លោក ត្រាំ អះអាងថា អាមេរិក នឹងអាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

04-11-2018 1:39pm

អាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកទំនងជានឹងអាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ក្រោយពីមានដំណើរវិវត្តន៍ច្រើន លើការខ្វែងគំនិតគ្នារវាងប្រទេសទាំង២ ប៉ុន្តែលោកបានក្រើនរំឭកថា លោកនៅតែអាចដំឡើងតម្លៃពន្ធបន្ថែមទៀត លើទំនិញចិន។

លោក ត្រាំ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងវ៉ាស៊ីងតោនថា ចិន ពិតជាចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មខ្លាំងណាស់។

បន្ទាប់ពីទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់លោក បង្ហាញពីការប្រុងប្រយ័ត្នចំពោះកិច្ចប្រជុំ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិន លោក ត្រាំ បានបញ្ជាក់ថា «យើងមាននូវកិច្ចពិភាក្សាដ៏ល្អប្រសើរជាមួយចិន ហើយយើងជិតធ្វើរឿងអ្វីមួយ ក្នុងពេលដ៏ខ្លីខាងមុខនេះ»

លោក ត្រាំ បន្តថា លោកបាននិយាយជាមួយប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង កាលពីថ្ងៃម្សិលមិញ ហើយពួកគេចង់បង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម៕