កម្ពុជា នឹង​ប្រកួត​ក្នុង​ពាន AFF Suzuki Cup ល្ងាច​នេះ ​ដោយ​គ្មាន​វត្តមាន​អ្នកចាត់ការ​ក្រុម Keisuke Honda

08-11-2018 7:41am

ភ្នំពេញៈ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ទទួលស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលជាប្រកួតបើកឆាកជាមួយក្រុមម្ចាស់ផ្ទះជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018 វគ្គជម្រុះពូល A ដែលនឹងធ្វើឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។

លោក Félix Agustín González Dalmás ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញទស្សនៈមុនការប្រកួតមកដល់ថា «យើងសប្បាយចិត្តចំពោះការប្រកួតនេះ ហើយយើងបានត្រៀមខ្លួនរួចរាល់ និងខ្លាំងក្លាជាងមុន ក្នុងការហ្វឹកហាត់កន្លងមក។ ដូចនេះការប្រកួតថ្ងៃនេះគឺពិតជាល្អមើល»

គ្រូបង្វឹកជនជាតិអាហ្សង់ទីន រូបនេះ បញ្ជាក់ថា អ្នកចាត់ការក្រុម Keisuke Honda នឹងមិនមានវត្តមានក្នុងការប្រកួតនេះនោះទេ ព្រោះមានភារកិច្ចរវល់ផ្ទាល់ខ្លួនតែថា លោកបានទាក់ទងជាមួយនឹងក្រុមការងារ និងកីឡាករជាប់ជានិច្ច។ លោក Felix ទទួលស្គាល់ថា វត្តមានរបស់ Honda ក៏មានសារៈសំខាន់ដល់ក្រុម តែថាមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ។

ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយក្រុមភ្ញៀវម៉ាឡេស៊ី នៅវេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។ ប្រកួតនេះមានផ្សាយផ្ទាល់នៅលើប៉ុស្តិ៍ទូរទស្សន៍ BTV News ផងដែរ។

ចំណែកសំបុត្រសម្រាប់ទស្សនិជនចង់ចូលរួមទស្សនាផ្ទាល់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់លក់តាំងពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មកម៉្លេះ គឺចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាចនៅពហុកីឡដ្ឋានជាតិ ដោយសំបុត្រមានតម្លៃ១២,០០០៛សម្រាប់ប្រភេទទី១និងតម្លៃ៦,០០០៛ សម្រាប់ប្រភេទទី២។ ចំពោះព័ត៌មានបន្ថែមសូមទាក់ទងក្នុងម៉ោងធ្វើការទៅលេខ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០។

បើនិយាយពីពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះនឹងធ្វើឡើចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨៕