អឺរ៉ុប បង្កើតកម្លាំងការពារខ្លួនឯង ក្រោយពេលអង្គការ ណាតូ រង្គោះរង្គើ

08-11-2018 9:43am

បារាំងៈ ដោយមានការអំពាវនាវពីប្រធានាធិបតីបារាំង លោក​ Emmanuel Macron ស្តីពីការបង្កើតកងកម្លាំងការពាររួមនៅតំបន់អឺរ៉ុប នៅពេលនេះ កម្លាំងទាហានរួមអឺរ៉ុប បានបង្ហាញរូបរាងហើយ នៅថ្ងៃទី៧ ខែវិច្ឆិកានេះ។ កម្លាំងទាហានការពាររួមតំបន់អឺរ៉ុបនេះ នឹងធ្វើសកម្មភាពឆ្លើយតបចំពោះវិបត្តិផ្សេងៗ នៅជាប់ព្រំដែនអឺរ៉ុប និងបានលេចចេញជារូបរាងនៅទីក្រុងប៉ារីសជាផ្លូវការ។

សកម្មភាពបង្កើតកងកម្លាំងការពាររួម ដែលស្នើឡើងដោយបារាំងនេះ ស្ថិតនៅដាច់ដោយឡែកពីអង្គការណាតូ។ ការសម្រេចបង្កើតឡើងកម្លាំងរួមនេះដែរ ក្រោយពេលដែល ណាតូ មានសញ្ញាមិនល្អ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលព្រមានដើរចេញ។

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានស្នើបង្កើតកម្លាំងរួមអស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ ប៉ុន្តែមិនទាន់បានសម្រេច ដោយសារតែមានបញ្ហាមួយចំនួន នៅក្នុងប្រទេសសម្ព័ន្ធមិត្តអឺរ៉ុប។

មកទល់ពេលនេះ មាន​៩ប្រទេសក្នុងតំបន់ ដូចជា អាល្លឺម៉ង់ ប៊ែលហ្សិច អង់គ្លេស ដាណឺម៉ាក ​អេស្តូនៀ ហូល្លង់ ហ្វាំងឡង់ អេស្បាញ ព័រទុយហ្គាល បានចូលរួមនៅក្នុងកម្លាំងការពាររួមនេះ។ ប្រទេសជាសមាជិក នឹងធ្វើការវិភាគទៅលើវិបត្តិ និងមនុស្ស ដើម្បីដោះស្រាយបញ្ហា ដែលប្រទេសក្នុងតំបន់ប្រឈមមុខ។

ប្រធានគណៈកម្មការអឺរ៉ុប លោក​ Jean Claude Juncker ​បានគាំទ្រ ហើយថា អឺរ៉ុប ចាំបាច់ត្រូវតែមានកម្លាំងការពារឯករាជ្យពីណាតូ។

តាមមន្ត្រីការពារជាតិបារាំង បានបញ្ជាក់ថា អឺរ៉ុប នឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារផលប្រយោជន៍រួមនៅក្នុងតំបន់ ដោយមិនចាំបាច់មានកម្លាំងពីខាងក្រៅ។

លោក ​Jean Claude Juncker ​បានបញ្ជាក់ថា កម្លាំងការពាររួមខាងលើ មិនមានវិវាទ ឬទំនាស់ជាមួយកម្លាំងណាតូឡើយ ហើយអាចចូលរួម នៅក្នុងសកម្មភាពផ្សេងៗជាមួយ ណាតូ ក្នុងបរិវេណអឺរ៉ុប៕