២គ្រាប់ នៅ៥នាទីចុងក្រោយ ធ្វើឲ្យ Man Utd បំបាក់ Juventus ២-១ នៅ Champions League

08-11-2018 3:02pm

បាល់ទាត់ៈ ក្រុមបិសាចក្រហម Man Utd បានធ្វើឲ្យក្រុមយក្ស Juventus មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការរកបាន២គ្រាប់ នៅ៥នាទីចុងក្រោយ ដើម្បីយកឈ្នះក្រុមជើងឯកបាល់ទាត់អ៊ីតាលីមួយនេះ ២-១ នៅក្នុងទីក្រុង Turin ហើយផ្តល់ឱកាសល្អដល់ពួកគេ ក្នុងការឡើងទៅដំណាក់កាលចែកពូល Champions League Knockout។

កីឡាករ Juan Mata បានពេនមួយជើងពីការទាត់បាល់ពិន័យ Free-kick នៅ៥នាទីចុងក្រោយ មុនពេលដែលការស៊ុតបាល់របស់កីឡាករ Ashley Young ផ្លាតត្រូវខ្សែការពារ Alex Sandro របស់ក្រុម Juventus បណ្តោយឲ្យបាល់ចូលទីខ្លួនឯង។

កីឡាករ Cristiano Ronaldo បានធ្វើឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ជាមួយនឹងការពេនបាល់មួយជើងយ៉ាងអស្ចារ្យ ពេលប៉ះជាមួយអតីតក្រុមរបស់គាត់មួយនេះ។

កីឡាករ Ronaldo បានមើលការបញ្ជូនបាល់ឆ្ងាយរបស់កីឡាករ Leonardo Bonucci ដោយប្រើស្មារបស់គាត់ មុនពេលពេនមួយជើងកាត់អ្នកចាំទី David De Gea របស់ក្រុម Man Utd សម្រាប់គ្រាប់បាល់លើកដំបូងរបស់គាត់នៅការប្រកួតមួយនេះ ចាប់តាំងពីបានផ្ទេរមកកាន់ក្រុមកំពូលតារាង  Serie Aមួយនេះ៕