អ្នករាយការណ៍ពិសេស ៖ បើកម្ពុជា ឆ្លើយតបទៅនឹងក្ដីបារម្ភរបស់ EU ការដកពន្ធនឹងមិនកើតឡើង

08-11-2018 7:22pm

ភ្នំពេញៈ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានអះអាងថា ប្រសិនបើកម្ពុជា ខិតខំប្រឹងប្រែងពិតប្រាកដ ឆ្លើយតបទៅនឹងក្ដីបារម្ភរបស់សហភាពអឺរ៉ុប (EU) ដែលបានទុកឱកាសឲ្យ១២ខែ ពិចារណាចំពោះសំណើ EU ពាក់ព័ន្ធករណីដោះលែងលោក កឹម សុខា បក្សសង្រ្គោះជាតិរស់ឡើងវិញ និងបើកសិទ្ធិឲ្យអ្នកនយោបាយ១១៨រូបនោះ ការសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់ប្រភេទ (EBA) ពីកម្ពុជា របស់ EU គឺមិនអាចកើតមានឡើងនោះទេ។

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ លោកស្រី Cecilia Malmstrnm តំណាងជាន់ខ្ពស់ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប បានលើកឡើងថា សហភាពអឺរ៉ុប បានប្រាប់ភាគីកម្ពុជាថា ខ្លួនកំពុងធ្វើសំណើការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ទៅលើទំនិញគ្រប់មុខ ដែលនាំចូលទីផ្សារអឺរ៉ុប លើកលែងតែសព្វាវុធ ហៅកាត់ថា (EBA)។

សហភាពអឺរ៉ុប ទុកពេលឲ្យកម្ពុជា ១២ខែទៀត សម្រាប់កែប្រែ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ឲ្យងាកមកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យវិញ ដើម្បីជៀសផុតពីការគាបសង្កត់ ពីសហគមន៍បរទេស ដែលកាន់របបប្រជាធិបតេយ្យ ពិសេសការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបជាដើម។

សន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចនៅកម្ពុជា ក្នុងរយៈពេល១០ថ្ងៃ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា “ប្រសិនបើប្រទេសកម្ពុជា ខិតខំប្រឹងប្រែងពិតប្រាកដ ហើយនឹងលឿននៅក្នុងការបង្កើត ឬក៏នៅក្នុងឆ្លើយតបទៅនឹងក្ដីបារម្ភរបស់សហភាពអឺរ៉ុប តាមអ្វីដែលបានស្នើឡើងនោះ ខ្ញុំគិតថា ការសម្រេចចិត្តដកនោះ គឺប្រហែលជានឹងមិនកើតឡើងនោះទេ។ ចឹងប្រសិនបើមានស្ថានភាពមានការប្រែប្រួលហើយ មានការកែលម្អ ការសម្រេចចិត្ត នឹងការកែលម្អផងដែរ”

ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ជាង១ពាន់នាក់ នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃទី១៩ ខែតុលា សម្ដេចតេជោ បានថ្លែងថា កម្ពុជា មិនទាន់បាត់បង់អ្វីទាំងអស់ ចំពោះការអនុគ្រោះពន្ធទំនិញពីសហភាពអឺរ៉ុប ក៏ប៉ុន្តែផ្ទុយទៅវិញ បញ្ហានេះ ត្រូវបានក្រុមប្រឆាំងយកទៅធ្វើជាសង្គ្រាមចិត្តសាស្ត្រ វាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លើកឡើងថា ការដកប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញគ្រប់មុខរបស់សហភាពអឺរ៉ុប នឹងជះឥទ្ធិពលមកកម្ពុជា ដោយសារភាគច្រើនអ្នកវិនិយោគនៅកម្ពុជា វិនិយោគលើវិស័យកាត់ដេរ។ ដូច្នេះបញ្ហាទាំងនេះ មានតែអ្នកនយោបាយមួយទេ ទើបដោះស្រាយបញ្ហាបាន។

សូមរំឭកថា ប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី (ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ) ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើងកាលពីឆ្នាំ២០០១ ដើម្បីផ្ដល់ការលើកទឹកចិត្តដល់ប្រទេស ដែលមានការអភិវឌ្ឍតិចតួចនៅលើពិភពលោក ចំពោះការមិនគិតពន្ធ ឬទទួលបានប្រព័ន្ធកូតាសេរី ក្នុងការនាំទំនិញទាំងអស់ចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប លើកលែងតែអាវុធ និងគ្រាប់រំសេវ៕