អ្នករាយការណ៍ពិសេសពីសិទ្ធិមនុស្សរបស់ UN អះអាងថា មានគេរារាំង មិនឲ្យជួបលោក កឹម សុខា ខណៈលោកស្រីមានសិទ្ធិ

08-11-2018 9:36pm

ភ្នំពេញៈ អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា របស់អង្គការសហប្រជាជាតិ (UN) លោកស្រី រ៉ូណា ស្មីត បានថ្លែងបញ្ជាក់ថា លោកស្រីនៅតែគ្មានវាសនា បានចូលជួបលោក កឹម សុខា ដដែល ខណៈដំណើរទស្សនកិច្ចរបស់លោកស្រីលើកនេះ មានគោលបំណងចម្បង គឺមកជួបមេអតីតបក្សប្រឆាំងរូបនេះ ប៉ុន្តែមានអ្នករារាំងលោកស្រី មិនឲ្យចូលជួបទៅវិញ។

លោកស្រី ស្មីត បានអះអាងក្នុងសន្និសីទបញ្ចប់ដំណើរទស្សនកិច្ច នៅកម្ពុជា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ថា លោកស្រីមានសិទ្ធិពេញលេញ ក្នុងការចូលជួបលោក កឹម សុខា ក្នុងនាមជាអ្នកជំនាញឯករាជ្យមួយរូប ដែលតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

លោកស្រីថ្លែងបន្តថា “ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវបានបដិសេធម្ដងទៀត ក្នុងការចូលជួបជន ដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួន ជាពិសេសនៅក្នុងឱកាសនេះ គឺឯកឧត្តម កឹម សុខា ដែលបច្ចុប្បន្នគាត់កំពុងស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ”

អ្នករាយការណ៍របស់ UN រូបនេះ លើកឡើងទៀតថា ក្នុងនាមជាអ្នកជំនាញឯករាជ្យមួយរូប ដែលតែងតាំង ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គួរតែត្រូវបានអនុញ្ញាតឲ្យចូលជួបជាលក្ខណៈឯកជន ជាមួយជនទាំងឡាយណា ដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួន។

លោកស្រីបញ្ជាក់ថា “ខ្ញុំត្រូវមានសិទ្ធិនៅក្នុងការចូលទៅកន្លែង ដែលមានការឃុំឃាំងទាំងអស់ គឺគ្រប់បុគ្គល ដែលស្ថិតនៅក្រោមការឃុំឃាំង។ ខ្ញុំបានស្នើសុំជួបលោក កឹម សុខា តាមរយៈគោលការណ៍ណែនាំ ក្នុងនាមជាអាណត្តិរបស់ខ្ញុំ ប៉ុន្តែចៅក្រមគាត់បានបដិសេធនូវសំណូមពររបស់ខ្ញុំ។ ជាហេតុដែលខ្ញុំមិនអាចជួបគាត់បាន”

ក្នុងឱកាសនោះដែរ អ្នករាយការណ៍ពិសេសរបស់អង្គសហប្រជាជាតិ ក៏បានអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា និងជំរុញឲ្យបញ្ចប់ការស៊ើបអង្កេត និងទម្លាក់ចោលបទចោទប្រកាន់មកលើលោក កឹម សុខា ផងដែរ។

ជាមួយគ្នានេះ លោកស្រីបានអះអាងថា ខ្លួនបានកត់សម្គាល់អំពីការលើកលែងទោសដោយព្រះមហាក្សត្រ ដល់ទណ្ឌិតមួយចំនួន រួមទាំងសមាជិកអតីតគណបក្សប្រឆាំង ហើយលោកស្រីនៅតែមានការព្រួយបារម្ភ ចំពោះការកាត់ទោសព្យួរករណីអ្នកស្រី ទេព វន្នី និងករណីរបស់បុគ្គលិកអង្គការអាដហុក។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ទិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពាន ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី១៥ឆ្នាំ ដល់៣០ឆ្នាំ។

យ៉ាងណា លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីវេលាទៀបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយការឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង នៅឯខេត្តត្បូងឃ្មុំ អស់រយៈពេល១ឆ្នាំ និងសប្ដាហ៍។

តំណាងឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានអះអាងថា សំណើរបស់លោកស្រី រ៉ូណា ស្មីត ដើម្បីសុំជួបលោក កឹម សុខា ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា ត្រូវបានបដិសេធ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា មិនដែលធ្លាប់ទទួលបានសំណើណាមួយពីខាងលោកស្រី ដើម្បីសុំជួបមេដឹកនាំអតីតគណបក្សប្រឆាំងនេះឡើយ។

យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន បញ្ជាក់ថា លោក កឹម សុខា មិនស្ថិតនៅក្រោមអាណត្តិ ឬការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលឡើយ តែលោកស្ថិតក្រោមអាណត្តិនៃការគ្រប់គ្រងរបស់តុលាការ ពីព្រោះលោក កឹម សុខា ជាជនសង្ស័យ។

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល១១ថ្ងៃ អ្នកជំនាញរូបនេះ បានជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងទូតនានា៕