បទវិចារណកថា ៖ តើវាអាចទៅរួចដែរទេ កាលដែលធ្វើមាតុភូមិនិវត្តន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នឹងទទួលបានជោគជ័យនោះ?

31-10-2018 3:25pm

បរទេសៈ កាលពីថ្ងៃអង្គារ ប្រទេសបង់ក្លាដែស និងសហភាពមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅក្នុងខែវិច្ឆិកានេះ។ រយៈពេលតិចជាង១សប្តាហ៍ប៉ុណ្ណោះ ក្រោយក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ បានព្រមានថា អំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមមួយនេះ នៅតែបន្តកើតឡើងនោះ។

គួរឲ្យដឹងថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង៧២ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីការចាត់វិធានការដ៏ឃោរឃៅពីក្រុមយោធាសហភាពមីយ៉ាន់ម៉ា កាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ ដើម្បីបោះទីជម្រកបណ្តោះអាសន្ននៅតាមជំរំមានមនុស្សច្រើនកុះករនៅក្នុងប្រទេសបង់ក្លាដែស និងធ្វើឲ្យពួកគេជួបរឿងរ៉ាវដ៏គួរឲ្យខ្លោចផ្សា ទាំងការចាប់រំលោភសេពសន្ធវៈ ឃាតកម្មយ៉ាងរង្គាល និងការដុតផ្ទះសម្បែងពួកគេពីសំណាក់កងទ័ពមីយ៉ាន់ម៉ា។

ក្រុមអ្នកស៊ើបអង្កេត បាននិយាយថា ក្រុមន្រ្តីយោធាជាន់ខ្ពស់របស់សហភាពមីយ៉ាន់ម៉ា គួរតែត្រូវបានផ្តន្ទាទោសសម្រាប់អំពើប្រល័យពូជសាសន៍នៅក្នុងរដ្ឋរ៉ាឃីន ប៉ុន្តែប្រទេសមួយនេះ បានធ្វើការច្រានចោលទាំងស្រុង ដោយពួកគេនិយាយយ៉ាងទទូចថា ពួកគេគ្រាន់តែការពារខ្លួនឯង ប្រឆាំងនឹងក្រុមជីវពលប្រដាប់អាវុធតែប៉ុណ្ណោះ។

សហភាពមីយ៉ាន់ម៉ា និងបង់ក្លាដែស បានប្រកាសផែនការធ្វើមាតុភូមិនិវត្តន៍ទ្រង់ទ្រាយធំ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែដំណើរការនៃការបញ្ជូនជនមូស្លីមរ៉ូហ៊ីងយ៉ា ត្រឡប់មកវិញ បានប្រឈមនឹងឧបសគ្គភ្លាមៗ ហើយនិងមិនអាចចាប់ផ្តើមបានឡើយ​ ខណៈដែលភាគីទាំង២ បានចោទគ្នាទៅវិញទៅមក ពីការពន្យារពេលទាំងនេះ។

ក្រុមសិទ្ធិមនុស្ស បានធ្វើការក្រើនរំឭកផងដែរថា ការធ្វើមាតុភូមិនិវត្តន៍ជនមូស្លីមរ៉ូហ៊ីងយ៉ា មកកាន់ប្រទេសមីយ៉ាន់ម៉ាវិញ នឹងត្រូវថ្កោលទោសពួកគេ ចំពោះការសងសឹកបន្ថែមទៀត។

ក្រុមអាជ្ញាធរនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើន គឺជាពុទ្ធសាសនិកនោះ បាននិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១០០នាក់ បានវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ពួកគេវិញ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ប៉ុន្តែបង់ក្លាដែស បាននិយាយថា ដំណើរការធ្វើមាតុភូមិនិវត្តន៍ផ្លូវការ មិនទាន់ចាប់ផ្តើមនៅឡើយនោះទេ។

លោក សាហ៊ីឌុល ហាកេ គឺជារដ្ឋមន្រ្តីការបរទេសបង់ក្លាដែស បាននិយាយក្រោយជំនួបនៅក្នុងទីក្រុងដាកា រវាងក្រុមមន្រ្តីមកពីប្រទេសទាំង២ថា ពួកយើងកំពុងទន្ទឹងរង់ចាំការចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនភាគតិចរ៉ូហ៊ីងយ៉ា នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ។ លោក បាននិយាយថា វាគឺជាដំណាក់កាលដំបូង។

ដោយឡែក រដ្ឋមន្រ្តីអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពមីយ៉ាន់ម៉ា លោក មីន ធូ ដែលបានចូលរួមកិច្ចប្រជុំនេះ បាននិយាយថា ភាគីទាំង២ បានព្រមព្រៀងគ្នាលើផែនការជាក់លាក់បំផុត ដើម្បីចាប់ផ្តើមដំណើរការមួយនេះ នៅខែក្រោយ។

លោក ធូ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា យើងបានបង្ហាញពីឆន្ទៈនយោបាយ ភាពបត់បែនតាមកាលៈទេសៈ និងការផ្តល់កន្លែងស្នាក់អាស្រ័យរបស់ពួកយើង ដើម្បីចាប់ផ្តើមធ្វើមាតុភូមនិវត្តន៍នៅកាលបរិច្ឆេតឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន

រដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា បានប្រកាសរាល់លើពីកន្លែងដែលក្រុមគ្រួសាររ៉ូហ៊ីងយ៉ា វិលត្រឡប់ទៅវិញ ថ្វីត្បិតតែក្រុមសិទ្ធិមនុស្ស បានចោទសួរថាតើ ជនភៀសខ្លួនទាំងអស់នេះ ពិតជាសុខចិត្តធ្វើបែបហ្នឹងដោយស្ម័គ្រចិត្តដែរឬទេ។

ភាគច្រើននៃពួកគេមានការព្រួយបារម្ភថា ពេលវិលត្រឡប់ទៅកាន់មីយ៉ាន់ម៉ាវិញ នឹងគ្មានការធានាអះអាងពីបញ្ហាសិទ្ធិមនុស្ស ដូចជាករណីភាពជាពលរដ្ឋ ការថែរក្សាសុខភាព និងសិទ្ធិសេរីភាពនៃការដើរហើរ គឺជាសិទ្ធិដែលត្រូវបានច្រានចោលមកលើពួកគេជាយូរមកហើយ មុនពេលមានវិធានការបង្ក្រាបយ៉ាងចាស់ដៃពីយោធាមីយ៉ាន់ម៉ា។

ការសន្យាដើម្បីចាប់ផ្តើមការធ្វើមាតុភូមិនិវត្តន៍ជនភាគតិចរ៉ូហ៊ីងយ៉ា បានកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ បានធ្វើការព្រមានពីអំពើប្រល័យពូជសាសន៍បន្តកើតឡើងប្រឆាំងនឹងជនភាគតិចមូស្លីម នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក ម៉ាស៊ូគី ដារូស្មាន់ គឺជាប្រធានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ក្រៅពីការសម្លាប់រង្គាលដ៏ច្រើនលើសលប់ ជម្លោះមួយនេះ ធ្វើឲ្យមានការបណ្តេញចេញប្រជាពលរដ្ឋ ការរាំងការផ្តល់កំណើត និងការជម្លៀសខ្លួនទ្រង់ទ្រាយធំនៅតាមជំរំជាច្រើនកន្លែងផងដែរ។

អង្គការសហប្រជាជាតិ បាននិយាយថា ការធ្វើមាតុភូមិនិវត្តន៍ជនភាគតិចរ៉ូហ៊ីងយ៉ា ត្រូវតែស្ម័គ្រចិត្ត និងធ្វើឡើងដោយសេចក្តីថ្លៃថ្នូរ និងសន្តិសុខ៕