ទើបតែដឹង! ម្ចាស់ជយលាភី ការប្រកួតផលិតភាពយន្ដខ្នាតខ្លី រឿង “​បន្ទប់​ជួល​”​ បានលេខ​១ ជាអ្នកដឹកបន្លែបោះឲ្យម៉ូយ

03-11-2018 9:43am

កម្សាន្តៈ ពិតជាមានការព្យាយាមខ្លាំងតែម្តង ដែលយុវជនម្នាក់ ដែលតស៊ូយ៉ាងពុះពារក្នុងការងារចិញ្ចឹមជីវិត រស់នៅមិនខ្លាចការងារទន់ទាប។ ឆ្លងកាត់ការខិតខំនៅទីបំផុតយុវជនរូបនេះ បានឈានជើងចូលមួយជំហានថ្មីមួយទៀត ដោយអាចធ្វើឲ្យគេស្គាល់ទឹកដៃ បន្ទាប់ពីគ្រងតំណែងម្ចាស់ជយលាភីផុតគេ កាលពីពេលកន្លងមកនេះ។

ក្រឡេកមើលការងារមុនចូលដល់ការឡើងកាន់ពាន អមជាមួយប្រាក់រង្វាន់ និងហែហមដោយអ្នកលើកទឹកចិត្តលោក អុន ផានិត ដែលជានិស្សិតកំពុងតែរៀនផ្នែកអក្សរសាស្ត្រខ្មែរឆ្នាំទី៤ លោកតែងតែងើបពីព្រឹកជាមួយម៉ូតូធុនល្មមមួយ ស្ទុះទៅដឹកបន្លែនៅផ្សារមួយកន្លែង ដើម្បីបោះឲ្យម៉ូយប្រចាំថ្ងៃ។ ផានិត ពោលថា «ឆ្លៀតពេលលោកចេះតែប្រឹងធ្វើដឹកបន្លែឲ្យគេ ដើម្បីសន្សំលុយទុកចាយផង ទុកថតភាពយន្តដែលខ្លួនប្រឡងផង ព្រោះមិនដឹងជាទៅរកថវិកាពីខាងណាបាន...»។ ក្រៅពីនេះលោកក៏មានការងារថតរូបជាប្រចាំ ជូនគេរាល់ពេលមានពិធីសម្ពោធរឿងនៅតាមរោងកុន។

ម្ចាស់​ជយ​លា​ភី​លេខ​១​នេះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ធ្លាប់​បាន​ចូល​ប្រកួត​កម្មវិធី​នេះ ​កាលពី​ឆ្នាំ​មុន​ម្ដង​ ក៏​ប៉ុន្ដែ​មិន​បាន​ជាប់​នោះ​ទេ​។​ តែ​យ៉ាងណា​លោក​មិន​បាន​បោះបង់​ការ​ខិត​របស់​ខ្លួន​ចោល​ឡើយ​ បើ​ទោះជា​មានការ​លំបាក​ខ្លាំង​ ក្នុង​ស្វែងរក​ប្រភព​ថវិកា​ ដើម្បី​យក​មក​ប្រើប្រាស់​ ក្នុង​ការ​ផលិតភាព​យន្ដ​នេះ​ក៏​ដោយ​។​ ជោគជ័យ​លោក​ថ្ងៃនេះ​ គឺ​បាន​មក​ពី​ការ​ខិតខំ​ផ្សំ ​និង​ក្ដី​ស្រឡាញ់​ផ្នែក​ខាង​ផលិត​ខ្សែភាពយន្ដ​នេះ​។​ ខ្សែភាពយន្ដ​ខ្នាត​ខ្លី​ ដែល​មាន​ចំណងជើង​ថា​ “​បន្ទប់​ជួល​”​។​ គណៈកម្មការ​វាយតម្លៃ​ការ​ផ្ដល់​ពិន្ទុ​ គឺ​ផ្អែក​លើ​អត្ថន័យ​ បច្ចេកទេស​ថត​ ភាព​ស៊ីសង្វាក់​គ្នា​ ដែល​ស្ដែង​ចេញពី​ទិដ្ឋភាព​ពិត​​ នៃ​ខ្លឹមសារ​រឿង​។

កម្មវិធី​ប្រកួត​ភាពយន្ដ​ខ្នាត​ខ្លី​ ដែល​រៀបចំ​ឡើង​ដោយ​ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ហៅ​កាត់​ថា​ ACF​ នេះ​ គឺជា​លើក​ទី​២​ហើយ ​នៅ​ឆ្នាំ​២០១៨​ ដែល​លើក​ទី​១​ គឺ​ធ្វើ​ឡើង​កាលពី​ចុងឆ្នាំ​២០១៧​។​ នៅ​រដូវ​កាល​ទី​២​នេះ​ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ វាយតម្លៃ​ថា​ ការ​ថត​របស់​យុវជន ​គឺ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ ទាំង​បច្ចេកទេស​ថត​ រូបភាព​ ទីតាំង​ ពន្លឺ​ និង​ការ​សម្ដែង​ និង​មួយវិញទៀត ​ស្រប​ទៅ​ប្រធានបទ​ដែល​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដាក់​ឲ្យ​។​

រឿង “បន្ទប់​ជួល​”​ លោក​ ភា​និ​ត​ បញ្ជាក់​ថា​ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពីជីវភាព​ពិត​នៅ​ក្នុង​សង្គម​ ដែល​ម្ចាស់ផ្ទះ​មួយ​ចំនួន​ តែងតែ​ប្រើ​សម្ដី​អាក្រក់​ដាក់​កម្មករ​ និង​មិន​ដែល​ខ្វល់ខ្វាយ​ពី​ទុក្ខ​លំបាក​របស់​កម្មករ​ឡើយ​ ហើយ​គិតតែ​ផលប្រយោជន៍​ខ្លួន​ តែ​មួយ​មុខ​ប៉ុណ្ណោះ។

ទាំងនេះជាគម្រូមួយសម្រាប់យុវជនទាំងឡាយ ជាពិសេសអ្នកដែលចូលចិត្តខ្ជះខ្ជាយពេលវេលាចូលចិត្តចំណាយពេលឥតប្រយោជន៍ខកខានរៀនសូត្រ គួរងាកមកធ្វើអ្វីល្អៗ ស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូ-អ្នកគ្រូ រៀនសិក្សាពីអ្នកមានចំណុចល្អ ដើម្បីឲ្យជីវិតប្រសើរទៅអនាគត៕