ម្ចាស់មិននៅ ភ្លើងចង្ក្រាន រាលឆេះផ្ទះម៉ដ្ឋ

11-10-2018 10:25pm

ពោធិ៍សាត់ៈ ម្ចាស់ផ្ទះ​រវល់ចេញទៅខាងក្រៅ ដោយមិនបានពិនិត្យមើលភ្លើងចង្ក្រាន​ឲ្យបានស្រួលបួលនោះទេ បណ្តោយឲ្យរាលឆេះផ្ទះមួយខ្នង និងសម្ភារជាច្រើនដទៃផ្សេងទៀតអស់ទាំងស្រុងតែម្តង ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះក្នុងចំការ ចំណុចអូរត្រាវបឹងរំលេច ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះមានទំហំ៧ម៉ែត្រ×៨ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារ ប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ ឡេង ណៃ ភេទប្រុស អាយុ ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ ឈឹម សើន អាយុ៥៥ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សម្ភារខូចខាតមាន ត្រាក់ទ័រ១គ្រឿង; ម៉ាស៊ីនត្រង់ស៊ីន័រ២គ្រឿង; ម៉ាស៊ីនកាត់ស្មៅ២គ្រឿង; ឈើគ្រឿងផ្ទះប្រមាណ៥ម៉ែត្រគូប និងសម្ភារមួយចំនួនទៀត ត្រូវឆេះខូចខាតអស់ទាំងស្រុង ។ សមត្ថកិច្ចរកឃើញមូលហេតុថា បណ្តាលមកពីភ្លើងចង្ក្រានរាលឆេះផ្ទះតែម្តង ខណៈម្ចាស់ផ្ទះមិននៅ ៕