ចិន ត្រៀមខ្លួនពិភាក្សាជាមួយអាមេរិក ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

06-11-2018 2:26pm

ចិនៈ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសថា ខ្លួន​បានត្រៀមលក្ខណៈពិភាក្សាជាមួយអាមេរិក ដើម្បីដោះស្រាយវិវាទនៅក្នុងវិស័យពាណិជ្ជកម្ម បញ្ចប់ការប្រឈមមុខដាក់គ្នា។

សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី៦ ខែវិច្ឆិកានេះ បានផ្សាយថា នៅក្នុងវេទិកាសេដ្ឋកិច្ចថ្មី Bloomberg ដែលបានរៀបចំឡើងនៅក្នុងប្រទេសសឹង្ហបុរី អនុប្រធានាធិបតីចិន លោក Wang Qishan បានបញ្ជាក់ថា ចិន និងអាមេរិក ចង់សហការធំជាងនេះ នៅក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច។ ដូច្នេះ ភាគីចិន បានត្រៀមលក្ខណៈ ដើម្បីពិភាក្សាជាមួយអាមេរិក ស្វែងរកដំណោះស្រាយបញ្ចប់វិវាទ និងវិស័យពាណិជ្ជកម្ម ដែលភាគីទាំងពីរ អាចទទួលយកបាន។

តាមការលើកឡើងរបស់លោក Wang Qishan ពិភពលោកទាំងមូល កំពុងប្រឈមនឹងបញ្ហាធំៗជាច្រើន ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងចិន ដើម្បីដោះស្រាយវិវាទ និងការប្រឈមមុខដាក់គ្នា​។

មន្ត្រីចិន បានបញ្ជាក់ថា ការប្រឈមមុខដាក់គ្នា មិនមែនជាមធ្យោបាយដោះស្រាយសមស្រប ទៅលើបញ្ហាសេដ្ឋកិច្ចពិភពលោកនោះឡើយ។ ជាមួយគ្នានោះ រនាំងពាណិជ្ជកម្ម និងការដំឡើងពន្ធ មិនមែនជាបញ្ហាដោះស្រាយវិវាទឡើយ។

អនុប្រធានាធិបតីចិន បានបញ្ជា​ក់ទៀតថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នឹងធ្វើឲ្យទំនាក់ទំនងកាន់តែរឹងមាំ និងទទួលបានផលប្រយោជន៍ដូចគ្នា។ លោកបន្តទៀតថា បច្ចុប្បន្នចិន បានរក្សាឥរិយាបទបើកចំហ និងសហប្រតិបត្តិការ ដើម្បីផលប្រយោជនរួម។ កន្លង​មក ប្រធានាធិបតីចិន លោក ស៊ី ជីងពីង ក៏បានបញ្ជាក់ផងដែរថា ចិន នឹងបើកទ្វារស្វាគមន៍ បើទោះបីមានវិវាទពាណិជ្ជកម្មជាមួយអាមេរិកក្តី។

រយៈពេលកន្លងមក រដ្ឋាភិបាលទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន បានសងសឹកគ្នាទៅវិញទៅមក តាមរយៈការដំឡើងតម្លៃពន្ធនាំចូលទំនិញរៀងៗខ្លួន ដែលមានតម្លៃរាប់រយពាន់លានដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ ការដំឡើងពន្ធទាំងនោះ បានគ្រប់ដណ្តប់ទៅលើបញ្ហាសេដ្ឋកិច្ចពិភពលោកផងដែរ។

តាមគម្រោង ប្រធានាធិបតីចិន និងអាមេរិក នឹងជួបពិភាក្សាគ្នានៅក្នុងខែវិច្ឆិកានេះ។ នៅមុនជំនួប រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងរដ្ឋមន្ត្រីការពារជាតិ James Mattis នឹងទទួលស្វាគមន៍ សមភាគីចិន ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខ និងកិច្ចការបរទេស នាថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។

កន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានដំឡើងពន្ធ២៦៧ពាន់លានដុល្លារ ដល់ទំនិញនាំចូលពីចិន៕