ពណ៌បៃតង គ្របដណ្ដប់លើតារាងផ្សារហ៊ុន (មូលបត្រ) តំបន់អាស៊ី

07-11-2018 2:38pm

សិង្ហបុរីៈ តារាងពណ៌បៃតង បានគ្រប់ដណ្តប់ស្ទើរតែពេញតារាង នៃតម្លៃទីផ្សារភាគហ៊ុននៅទ្វីបអាស៊ី ក្នុងពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក មានការប្រែប្រួល។ គណបក្សសាធារណរដ្ឋ ដែលជាបក្សកាន់អំណាច បន្តគ្រប់គ្រងព្រឹទ្ធសភា ប៉ុន្តែគណបក្សប្រជាធិបតេយ្យវិញ កំពុងតែឆ្ពោះទៅមុខ ក្នុងការគ្រប់គ្រងសំឡេងភាគច្រើន នៅក្នុងរដ្ឋសភាអាមេរិក ដូចទៅនឹងអ្វីដែលក្រុមអ្នកឯកទេសបានលើកឡើងមុនការបោះឆ្នោត។

នៅលើទីផ្សារភាគហ៊ុន នាថ្ងៃទី៧ ខែវិច្ឆិកានេះ តួលេខក្រុមហ៊ុន Hang Seng នៅលើទីផ្សារមូលបត្រហុងកុង បានកើនឡើង១,២ភាគរយ។ ចំណែកតួលេខក្រុមហ៊ុន Shanghai Composite នៅទីក្រុងសៀងហៃ ក៏បានកើនឡើង០,៣ភាគរយផងដែរ។ ក្រៅពីនេះ តារាពណ៌ខៀវ ក៏បានគ្របដណ្តប់នៅលើទីផ្សារមូលបត្រផ្សេងទៀត ក្នុងតំបន់អាស៊ី ក្នុងនោះមានទីក្រុងតូក្យូ សេអ៊ូល ស៊ីដនី ដោយមានកំណើន ដូចជា០.៧ , ០.៥ និង០.២ជាដើម។

ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអាមេរិកវិញ គិតដល់វេលាថ្ងៃត្រង់នេះ (ម៉ោងនៅកម្ពុជា) គណបក្សប្រជាធិបតេយ្យ បាននាំមុខគណបក្សសាធារណរដ្ឋ ដោយឈានទៅគ្រប់គ្រងសភាតំណាងរាស្ត្រ ដែលមានអាសនៈ១៩៦ ខណៈគណបក្សសាធារណរដ្ឋវិញ ទើបបានតែ១៨១ប៉ុណ្ណោះ។ តាមប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិក គណបក្សប្រជាធិបតេយ្យ នឹងទទួលបានអាសនៈ២១៨ គឺគ្រប់គ្រាន់ដើម្បីទទួលបានសំឡេងភាគច្រើនជាលើកដំបូងក្នុងសភា ក្រោយរយៈពេល៨ឆ្នាំកន្លងមក។

ចំណែកនៅព្រឹទ្ធសភាវិញ គណបក្សសាធារណរដ្ឋរបស់ប្រធានធិបតី ដូណាល់ ត្រាំ ទទួលបាន៥១អាសនៈ គឺគ្រប់គ្រងសំឡេភាគច្រើន ខណៈគណបក្សប្រជាធិបតេយ្យ ទទួលបានតែ៤៣អាសនៈប៉ុណ្ណោះ។ តាមច្បាប់រដ្ឋធម្មនុញ្ញអាមេរិក គណបក្សនយោបាយ ត្រូវការសំឡេងគាំទ្រ៥១អាសនៈ គឺគ្រប់គ្រងសំឡេងភាគច្រើន នៅក្នុងព្រឹទ្ធសភា និង២១៨អាសនៈ ដើម្បីគ្រប់គ្រងសំឡេងភាគច្រើន ក្នុងរដ្ឋសភា៕