តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ក្រោយការលើកលែងទណ្ឌកម្មខ្លះៗ របស់អាមេរិក

07-11-2018 11:17am

សិង្ហបុរីៈ តម្លៃប្រេងឆៅ បានបន្តធ្លាក់ចុះនៅថ្ងៃពុធនេះ ដោយសារតែទីផ្សារផ្គត់ផ្គង់បានល្អ ខណៈដែលការផលិតប្រេងឆៅកើនឡើង ហើយនិងការលើកលែងទណ្ឌកម្មសហរដ្ឋអាមេរិក ដែលព្រមអនុញ្ញាតឲ្យអតិថិជនធំបំផុតរបស់អ៊ីរ៉ង់ ដូចជា ចិន និងឥណ្ឌា អាចបន្តទិញប្រេងឆៅរបស់ពួកគេ។

តម្លៃប្រេងឆៅសម្រាប់ទីផ្សារខាងមុខ បានធ្លាក់ចុះមកនៅត្រឹម៧១.៨៥ដុល្លារក្នុង១បារ៉ែល គិតត្រឹមវេលាម៉ោង១ និង១៥នាទី ម៉ោងសកល ពោលគឺធ្លាក់ចុះ២៨សេន ឬស្មើនឹង០.៤ភាគរយ ពីតម្លៃចុងក្រោយ។

ដោយឡែក ប្រេងឆៅសហរដ្ឋអាមេរិក (WTI) មានតម្លៃត្រឹមតែ៦១.៧៦ដុល្លារក្នុង១បារ៉ែលប៉ុណ្ណោះ ដោយធ្លាក់ចុះ៤៥សេន ឬស្មើនឹង០.៧ភាគរយ ពីតម្លៃចុងក្រោយ។

ទីផ្សារផ្គត់ផ្គង់ប្រេងឆៅកើនឡើង បានធ្វើឲ្យតម្លៃប្រេងឆៅធ្លាក់ចុះ ហើយកាលពីមុនដើមខែតុលាកន្លងទៅ តម្លៃប្រេងឆៅបានឡើងខ្ពស់ រហូតដល់ជាង៨៦ដុល្លារក្នុង១បារ៉ែល មិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំ មុនពេលដែលមានទណ្ឌកម្មអាមេរិក មកលើអ៊ីរ៉ង់។

សូមបញ្ជាក់ថា ទិន្នផលពីប្រទេសផលិតប្រេងកំពូលទាំង៣ របស់ពិភពលោក គឺរុស្ស៊ី សហរដ្ឋអាមេរិក និង អារ៉ាប៊ី សាអូឌីត បានកើនឡើងសរុបរហូតដល់ទៅ៣៣លានបារ៉ែលក្នុង១ថ្ងៃជាលើកដំបូង កាលពីខែតុលា ដែលនេះមាននន័យថា ប្រទេសផលិតប្រេងកំពូលទាំង៣នេះ បច្ចុប្បន្នអាចឈានដល់ការប្រើប្រាស់ប្រេងសកល១ភាគ៣នៃប្រេងឆៅ១០០លានបារ៉ែល ក្នុង១ថ្ងៃ៕