Update ៖ ជនបាញ់ប្រហារយ៉ាងព្រៃផ្សៃ សម្លាប់មនុស្សជាង១០នាក់ ក្នុងក្លឹបរាត្រីនៅអាមេរិក ជាអតីតយោធា

09-11-2018 7:33am

អាមេរិកៈ ប៉ូលិសបានបញ្ជាក់ពីអត្តសញ្ញាណជនដៃដល់ ក្នុងការបាញ់ប្រហារនៅក្នុងក្លឹបរាត្រី  មាន​ឈ្មោះ​ David Long ​អាយុ​២៨ឆ្នាំ បានបាញ់ប្រហារ សម្លាប់មនុស្ស១២នាក់​ ក្នុងនោះ មានជនល្មើស និងមន្ត្រីប៉ូលិសម្នាក់។ ក្រៅពីនេះ មានមនុស្សជាច្រើន​រងរបួស។

ការបាញ់ប្រហារកើតឡើង នៅវេលាម៉ោង១១យប់​ថ្ងៃទី៧ ខែវិច្ឆិកា នៅក្លឹប Borderline Bar &Grill ​ក្នុងទីក្រុង Thousand Oaks ​ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ បន្ទាប់ពីហេតុការ ក្រុមប្រឆាំងភេរវកម្ម បានសហការជាមួយក្រុម FBI ​ទៅកាន់កន្លែ​ងកើតហេតុ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ស្ថានភាព។

លោក Geoff Dean ស្នងការប៉ូលិស តំបន់​ Ventura បានប្រកាសនៅក្នុងសន្និសីទកាសែតថា ការបាញ់ប្រហារខាងលើ បានសម្លាប់មនុស្សដល់ទៅ​១២នាក់ ក្នុងនោះមានខ្មាន់កាំភ្លើងម្នាក់​ ផងដែរ និងរបួសរាប់សិបនាក់ផ្សេងទៀត។

លោក Garo Kuredjian ​ មន្ត្រីប៉ូលិស ក្នុងតំបន់កើតហេតុខាងលើ បានបញ្ជាក់ថា ប៉ូលិសបានប៉ះទង្គិចគ្នាជាមួយជនដៃដល់។ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្នូរកាំភ្លើងនៅគ្រប់ទីកន្លែងក្នុងក្លឹប ហើយមនុស្សជាច្រើន បានព្យាយាមរកកន្លែងលាក់ខ្លួន។ មនុស្សមួយចំនួនបានបំបែកកញ្ចក់ ដើម្បីរត់ចេញទៅក្រៅ ខ្លះទៀតលាក់ខ្លួននៅក្នុងបន្ទប់ទឹក។

នាង Aubrey Ryan ​អាយុ២៧ឆ្នាំ បានឲ្យដឹងថា នាងនៅក្នុងក្លឹប ជាមួយមិត្តភក្តិ១៥នាក់ ពេលនោះមានបុរសម្នាក់ដើរចូល រួចបាញ់រះ​តែម្តង។ ខ្មាន់កាំភ្លើងបានស្រែក មុនពេលបាញ់ប្រហារ។ ចំណែកលោក​ Carl Edgar អាយុ​២៤ឆ្នាំ​ បានឲ្យដឹងថា លោកជាមួយមិត្តភក្តិប្រមាណ​២០នាក់នៅក្នុងក្លឹបនោះ​ ដែលជាកន្លែងធ្លាប់ទៅកម្សាន្ត។ ក្លឹបនេះជាកន្លែងពេញនិយមសម្រាប់ សិស្សមហាវិទ្យាល័យ Moorpark ​។

សាក្សីម្នាក់ផ្សេងទៀត បានឲ្យដឹងថា មនុស្សម្នាក់ បានរត់ចូលក្នុងក្លឹប នៅវេលាប្រហែលជាម៉ោង ២៣និង៣០នាទី ប្រើកាំភ្លើងពណ៌ខ្មៅ បាញ់ប្រហារយ៉ាងតិច៣០គ្រាប់ ទៅលើហ្វូងមនុស្ស។

សារព័ត៌មាន​ CNN  បានដកស្រងសម្តីស្នងការប៉ូលិស  បានបញ្ជា​ក់ថា «ពិតជារឿងតក់ស្លុតយ៉ាងខ្លាំង នៅកន្លែងកើតហេតុគ្រប់ដណ្តប់ដោយឈាម ហើយជនល្មើសក៏ស្ថិតនៅក្នុងចំណោមអ្នកសា្លប់។ ក្រុមជំនាញកំពុងបើកការស្រាវជ្រាវ ពីសកម្មភាពបាញ់ប្រហារ ខាងលើ ថាតើជាការសងសឹក ឬភេរវកម្ម៕