ព្រីយ៉ា មានទម្រង់មុខកូនកាត់អឺរ៉ុប ផលិតករយល់ថា អាចគ្រងតំណែងតួឯក

05-11-2018 8:53am

កម្សាន្តៈ តារាសម្តែងទើបតែមានវត្តមានក្នុងការថតភាពយន្ត កំពុងតែត្រូវបានផលិតករ និងមហាជនដែលស្គាល់រូបនាងគិតថា មានភាពប៉ិនប្រសប់តែម្តង ក្នុងការយល់ដឹងពីស្ទីលស្តែងរហូតមិនធ្វើឲ្យអ្នកដឹកនាំរឿងចាងហ្វាងផលិតកម្មពិបាកក្នុងការពត់នឹងណែនាំ។ ម្ល៉ោះហើយនៅពេលអនាគតតួថ្មីរូបនេះ ប្រាកដជាឈោងបាននូវតំណែងជាច្រើន ក្នុងវិស័យភាពយន្តដែលកំពុងហក់ឡើង។

ព្រីយ៉ា ក្រៅពីសម្តែងនាង ក៏ជាតារាបង្ហាញម៉ូដដ៏ស្រស់សោភាដើរពត់ពេនកាច់រាងនៅតាមវេទិកាតូចធំយ៉ាងផុសផុលធ្វើឲ្យមានគេកាន់តែស្គាល់រូបនាងច្រើនឡើងៗ។ កញ្ញាត្រូវបានផលិតកររឿង «អំណាចទឹកប្រាក់» គឺលោក ផាត់ យុទ្ធ ជ្រើសឲ្យសម្ដែងជាតួអង្គសំខាន់មួយ ទាំងនាងមិនធ្លាប់បានសម្ដែងភាពយន្តកាលពីមុនទាល់តែសោះ ដែលនាំឲ្យនាងកាន់តែមានឱកាសលេចធ្លោនៅក្នុងពិភពសម្ដែង។ នាងទទួលបានការចាប់អារម្មណ៍មិនតិចនោះទេ តាមរយៈបទ «នឹកបងកន្លែងចាស់» និងបទ «ដើម្បីមនុស្សខ្ញុំស្រឡាញ់» របស់តារាចម្រៀង កញ្ញា ឆាយ សុវណ្ណារី បទ«បើបងក្បត់អូនអ្នកណាទទួលខុសត្រូវ» និងបទ «គ្មានការស្រឡាញ់ណាធំជាងការស្រឡាញ់របស់ឪពុកម្ដាយ» របស់តារាចម្រៀងកញ្ញា លីន ដា និងបទ «កំដរខ្ញុំបន្តិចបានទេ» របស់កញ្ញា សួស វីហ្សា ក្នុងផលិតកម្មហង្សមាស។ ក្នុងនោះការងារដើរបង្ហាញម៉ូដ ក៏រុញឲ្យនាងទទួលបានភាពលេចធ្លោស្របគ្នាផងដែរ ទើបធ្វើឲ្យតារាស្រីរូបនេះ ត្រូវគេកត់សម្គាល់ថា មានសកម្មភាពរស់រវើកក្នុងការងារសិល្បៈ បើទោះជាទើបតែហក់ចូលដោយមិនប្រើពេលយូរ។

កញ្ញា ព្រីយ៉ា ទើបបញ្ចប់ការសម្ដែងក្នុងភាពយន្ត «អំណាចទឹកប្រាក់» គឺនាងរំពឹងថា នឹងមានទីផ្សារកាន់តែខ្លាំងសម្រាប់ការសម្ដែងភាពយន្ត។

ព្រីយ៉ា លើកឡើងថា ក្នុងសិល្បៈនាងចង់ក្តោបឱកាសថតសម្តែងដើរម៉ូដ និងជាពិធីការិនីឲ្យបានសម្បូរបែប ព្រោះថា ទាន់ឱកាសមកដល់។ ណាមួយនាងចង់បំបែកទីផ្សារមានគេស្គាល់ជាងនេះ។អ្វីដែលសំខាន់នាងកំពុងបង្វឹកសមត្ថភាពបន្តទៀត ឲ្យគេមើលទៅថាល្អ ព្រោះការសម្តែងនៅត្រូវការភាពប្រើបច្ចេកទេសឲ្យច្រើន ព្រមទាំងត្រូវការរៀនសូត្រពីរៀមច្បង និងអ្នកនៅជុំវិញខ្លួនដើម្បីបង្កើនសមត្ថភាព៕