របាយការណ៍ពិសេស ៖ ករណីចាប់រំលោភសេពសន្ធវៈ និងអំពើហិង្សាផ្លូវភេទ បានក្លាយជាវប្បធម៌ដ៏ចាក់ស្រេះ នៅក្នុងរបបផ្ដាច់ការកូរ៉េខាងជើង

01-11-2018 8:08pm

កូរ៉េខាងជើងៈ ករណីចាប់រំលោភសេពសន្ធវៈ និងការបំពានផ្លូវភេទសកល ដែលត្រូវបានធ្វើឡើងដោយក្រុមមន្រ្តីកូរ៉េខាងជើង មកលើស្រ្តីធម្មតា ត្រូវបានលាតត្រដាងការពិត ដោយរបាយការណ៍ពិសេសមួយ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ទង្វើបែបនេះ បានក្លាយជាវប្បធម៌ដ៏ចាក់ស្រេះមួយនៅក្នុងរបបផ្តាច់ការកូរ៉េខាងជើង ជាកន្លែងដែលអ្នកប្រព្រឹត្ត បែរជាគ្មានទោសពៃរ៍ទៅវិញ។

របាយការណ៍កម្រាស់៩៨ទំព័រ របស់ក្រុមឃ្លាំមើលសិទ្ធិមនុស្ស ដែលត្រូវបានគេចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ហើយចំណាយពេលជាង២ឆ្នាំ ដើម្បីចងក្រងវាឡើង ដោយផ្អែកលើបទសម្ភាសន៍ជាមួយជនរងគ្រោះ ដោយសារការរំលោភបំពានផ្លូវភេទ ដែលបានរត់ភៀសខ្លួនចេញពីកូរ៉េខាងជើង។

របាយការណ៍នេះ បានចោទប្រកាន់ថា ទំនាក់ទំនងផ្លូវភេទ ដែលមិនចង់បាន និងអំពើហិង្សាផ្លូវភេទ បានក្លាយជារឿងធម្មតាទៅហើយ នៅក្នុងប្រទេសកូរ៉េខាងជើង ពោល គឺវាបានក្លាយជាចំណែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

លោក ខេនណេត រ៉ុត ប្រធានប្រតិបត្តិក្រុមឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា អំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសមួយនេះ មានការបើកទូលំទូលាយ គ្មានអ្នកជួយអើពើ ហើយស្រ្តីទូទៅប្រឹងអត់ធ្មត់លាក់បាំងការពិតទាំងការឈឺចាប់ ក្នុងរបបផ្តាច់ការរបស់មេដឹកនាំ គីម ជុងអ៊ុន៕