តារា ពេជ្រ តារាចម្រៀងលេចចេញពីកម្មវិធី The Melody

16-10-2018 4:13pm

កម្សាន្តៈ រហូតមកទល់ពេលនេះ ពន្លកតារាសិល្បៈ គឺលោក តារា ពេជ្រ បានសម្រេចគោលបំណងរបស់ខ្លួន ដោយអាចបើកបើងទំព័រសិល្បៈតាមរយៈកម្មវិធីប្រឡងចម្រៀងមួយប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន។ លោកត្រូវបានគេកត់សម្គាល់ច្រើនគួរសម បន្ទាប់ពីក្លាយជាបេក្ខជនឆ្នើមៗប្រចាំក្រុមប្រកបដោយទកដមសំឡេងពិរោះ។ ចាប់តាំងពីពេលនោះមក តារា ពេជ្រ ក៏វាយលុកសិល្បៈកាន់តែច្រើនខុសពីជំហ៊ានដំបូងៗ។

តារាចម្រៀង តារា ពេជ្រ ធ្លាប់បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយពីលោកបានបញ្ចេញ បទចម្រៀង Original Song លើកដំបូង កាលពីដើមឆ្នាំ២០១៨។ មិនទុកយូរតារាចម្រៀងសំនៀង៣ភាសារូបនេះ បានបញ្ចេញស្នាដៃបទ ចម្រៀងថ្មី គឺបទ ”នឹក” បន្ទាប់ពីបទមួយនេះ ទទួលបានការកោតសរសើរខ្លាំងពីរៀមច្បងសិល្បៈ។

អតីតសិស្សសាលាមធ្យមសិល្បៈ ធ្លាប់បានបង្ហាញមុខលើវេទីការសិល្បៈជាច្រើន ដោយទទួលបានការពេញចិត្ត នឹងទឹកដមសំនៀងពិរោះរណ្តំថ្នមគួរឲ្យចង់ស្តាប់ទាំងបទភាសាខ្មែរ អង់គ្លេស និងថៃ។ ធ្លាប់បំពេញចិត្តអ្នកគាំទ្រ តារាវ័យក្មេងរូបនេះ បានបញ្ចេញស្នាដៃបទចម្រៀងថ្មីរបស់ខ្លួនលើកដំបូង មានចំណងជើងថា “មិនជឿស្រលាញ់សិនមើល” ដែលទទទួលបានការគាំទ្រច្រើន។ បទថ្មីបែបមនោសញ្ចេតនាអន្ទងអារម្មណ៍អ្នកស្តាប់ថ្មីមួយ គឺបទ ”នឹក” ដែលទើបនឹងបញ្ចេញថ្មីៗនេះ ក៏កំពុងទាញអារម្មណ៍អ្នកស្តាប់ឲ្យអណ្តែតអណ្តូងតាមអត្ថន័យនៃបទចម្រៀងផងដែរ។

តារា ពេជ្រ បានប្រាប់ថា ក្រោយបញ្ចប់ការងារប្រឡង លោកកាន់តែទទួលកិច្ចការសិល្បៈជាច្រើនដែលធ្វើឲ្យរូបលោកសប្បាយចិត្តខ្លាំង ចំពោះភាពតស៊ូសិល្បៈតាំងពីយូរមក។ លោកថា មានស្ថានីយ៍ទូរទស្សន៍មួយចំនួន បានហៅច្រៀងសម្តែង ហើយលោកនឹងយកបទថ្មីៗ ដែលផលិតបានចែកជូនអ្នកគាំទ្រ។ លោករំពឹងថា អ្នកគាំទ្រនិងជួយផ្តលកម្លាំងចិត្តជាបន្ត ចំពោះចម្រៀងថ្មីដែលចេញលើកក្រោយៗទៀត៕