ខេត្តកំពត កំពុងមមាញឹក ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងបង្កើនសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ

08-11-2018 10:56pm

កំពតៈ កម្មវិធីបុណ្យជាតិ និងអន្តរជាតិសំខាន់ៗ នឹងប្រព្រឹត្តទៅជាបន្តបន្ទាប់នៅក្នុងក្រុងកំពត ហើយដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកកម្សាន្តកាន់តែច្រើន រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងកំពត រួមនឹងក្រុមហ៊ុនអនាម័យផងដែរ កំពុងមមាញឹក ក្នុងការងាររៀបចំសណ្តាប់ធ្នាប់ សម្អាតអនាម័យ និងបង្កើនសោភ័ណភាពក្រុង ដែលជានិច្ចកាល លោក ជាវ តាយ តែងតែបានក្រើនរំឭកថា ក្រុងកំពត មិនអាចជាក្រុងពោរពេញដោយសំរាម ឬ ក្រុងលិចទឹកទេ ឬជាក្រុងដែលមានខ្សែភ្លើងដូចសំបុកពីងពាងនោះទេ ។

នៅក្នុងពេលខាងមុខ ពិធីបុណ្យសំខាន់ៗ នឹងត្រូវរៀបចំឡើងជាបន្តបន្ទាប់នោះ រដ្ឋបាលខេត្តកំពតបាន និងកំពុងមមាញឹកក្នុងការរៀបចំ របៀបរៀបរយ ការបង្កើនសោភ័ណភាព សម្អាត និងលម្អបរិស្ថាន ដើម្បីផាសុកភាព ក៏ដូចជាការផ្តល់ក្តីសប្បាយរីករាយ សម្រាប់ភ្ញៀវទេសចរជិតឆ្ងាយ ដែលនឹងមានវត្តមាននាទីក្រុងបុរាណភាគនិរតីនេះ ពិសេសខេត្ត មានមហិច្ឆតាចង់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត កាន់តែច្រើនទៀត ។

នាយករដ្ឋបាលសាលាខេត្តកំពត លោក វ៉ែន ស៊ីថា បានមានប្រសាសន៍ថា ក្នុងខែវិច្ឆិកា ការសម្ពោធរូបសំណាក ព្រះអង្គឌួង ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូល ពិធីប្រណាំងទូក អកអំបុក សំពះព្រះខែជាដើម នឹងត្រូវរៀបចំឡើង ។ នេះមិនទាន់និយាយដល់ពិធីបុណ្យឆ្លងឆ្នាំសកល បុណ្យខួបលើកទី៤០ ថ្ងៃជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្រ ដែលត្រូវធ្វើក្នុងទ្រង់ទ្រាយធំផង ។

លោកនាយករដ្ឋបាលបានបន្តថា ក្រោយការដឹកនាំតាមរបៀបយន្តការ របស់លោកអភិបាលខេត្ត ដែលលោកតែងតែយកអស់កម្លាំងកាយចិត្ត ដើម្បីបំពេញនូវសេចក្តីត្រូវ ក្តីកង្វល់ និងដោះស្រាយបាននូវបញ្ហាជាច្រើនជូនខេត្ត និងមន្ត្រី មន្ទីរ អង្គភាពជុំវិញខេត្ត ។ ខេត្តកំពត បានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ពិសេសក្រុងកំពតតែម្តង ព្រោះលោក មានចក្ខុវិស័យ ចង់ឲ្យខេត្តកំពត ជាខេត្តទេសចរណ៍ ដែលទាក់ទាញភ្ញៀវ មកកម្សាន្តច្រើនជាងគេបំផុត និងជាខេត្តដែលមានការអភិវឌ្ឍលេចធ្លោជាងគេ ។ ផ្តើមចេញពីគំនិតនេះ ទើបលោកអភិបាលខេត្ត បានគិតគូរ ហើយតម្រូវឲ្យមន្ត្រីពាក់ព័ន្ធ នឹងការរៀបចំកម្មវិធីសប្បាយៗ ត្រៀមលក្ខណៈដើម្បីរៀបចំសកម្មភាពស្វាគមន៍ភ្ញៀវទាំងនោះ ។

អភិបាលរងក្រុងកំពត លោក ចែម ផា បានប្រាប់ថា ក្រៅពីតម្រូវឲ្យកម្លាំងសមត្ថកិច្ចបង្កើនកិច្ចការពារសន្តិសុខសម្រាប់ភ្ញៀវ ខេត្តកំពត កំពុងមមាញឹក ក្នុងការងារអនាម័យ លម្អ និងបង្កើនសោភ័ណភាពក្រុង ។

លោកអភិបាលរងក្រុងបានបញ្ជាក់ដែរថា ការងារថែរក្សាអនាម័យ ពិសេសការគ្រប់គ្រងកាកសំណល់ និងសំរាម ជាកម្មសិទ្ធយើងទាំងអស់គ្នា ដែលត្រូវនាំគ្នាទទួលខុសត្រូវ ។

លោកអភិបាលរងក្រុង ក៏បានស្នើឲ្យ ពលរដ្ឋ និងភ្ញៀវដែលមកទស្សនា សូមចូលរួមជួយសម្អាត ថែរក្សាអនាម័យ ទាំងអស់គ្នា ដើម្បីខេត្តកំពត ដើម្បីសុខភាព ដើម្បីសោភ័ណភាព និងដើម្បីជួយលើកស្ទួយកិត្តិសយ ប្រទេសជាតិដែលមានក្រុងស្អាត ។

ខេត្តកំពតបច្ចុប្បន្ន មានកម្លាំងសម្អាតអនាម័យ និងធ្វើការងារបង្កើនសោភ័ណភាពមានបីក្រុម ធ្វើសកម្មភាពជាប្រចាំ មានកម្លាំងរបស់លោកអភិបាលខេត្តផ្ទាល់ កម្លាំងរដ្ឋបាលក្រុង និងកម្លាំងរបស់ក្រុមហ៊ុមប្រមូលសំរាម ។ កម្លាំងទាំងបី កំពុងបំពេញការងារ ប្រមូលសំរាម សំអាតល្អងធូលីតាមចិញ្ចើមផ្លូវ មើលថែរក្សាសួនសារធារណៈ កាត់តម្រឹមមែកឈើតាមផ្លូវ មើលការខុសត្រូវ និងបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ កែលម្អ លាបពណ៌តាមឃឿនផ្លូវ ស្ពានចាស់ៗ រង្វង់មូលជាងដើម៕