កម្មករដួលសន្លប់៣ថ្ងៃជាប់គ្នា ទោះខាងរោងចក្រ “ញូ វីស” ដឹងថា ធ្លាយសារធាតុអាម៉ូញាក់ ក៏នៅតែឲ្យកម្មករបន្តធ្វើការទៀត

12-11-2018 2:34pm

ភ្នំពេញៈ កម្មករកម្មការិនីប្រមាណជា២០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅក្នុងរោងចក្រ ញូវីស ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

តាមប្រភពច្បាស់ការណ៍ បានឲ្យដឹងថា កម្មករកម្មការិនី ដែលដួលសន្លប់ បានកើតឡើងតាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសារតែធ្លាយជាតិអាម៉ូញាក់ ចេញ​ពីទីតាំងផលិតទឹកកក នៅជាប់រោងចក្រខាងលើ និងបន្តសន្លប់ជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃកើតហេតុ។

មានការលើកឡើងថា ថៅកែរោងចក្រ ដឹងហើយថា រោងចក្រមានបញ្ហា តែនៅតែឲ្យ​កម្មករធ្វើការទៀត ទើបបណ្តាលឲ្យ​មានការដួលសន្លប់បែបនេះ។ ក្រោយពីកើតហេតុ រយៈពេល៣ថ្ងៃជាប់គ្នានេះ ឃើញមានខាងមន្ត្រី ប.ស.ស និងខាងជំនាញបរិស្ថាន ចូលទៅជួបប្រជុំពិភាក្សាជាមួយភាគីខាងរោងចក្រ និងខាងរោងចក្រទឹកកក។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះព័ត៌មាន ដែលបណ្តាលឲ្យ​កម្មករដួលសន្លប់នេះ ហាក់ដូចជាមានការបិទបាំងពីសំណាក់ភាគីខាងរោងចក្រ មិនដឹងថា បញ្ហាបរិស្ថាន នៅក្នុងរោងចក្រនោះ បែបណានោះទេ ខណៈដែលខាងរោងចក្រដឹងថា មានការលេចធ្លាយសារធាតុអាម៉ូញាក់ តាំងពីថ្ងៃសៅរក៏ដោយ៕