រដ្ឋមន្ត្រីក្រសួងការងារ អះអាងថា បញ្ហាប្រឈមនានានៃពាណិជ្ជកម្មលើពិភពលោក មិនប៉ះពាល់ដល់កម្ពុជាទេ

19-10-2018 1:43pm

ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា បញ្ហាប្រឈមនានានៃពាណិជ្ជកម្មលើពិភពលោកមិនបះពាល់ដល់ការការបញ្ជាទិញនៅកម្ពុជានោះទេ ខណៈដែលដៃគូរបញ្ជាទិញទំនិញពីកម្ពុជានៅតែបន្ដកិច្ចសហប្រតិបត្ដិការជាមួយគ្នាដ៏ដែល។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបពិភ្សាការងារជាមួយសមាគមអ្នកបញ្ជាទិញ ដឹកនាំដោយលោក Mechael  Posner ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមយុត្ដិធម៌ការងាររបស់សហរដ្ឋអាមេរិក(FLI)និងរួមទាំងក្រុមអ្នកបញ្ជាទិញផលិតផលសំលៀកបំពាក់ និងស្បែកជើងសម្រាប់នាំចេញទៅសហរដ្ឋអាមេរិក និងសហគមអ៊ឺរ៉ុប នាព្រឹកថ្ងៃទី ១៩ ខែតុលា នៅទីស្ដីការក្រសួងលោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការពិភាក្សានាពេលនេះ ក្នុងគោលបំណងពិនិត្យមើលនូវវឌ្ឍនភាព ទាក់ទងទៅនឹងលក្ខខណ្ឌការងារ ការរៀបចំប្រាក់ឈ្នួល យន្ដការដោះស្រាយវិវាទការងារ និងការអនុវត្ដច្បាប់សហជីពជាដើម។

លោកបញ្ជាក់ថា ការពិភាក្សានេះ ក៏បានលើកឡើងពីបញ្ហាប្រឈម និងរួមគ្នាដើម្បីបន្ដកិច្ចសហប្រតិបត្ដិការទៅមុខបន្ដទៀត។

លោកថា ភាគីទាំងពីរសង្ឃឹមថា បញ្ហាប្រឈមនានានៃពាណិជ្ជកម្មលើពិភពលោកដែលបានកើតឡើងនាពេលបច្ចុប្បន្ននេះ គឺមិនបះពាល់ដល់កិច្ចសហប្រតិបត្ដិការរវាងដៃគូរនានាដែលជាអ្នកបញ្ជាទិញផលិតផលសំលៀកបំពាក់ និងស្បែកជើងសម្រាប់នាំចេញទៅសហរដ្ឋអាមេរិក និងសហគមអ៊ឺរ៉ុប និងកម្ពុជានោះទេ។

សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា ស្នងការពាណិជ្ជកម្មអឺរ៉ុប នឹងធ្វើការតាមដាន និងវាយតម្លៃអំពីស្ថានភាពក្នុងប្រទេសកម្ពុជារយៈពេល៦ខែទៀត ចាប់ពីពេលជូនដំណឹង មុនឈានទៅសម្រេចថា តើគួរបញ្ឈប់នីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ន ឬ ធ្វើការលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ននេះតែម្ដង៕