សមត្ថកិច្ចខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្សារនាគមាស

08-11-2018 9:05pm

ភ្នំពេញៈ សមត្ថកិច្ចសណ្តាប់ធ្នាប់ខណ្ឌទួលគោកដឹកនាំដោយលោក ឯក ឃុនដឿនជាអភិបាលខណ្ឌ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាផ្លូវជុំវិញផ្សារនាគមាស ពិសេសផ្លូវលេខ៣៣៩ និងផ្លូវលេខ២៣៤ ដែលត្រូវបានក្រុមអាជីវកររំលោភយកធ្វើជាកន្លែងដាក់តាំង និងស្តុកទំនិញយ៉ាងអនាធិបតេយ្យ ។

ផ្លូវពីរខ្សែនេះ មិនអាចធ្វើចរាចរឆ្លងកាត់បាននោះទេ បើទោះបីកន្លងមកនេះ អាជ្ញាធរខណ្ឌ ខិតខំរៀបចំ និងពន្យល់ណែនាំ ដល់អាជីវករជាច្រើនលើក ច្រើនសារ ក៏ដោយ ។

មុខទំនិញ ដែលភាគច្រើនលើសលប់ ជាកសិផល បន្លែ ផ្លែឈើ ត្រូវបានក្រុមអាជីវករ ដាក់លក់ពេញលើទ្រូងផ្លូវតែម្តង ។ ជាងនេះទៀតនោះ គឺរថយន្តធំៗ ដឹកទំនិញមកពីតាមបណ្តាខេត្ត និងប្រទេសវៀតណាម ចូលមកចត លើកដាក់ទំនិញដោយមិនខ្វល់នឹងការប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈឡើយ ពិសេសផ្លូវម៉ៅសេទុង ក៏ត្រូវបានរំលោភបំពាននៅពេលសមត្ថកិច្ចដកកម្លាំងចេញ ។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌទួលគោកកាលពីថ្ងៃទី៧ ខែវិច្ឆិកា លោកឯក ឃុនដឿន បានដាស់តឿនដល់សមត្ថកិច្ចទាំងថ្នាក់ខណ្ឌ និងសង្កាត់ត្រូវយកចិត្តទុកដាក់គ្រប់ពេលពីបញ្ហាសណ្តាប់ធ្នាប់ និងរថយន្តដឹកទំនិញ នៅផ្សារនាគមាស និងផ្សារដើមគ ដោយហាមដាច់ខាតមិនឲ្យមាននោះទេ ត្រូវចាប់ផាកពិន័យទៅតាមផ្លូវច្បាប់៕