ព័ត៌មានក្តៅ ៖ ពិភពលោក លែងបារម្ភរឿងប្រេងឡើងថ្លៃ មុនពេលអាមេរិក ដាក់ទណ្ឌកម្មលើការនាំចេញប្រេងអ៊ីរ៉ង់

02-11-2018 12:57pm

បរទេសៈ តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ខណៈដែលទិន្នផលផលិតប្រេងឆៅកើនឡើងរបស់ប្រទេសផលិតប្រេងធំបំផុតទាំង៣ របស់ពិភពលោក បានធ្វើឲ្យលែងមានក្តីកង្វល់ ចំពោះការផ្គត់ផ្គង់ប្រេង ចាប់ពីការចាប់ផ្តើមទណ្ឌកម្មសហរដ្ឋអាមេរិក មកលើការនាំចេញប្រេងអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយនេះ។

ប្រេងឆៅលើទីផ្សារខាងមុខ មានតម្លៃ៧២.៦០ដុល្លារ ក្នុង១បារ៉ែល គិតត្រឹមវេលាម៉ោង៤និង៤១នាទី ម៉ោងសកល ថ្ងៃសុក្រ ពោលគឺធ្លាក់ចុះ២៩សេន ឬស្មើនឹង០.៤ភាគរយ ពីតម្លៃបិទចុងក្រោយគេ។ ដោយឡែក ប្រេងឆៅអាមេរិក (WTI) បានធ្លាក់ចុះ២៤សេន ឬស្មើនឹង០.៤ភាគរយ នៅតម្លៃ៦៣.៤៥ដុល្លារ ក្នុង១បារ៉ែល។

សូមបញ្ជាក់ថា ប្រេងឆៅ បានធ្លាក់ចុះលើសពី១២ភាគរយ ចាប់តាំងពីដើមខែតុលាមក ខណៈដែលប្រេងឆៅ WTI បានធ្លាក់ចុះតម្លៃជាង១៣ភាគរយ។

ការផលិតប្រេងឆៅសហរដ្ឋអាមេរិក បានបង្កើតដោយខ្លួនឯងជាង១១លានបារ៉ែល ក្នុង១ថ្ងៃ ហើយអាមេរិក បច្ចុប្បន្ន កំពុងប្រកួតប្រជែងជាមួយរុស្ស៊ី សម្រាប់តំណែងជាប្រទេសផលិតប្រេងឆៅលេខ១ លើពិភពលោក។

ដោយឡែក រុស្ស៊ីវិញ បានបង្កើនការផលិតប្រេងឆៅរបស់ខ្លួនខ្ពស់ជាងគេបំផុត រហូតដល់ទៅ១១.៤១លានបារ៉ែល ក្នុង១ថ្ងៃ កាលពីខែតុលា ពោលគឺកើនឡើងពីចំនួន១១.៣៦លានបារ៉ែល ក្នុង១ថ្ងៃ កាលពីខែកញ្ញា។

ចំណែកឯ អារ៉ាប៊ី សាអូឌីត បានបូមប្រេងឆៅរបស់ខ្លួន១០.៦៥លានបារ៉ែល ក្នុង១ថ្ងៃ កាលពីខែតុលា ជាហេតុធ្វើឲ្យប្រទេសផលិតប្រេងធំបំផុតទាំង៣ របស់ពិភពលោក ផលិតប្រេងឆៅសរុបចំនួនកំណត់ត្រា៣៣.៤១លានបារ៉ែល ក្នុង១ថ្ងៃ ដែលនេះ មានន័យថា រុស្ស៊ី សហរដ្ឋអាមេរិក និង អារ៉ាប៊ី សាអូឌីត បានឈានដល់តម្រូវការជាង១ភាគ៣ នៃការប្រើប្រាស់ប្រេងសរុបជិត១០០បារ៉ែលក្នុង១ថ្ងៃ នៅទូទាំងពិភពលោក៕