«កូនក្រក» គ្រាន់តែប្រកាសបញ្ចាំងភ្លាម ធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ទស្សនា

08-11-2018 7:38am

កម្សាន្តៈ ដូចការគ្រោងទុក ផលិតកម្ម LD Picture បានរៀនចំកម្មវិធីសម្ពោធដាក់បញ្ចាំងជាផ្លូវការ រឿង «កូនក្រក» ដែលជារឿងនិយាយពីមន្តអាគមកូនក្រក ដោយការវះយកពីស្ត្រីមានផ្ទៃពោះ។ ពិធីនេះ ត្រូវបានរៀបចំឡើងកាលពីល្ងាចមិញនេះ ស្ថិតក្នុងផ្សារទំនើបអ៊ីអនម៉លសាខាទី១ រាជធានីភ្នំពេញ ក្រោមវត្តមានផលិតករ តួសម្តែង និងភ្ញៀវកិត្តិយសច្រើនកុះករ។

រឿង «កូនក្រក» និយាយពីដំណើររឿងមួយចំនួន ពាក់ព័ន្ធនឹងមហាចោរចាប់ជំរិតដ៏ល្បីរន្ទឺកាលពី១៩ឆ្នាំមុននោះ គឺអា រ៉ាស្មាច់។ ម៉្លោះហើយ នាយ ពាក់មី បាននិពន្ធ ក៏ដូចជាដឹកនាំសម្តែងទៅជាសាច់រឿងភាពយន្ត ដែលកំពុងតែមានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម ក្រោយចេញជាឈុតវិដេអូខ្លីប៉ុន្មានថ្ងៃមុននេះ។

រឿង «កូនក្រក» ចាប់បញ្ចាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨តទៅ។ យោងតាមការឲ្យដឹង សាច់រឿងនេះ ត្រូវបានទស្សនិកជនជាច្រើន ត្រៀមរួចរាល់សម្រាប់ការកក់សំបុត្រទិញទស្សនា ដើម្បីចង់ដឹងថា ផ្ទៃរឿងមានភាពល្អឥតខ្ចោះបែបណា ពិសេសពាក់ព័ន្ធរឿងរ៉ាវរបស់មេចាប់ជំរិតដ៏ល្បីអា រ៉ាស្មាច់។

ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានលើកឡើងថា រឿង «កូនក្រក» គឺជាស្នាដៃសម្រិតសម្រាំងមួយរបស់ផលិតកម្ម សម្រាប់ជាចំណីអារម្មណ៍របស់អ្នកទស្សនា នាចុងឆ្នាំ២០១៨នេះ។ អ្វីដែលពិសេស ស្នាដៃនេះ គឺផ្ដោតសំខាន់លើជំនឿលើកូនក្រក ដែលប្រជាជនខ្មែរ តែងមានជំនឿខ្លាំងនាពេលកន្លងមក។ លោកថា រឿងនេះ មិនមែននិយាយពីប្រវត្តិពិតរបស់មេចោរអា រ៉ាស្មាច់ ទេ ក៏ប៉ុន្តែលោកគ្រាន់តែលើកមកត្រួសៗប៉ុណ្ណោះ ដោយផ្ដោតសំខាន់ជំនឿលើកូនក្រក។

លោក លៀក លីដា បង្ហាញពីការរំពឹងទុកថា ស្នាដៃថ្មីរបស់ផលិតកម្ម LD Picture មួយនេះ ពិតជាទាក់ទាញខ្លាំងសម្រាប់អ្នកទស្សនា ព្រោះមិនត្រឹមតែបង្ហាញពីការជំនឿលើកូនក្រកប៉ុណ្ណោះទេ គឺថែមទាំងមានឈុតឆាកជាច្រើនទៀត ប្រជុំដោយតារាល្បីៗចូលរួមសម្ដែង។ លោកបន្តថា រយៈពេល៥ខែកន្លង ទៅរឿងខ្មែរ ស្ទើរ៩០% ជារឿងខ្មោច។ ដោយឡែករឿង «កូនក្រក» ជារសជាតិថ្មីខុសពីគេ ព្រោះជារឿងឃាតកម្ម ដូចនេះលោកគិតថា ទស្សនិកជននឹងគាំទ្រ៕