តើសភា ក្រោមការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ អាចនឹងគាំទ្រសង្គ្រាមពាណិជ្ជកម្មជាមួយចិន ដែរឬទេ?

08-11-2018 2:42pm

វ៉ាស៊ីនតោនៈ ក្រោយទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតរដ្ឋសភា ក្រុមអ្នកវិភាគកំពុងតែខិតខំស្វែងយល់ពីទស្សនៈនយោបាយរបស់គណបក្សប្រជាធិបតេយ្យ មានទស្សនៈបែបណាដែ​រចំពោះសង្គ្រាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ។

ប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងទទួលបានការគាំទ្រពីគណបក្សប្រជាធិបតេយ្យ ​នៅក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិន។ ទាំងនោះ អាស្រ័យទៅលើប្រធានាធិបតី ដូណាល់ ត្រាំ ថាតើលោកបានត្រៀមចិត្តពិភ្សាជាមួយលោកស្រី Nancy Pelosi ​នឹងក្លាយជាប្រធានរដ្ឋសភា នៅពេលខាងមុខ ដែលជាបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ។

នៅពេលដែលលោក ដូណាល់ ត្រាំ ឃោសនាបោះឆ្នោតប្រធានាធិបតី លោកបានបង្ហាញពីគោលជំហររឹងមាំជាមួយចិន ជានយោបាយដែលគណបក្សប្រជាធិបតេយ្យ បានអនុវត្តន៍នៅពេលកាន់អំណាចផងដែរ។​ ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា គណបក្សប្រជាធិបតេយ្យ អាចនឹងគាំទ្រគោលនយោបាយមួយចំនួន ប៉ុន្តែមិនទាំងស្រុងនោះឡើយ។

លោក​ Edward Alden ​សមាជិកជាន់ខ្ពស់របស់គណៈកម្មការទំនាក់ទំនងការបរទេស បានបញ្ជាក់ថា “លោក ត្រាំ ជាអ្នកពង្រឹងការទប់ស្កាត់ឥទ្ធិពលរបស់ចិន ហើយគណបក្សប្រជាធិបតេយ្យ​ ជាអ្នកគាំទ្រយ៉ាងសកម្មនូវបញ្ហាទំាងនោះ។ គណបក្សប្រជាធិបតេយ្យ នឹងគាំទ្រភាគច្រើន នយោបាយជាមួយចិន ស្របទៅនឹងដំណើរឆ្ពោះមកកាន់ទ្វីបអាស៊ី ឡោមព័ទ្ធចិន របស់អតីតប្រធានាធិបតី អូបាម៉ា។ ទំាងនោះហើយ ដែលគណបក្ស​ប្រជាធិបតេយ្យ អាចនឹងគាំទ្រ”។

បើទោះបីបែបណាក្តី លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្ហាញយ៉ាងច្បាស់ថា អ្នកនយោបាយអាមេរិក កាន់តែប្រេះឆា។ លទ្ធផល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ​នា​ថ្ងៃ​អង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ ​ទទួល​បាន​សំឡេង​ភាគច្រើន​ នៅ​ក្នុង​រដ្ឋសភា។ ចំណែក​គណបក្សសាធារណរដ្ឋ​ របស់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ បន្ត​រក្សា​សំឡេង​ភាគច្រើន​ នៅ​ក្នុង​ព្រឹទ្ធសភា​ដដែល។

លោក​ ដូណាល់ ត្រាំ ​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ​ដោយ​បាន​ចាត់​ទុក​ជា​ជោគជ័យ​ដ៏​ធំធេង តែ​មិន​បាន​លើក​ឡើងពី​ការ​បាត់បង់​សំឡេងភាគច្រើន​ របស់​គណបក្ស​សាធារណរដ្ឋ​ នៅ​ក្នុងរដ្ឋ​សភានោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ លទ្ធផល​នៃ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ​នៅ​អាមេរិក ​នាពេល​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​សង្គម​អាមេរិក​ ដែល​កំពុង​ប្រេះឆា​ស្រាប់​ នឹង​រឹត​តែ​បែកបាក់​ថែម​ទៀត៕