លោក ត្រាំ ប៉ះពាក្យសម្ដីជាមួយអ្នកកាសែត CNN ក្រោយចាញ់ឆ្នោត នៅរដ្ឋសភាអាមេរិក

08-11-2018 3:09pm

អាមេរិកៈ រយៈពេលមួយថ្ងៃ ក្រោយពេលដែលគណបក្សរបស់លោកចាញ់ឆ្នោត នៅរដ្ឋសភា ឬសភាតំណាងរាស្រ្ត លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដើរចូលសន្និសីទកាសែតនៅឯសេតវិមាន ដើម្បីត្រៀមខ្លួនប្រឈមនឹងសង្រ្គាមនយោបាយ ការពិនិត្យឈ្មោះមន្រ្តីគណបក្សសាធារណរដ្ឋ ដែលលោកបានត្រូវបន្ទោសរឿងចាញ់អាសនៈរបស់ពួកគេ និងវាយប្រហារមកលើអ្នកកាសែតរូបណា ដែលតែងតែផ្ចាញ់ផ្ចាលការអះអាងរបស់លោក។

សន្និសីទកាសែតរបស់លោក ត្រាំ ដែលមានរយៈពេលជិត៩០នាទី បានធ្វើឲ្យមានការរង្គៀសចិត្តភ្លាមៗ ពេលដែលអ្នកកាសែតមួយចំនួន បានចោទសួរចំៗថា តើវោហារសាស្រ្តយុទ្ធនាការរបស់លោក ទៅលើបញ្ហាជនអន្តោប្រវេសន៍ពីអាមេរិកកណ្តាល គឺជាដើមចមនាំឲ្យមានការបែងចែកគ្នា ហើយនិងចោទសួរដល់ដំណើរការអភិវឌ្ឍ ស្តីពីការស៊ើបអង្កេតសហព័ន្ធលើការជ្រៀតជ្រែករបស់រុស្ស៊ី ចូលទៅក្នុងការបោះឆ្នោត ឆ្នាំ២០១៦ និងការសម្របសម្រួលណាមួយ រវាងទីក្រុងម៉ូស្គូ និងយុទ្ធនាការរបស់លោក ត្រាំ។

លោក ត្រាំ បាននិយាយប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ CNN គឺលោក ជីម អាកូស្តា ដែលបានប្រតាយប្រតប់គ្នាជាមួយបុគ្គលិកសេតវិមាន ក្រោយពីគេបានព្យាយាមទាញក្បាលម៉ៃក្រូហ្វូនពីដៃរបស់គាត់នោះថា “CNN គួរតែរងភាពអាម៉ាស់ដោយខ្លួនឯង ដោយសារតែមានអ្នកឯងធ្វើការឲ្យពួកគេ”។ លោក ត្រាំ បាននិយាយប្រាប់លោក អាកូស្តា ថា “អ្នកឯងឈ្លើយ គឺជាមនុស្សអន់ខ្លាំងណាស់”៕