ក្រសួងមហាផ្ទៃ ជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងសមត្ថភាពផ្នែកវិមជ្ឈការ និងវិសហមជ្ឈការ នៅតាមមូលដ្ឋាន

08-11-2018 9:19pm

ភ្នំពេញៈ មន្រ្ដីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ បានជំរុញ​ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងសមត្ថភាពផ្នែកវិមជ្ឈការ​ និងវិសហមជ្ឈការនៅតាមមូលដ្ឋាន​ ដើម្បីផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរ ។

ថ្លែងក្នុងសិក្ខាសាលាមន្រ្ដីរដ្ឋបាលជាន់ខ្ពស់​ ស្ដីពីភាពជាអ្នកដឹកនាំ​ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន​ កាលពីរសៀលថ្ងៃទី​៨​ ខែវិច្ឆិកា​ នៅសណ្ឋាគារសាន់វ៉េ​ លោក​ សក់​ សេដ្ឋា​ រដ្ឋលេខាធិការប្រចាំការ​ នៃក្រសួងមហាផ្ទៃ​ បានមានប្រសាសន៍ថា​ មន្រ្ដីសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ដែលរួមមានទាំងក្រុមប្រឹក្សា​ និងមន្រ្ដីរាជការស៊ីវិលនៅតាមអង្គភាពនានា​ ចាំបាច់ត្រូវយកចិត្ដទុកដាក់ពង្រឹង សមត្ថភាពរបស់ខ្លួនជាប្រចាំ​ ទាំងជំនាញផ្នែករឹង​ និងជំនាញផ្នែកទន់ ។

លោក​បញ្ជាក់ថា​ ការពង្រឹងសមត្ថភាពផ្នែកវិមជ្ឈការ​ និងវិសហមជ្ឈការនៅតាមមូលដ្ឋាននេះ​ គឺដើម្បីលើកកម្ពស់គណនេយ្យភាពចំពោះពលរដ្ឋនៅតាមមូលដ្ឋាន​ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន​ និងការបម្រើសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព​ និងស័ក្ដិសិទ្ធភាព​ មានលក្ខណៈឆ្លើយតប​ សមធម៌​ និងបរិយាប័ន្ន ។

ជាមួយគ្នានេះ​ លោកស្រី​ មិថុនា​ ភូថង​ អភិបាលខេត្ដកោះកុង បានប្ដេជ្ញានឹងខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត​ ជាពិសេសជំរុញដល់មន្រ្ដីក្រោមឱវាទ​ ដើម្បីផ្ដល់សេវាសាធារណៈ​ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរ ។

លោកស្រី​បានបញ្ជាក់ថា​ ដោយមានការប្ដេជ្ញា ​នឹងខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត​នេះ បន្ទាប់ពីលោកស្រីបានទទួលការបណ្ដុះបណ្ដាលពីភាគីកូរ៉េនាពេលនេះ​ ដែលមានបទពិសោធន៍​ និងជោគជ័យលើការងារវិមជ្ឈការ​ និងវិសហមជ្ឈការនេះ​ ដើម្បីយកបទពិសោធន៍ទាំងនេះចូលរួមអនុវត្ដជាមួយវិមជ្ឈការ​ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅអនុវត្ដផ្ទាល់ក្នុងមូលដ្ឋានរបស់ខ្លួន៕