាលពីខែមុន គឺជាទីក្រុងមួយមានពលរដ្ឋរស់នៅ៨០ម៉ឺននាក់ និងជាចំណុចប្រសព្វនៃការរីករាលដាលឆ្លងជំងឺអេបូឡា។

លោក អូលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះតាម Twitter ថា “គ្មានការរីករាលដាលឯណានៅលើពិភពលោក ស្មុគស្មាញដូចអ្វីដែលពួកយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះទេ”

យោងតាមការអះអាងរបស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ជនភៀសខ្លួនជាង១លាននាក់ បានរត់ភ្លៀសខ្លួននៅក្នុងខេត្តគីវូខាងជើង និងខេត្តអ៊ីទូរី ហើយការផ្លាស់ទីលំនៅរបស់ពួកគេ បានក្លាយជាកត្តាដ៏ប្រឈមមួយនៃការរីករាលដាលឆ្លងជំងឺអេបូឡា៕