Prius បុក​​ឲ្យ​របួសធ្ងន់ Range Rover អ្នកបញ្ចប់ជីវិត រួចបើករត់បាត់ទាំង២ តែបន្សល់ទុកស្លាកលេខនៅកន្លែងកើតហេតុ

08-11-2018 4:34pm

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងអ្នករួមដំណើរម្នាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តព្រូល និងរថយន្តរ៉េងរ៉ូវ័រ បើកបុកម៉ូតូជនរងគ្រោះពេញទំហឹង ហើយបើកគេចខ្លួនបាត់ ដោយបន្សល់ទុកស្លាកលេខរថយន្តមួយគ្រឿង នៅនិងកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៖៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបដេអិន តាមបណ្តោយផ្លូវលេខ១២៨ កែងនិងផ្លូវលេខ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ជឹម សុខេង ភេទប្រុស អាយុ២៦ឆ្មាំ មានស្រុកកំណើត ភូមិព្រៃក្តួច ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកអ្នករួមដំណើរម្នាក់ទៀត រងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-9447 បានធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ លុះមកដល់ផ្លូវបំបែកជាបួនចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុគីឡេត ពណ៌សលាយខៀវ ពាក់ស្លាកលខព្រៃវែង 1L-5139 ជិះដោយបុរស២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១២៨ ទិសដៅពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យខ្ទាតជនរងគ្រោះប្រមាណជា២០ម៉ែត្រ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាករ៉េងរ៉ូវ័រមិនចាំស្លាកលេខ បានមកបុកបន្ថែមរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះក្លីនិច ហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ តែអកុសលជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរពេកបានដាល់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវតែម្ដង ទើបរថយន្តសង្គ្រោះដឹកយកកន្លែងកើតហេតុវិញ។

ចំណែករថយន្តបង្កទាំង២នោះ បានបើកររត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលដោយបន្សល់ទុកស្លាកលេខរថយន្តជាប់ និងកាងរថយន្តខាងមុខនៅនិងកើតហេតុ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅទំនាក់ទំនងជាមួយសមត្ថកិច្ចជំនាញឲ្យមកកោលស្យវិច័យសពរួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាបណ្តោះអាសន្នរងចាំសាច់ញាត្តិយកឯការមកផ្ទៀតផ្ទាត់យកត្រឡប់ទៅផ្ទះវិញ៕