នូ សុភេន បញ្ជូនកូនស្រីប្រឡូកសិល្បៈបុរាណទាំងវ័យក្មេង ស្រប​ពេលយុវវ័យមិនសូវឲ្យ​តម្លៃ

08-11-2018 9:33am

ភ្នំពេញៈ ដើម្បីទ្រទ្រង់សិល្បៈបុរាណតាំងពីដើមមក លោក នូ សុភេន តែងតែរំលេចអ្វីជាបុរាណខ្មែរ ដោយលោកស្រឡាញ់ការងារបែបបុរាណនេះណាស់។ ម្ល៉ោះហើយ លោកបានបញ្ជូនកូនស្រីចូលហ្វឹកហាត់ផ្នែករបាំ ដើម្បីស្នងត្រកូល។

ខណៈដែលមនុស្សច្រើន មិនសូវឲ្យ​តម្លៃលើសិល្បៈទម្រង់បុរាណ និងរឹតតែមិនចង់ឲ្យ​តំ​ណក់ឈាមរបស់ខ្លួន ក្លាយជាសិល្បករផ្នែកបុរាណ ដែលត្រូវគេដឹងថា មិនសូវមានចំណូល និងមិនមានទីផ្សារនោះ លោក នូ សុភេន អ្នកច្នៃសម្លៀ​កបំពាក់បុរាណ និងជាអនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា បែរជាជំរុញកូនស្រី​ឲ្យ​ចូលប្រឡូកផ្នែកសិល្បៈបុរាណតាំងពីក្មេងតែម្ដង។ លោកបញ្ជាក់យ៉ាងខ្លីថា បើកូនអ្នកមានសុទ្ធតែចង់ប្រឡូក តែមុខជំនាញរកលុយបាន ចុះមុខជំនាញសិល្បៈបុរាណ តើអ្នកណាអ្នកស្នង ហើយអាចឬទេ ដែលសិល្បៈមួយនេះ ត្រូវគេយល់ថា លុះត្រាតែកូនអ្នកអត់ កូនអ្នកគ្មានជម្រើស ទើបចូលរៀននៅសាលាវិចិត្រសិល្បៈឬ?

លោកបានបង្ហោះនៅលើហ្វេសប៊ុកថា «ថ្ងៃដំបូងរបស់កូនស្រី ក្នុងការសិក្សាផ្នែករបាំបុរាណរបស់ជាតិយើង  ប៉ាម៉ាក់ជឿរថា កូនអាចធ្វើបានគ្រប់យ៉ាង ប៉ាម៉ាក់តែងទន្ទឹងរង់ចាំកូនចម្រើនវ័យគ្រប់ ដើម្បីបានចូលរៀនជំនាញនេះ ជូនពរកូនស្រី បានសម្រចក្តីស្រលាញ់របស់កូន ដែលជាក្តីស្រមៃដ៏ធំបំផុតរបស់ប៉ា។  សំផល កន្និដ្ឋារ័ត្ន ជាបេះដូងរបស់ប៉ាម៉ាក់»

លោកបានបន្តទៀតថា ហេតុផលដែលលោកសម្រេចចិត្តអោយកូនស្រីចូលសិក្សាលើមុខជំនាញនេះ គឺដើម្បីរួមចំណែកលើកស្ទួយសិល្បៈបុរាណ ហើយលោកកាន់តែមានអារម្មណ៍សង្វេគ ដែលមុខវិជ្ជាសិល្បៈបុរាណ នៅក្នុងសាលាវិចិត្រសិល្បៈ ស្ទើរតែគ្មានសិស្សចាប់អារម្មណ៍ ដោយកូនៗអ្នកមាន គឺរឹតតែមើលរំលង។ លោកថា ខ្លួនមិនខ្វះលទ្ធភាពអោយកូនសិក្សាលើមុខវិជ្ជាល្អៗនោះទេ ប៉ុន្តែបណ្ដាលមកពីស្រឡាញ់តាំងពីកូនស្រីមិនទាន់គ្រប់អាយុចូលរៀនរបាំបុរាណ និងដោយសារតែចង់ព​ញាក់អារម្មណ៍ថា មុខវិជ្ជានេះ គឺសំខាន់សម្រាប់ជាតិសាសន៍មួយ ដែលមានវប្បធម៌ផូរផង់ ទើបលោកសម្រេចចិត្តអោយចូលសិក្សា។

ជាមួយនឹងការសម្រេចចិត្តរបស់លោក ធ្វើអោយម្នាក់ៗមានការកោតសរសើរមិនតិចទេ ដោយ​សារតែលោកត្រូវគេដឹងថា មានលទ្ធភាពគ្រប់អោយកូនសិក្សាលើមុខវិជ្ជា ដែលមនុស្សភាគច្រើននិយមហៅថា មុខវិជ្ជាកើបលុយ និងកើបឱកាស ប៉ុន្តែលោកបែរជាបណ្ដុះគំនិត និងជំរុញអោយកូនស្រីរបស់ខ្លួន សិក្សារបាំបុរាណ ទាំងដឹងថា អ្នកជំនាញនេះច្រើននាក់ មិនត្រូវបានទទួលការលើកស្ទួយ ឬហៅយ៉ាងខ្លីថា ក្រោយពីចេះស្ទាត់ គឺគ្មានទីផ្សារទូលំទូលាយ៕