លោក ត្រាំ វាយប្រហារចំៗ លើប្រធានាធិបតីបារាំង ពីផែនការបង្កើតកងទ័ពអឺរ៉ុប

12-11-2018 3:05pm

ក្រុងប៉ារីសៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនបង្អង់យូរនោះទេ ក្នុងការវាយប្រហារលើប្រទេសម្ចាស់ផ្ទះបារាំង ពេលលោកធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមពិធីរំឭកខួបលើកទី១០០ នៃការបញ្ចប់សង្រ្គាមលោក លើកទី១ ដោយលោកបានអះអាងថា លោកប្រធានាធីបតី អេម៉ានូអែល ម៉ាក្រុង បានបង្កើតនូវ “សំណើមាក់ងាយ” មួយ ដើម្បីបង្កើតកងទ័ពអឺរ៉ុប ប្រឆាំងនឹងសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី។

វាបានបង្ហាញសញ្ញាយ៉ាងច្បាស់ថា មេដឹកនាំជាតិនិយមម្នាក់នេះ បានត្រៀមខ្លួនរួចរាល់ ក្នុងការប្រឈមជាមួយមេដឹកនាំពិភពលោក ដែលជួបជុំគ្នា ដើម្បីរំឭកដល់សន្ធិសញ្ញានាំឲ្យបញ្ចប់សង្រ្គាមលោក លើកទី១។

ដំណើរបំពេញទស្សនកិច្ចរបស់លោក ត្រាំ បានកើតមានឡើង ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលគេមើលឃើញថា ជាការធ្វើប្រជាមតិបែកបាក់មួយលើតំណែងប្រធានាធិបតីរបស់លោក ជាកន្លែងដែលគណបក្សរបស់លោក បានត្រឹមរក្សាការគ្រប់គ្រងព្រឹទ្ធសភា តែបាត់បង់រដ្ឋសភា ទៅឲ្យគណបក្សប្រជាធិបតេយ្យ។

ការបំពេញទស្សនកិច្ចរបស់លោក ត្រាំ នេះដែរ បានកើតមានឡើងចំពេលដែលមានភាពមិនច្បាស់លាស់ ចំពោះទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយអឺរ៉ុប ក្រោយពេលលោកបានរិះគន់មកលើបណ្តាប្រទេសសហភាពអឺរ៉ុប ដែលរួមទាំងបារាំងដែរនោះ សម្រាប់ការមិនចំណាយលុយគ្រប់គ្រាន់លើវិស័យការពារជាតិ ដើម្បីទ្រទ្រង់ដល់អង្គការ NATO៕