ខុសពីខេត្តដទៃ នៅខេត្តកំពង់ចាម ចំនួនភ្ញៀវទេសចរថយចុះ១៨% អំឡុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ

11-10-2018 9:57pm

កំពង់ចាម​:​ ពិធីបុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ ដែល​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​របស់​ខ្មែរ​ គឺ​មាន​រយៈ​ពេល​រហូត​ដល់​ទៅ១៥ថ្ងៃ​ សម្រាប់​ការ​ធ្វើ​​បុណ្យទាន​ឧទ្ទិស​កុសល​ជូន​ដល់​​វិញ្ញាណក្ខន្ធ​ដូនតា​ ដើម្បី​សុំ​សេចក្ដី​សុខ​រកស៊ី​ទទួលទាន​មាន​បាន​ ត្រូវ​បាន​បញ្ចប់​ដោយ​សទ្ធា​​ជ្រះថ្លា​ក្នុង​ការ​ធ្វើ​​បុណ្យទាន​ យ៉ាង​សប្បាយ​រីករាយ​ដោយការ​ជួបជុំ​សាច់ញាតិ​បងប្អូន​ និង​ការ​ដើរ​លេងកម្សាន្ត​តាម​រមណីយដ្ឋាន​នានា​យ៉ាង​សប្បាយ​រីករាយ​​។

​គេសង្កេត​ឃើញ​ថា​ នៅថ្ងៃ​ភ្ជុំ​ធំ​​​ ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ទឹក​ឆា​ ដី​ហ៊ុយ​ខ្លាំង​ណាស់​ព្រោះ​មិន​មាន​ភ្លៀង​ធ្លាក់​ដូច​ឆ្នាំ​មុន​នោះទេ​ តែ​ភ្ញៀវ​ទេសចរណ៍​នៅ​តែបន្ត​សម្រុក​ចូល​លេង​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​ បណ្តាល​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​នៅ​មាត់​ច្រក​ផ្លូវ​ចូល​ទៀត​ផង​ ហើយ​រោង​ក្យូសសម្រាប់​អង្គុយ​ទទួលទាន​អាហារ​និមួយៗ​ គឺ​មាន​ភ្ញៀវ​ចូល​ពេញ​ៗ​តែ​ម្ដង​ ដោយ​អ្នក​ខ្លះ​វេចខ្ចប់​អាហារ​យក​មក​ពី​ផ្ទះ​ និង​អ្នក​ខ្លះទៀត​កុម្មង់​ទិញ​អាហារ​ស្រាប់​នៅ​ទី​នោះ​តែ​ម្ដង​។

លោក ស៊ាន សុគន្ធ ប្រធាន​មន្ទីរ​ទេសចរណ៍ខេត្តកំពង់ចាម​ ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១១​ ខែតុលា ឆ្នាំ​២០១៨​​ថា សម្រាប់​ឆ្នាំ​នេះ​​ពិធីបុណ្យ​ប្រពៃ​ជាតិ​ ភ្ជុំបិណ្ឌ​ ដែល​គិត​ត្រឹម​រយៈពេល​៣ថ្ងៃ​ គឺមាន​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​ ​បាន​អញ្ជើញ​ទៅ​ លេង​កម្សាន្ត​នៅ​​តាមរមណីយដ្ឋាន​នានា ក្នុង​​ខេត្តកំពង់ចាម​ ​សរុប​ចំនួន៤១.៧១៥នាក់ គឺ​ថយចុះ​១៨% បើ​ប្រៀប​ធៀន​ទៅ​រយ​:​ពេល​ដូចគ្នា​នៅ​ឆ្នាំមុន ២០១៧ នាឱកាសបុណ្យ​ភ្ជុំបិណ្ឌ​។​

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ បាន​បញ្ជាក់​ថា ក្នុងនោះ​រមណីយដ្ឋាន​ទឹកឆា​ គឺមាន​ចំនួន១៥.៧៥០នាក់​ ​ថយចុះ​២៣% រមណីយដ្ឋាន​ភ្នំ​ប្រុស​-ភ្នំ​ស្រី មាន​ចំនួន៧.៨៩០នាក់ ថយចុះ​ចំនួន២៥​% រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ​ចំនួន៤.២៥០នាក់ ថយចុះ​១៩% រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​ចំនួន៧.៨៧០នាក់ ថយចុះ១៥% រមណីយដ្ឋាន​ភ្នំ​ជើងព្រៃ​ មាន​ចំនួន​២.៣៥០នាក់​ កើន​៣%​ រមណីយដ្ឋាន​បឹង​ធំ​ មាន​ចំនួន​១.២០០នាក់​ កើន​១១%​ រមណីយដ្ឋាន​ទំនប់​តាកុច​ មាន​ចំនួន​២.៣០០នាក់​ កើន​៤៦%​ និង​ភ្ញៀវ​បរទេស​ចំនួន១០៥នាក់ ថយចុះ​២៩%​។​

ដោយ​ឡែក​ របាយការណ៍​ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ស្តី​អំពី​សភាពការណ៍​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​កិច្ច​ប្រតិបត្តិការ​ ប្រចាំ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៨នេះ​ ចំពោះ​សភាពការណ៍​សន្តិសុខ​ ពុំ​មាន​អ្វី​កើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ។ សភាពការណ៍​ព្រហ្មទណ្ឌ​ កើត​ឡើង​ចំនួន​១លើក​ គឺ​ករណី​លួច​ម៉ូតូ​នៅ​ស្រុក​ស្រីសន្ធរ​។ សភាពការណ៍​សណ្តាប់​ធ្នាប់​សាធារណៈ​ កើត​ឡើង​២លើក​ គឺ​គ្រោះថ្នាក់​ចរាចរ​១លើក​ និង​គ្រោះថ្នាក់​ផ្សេងៗ​ចំនួន​​១លើក​ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​២នាក់​។

ជាមួយគ្នានោះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​​ខេត្តកំពង់ចាម​​ បាន​ចាត់តាំង​កម្លាំង​ការពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​តាម​កន្លែង​​កម្សាន្ត​សប្បាយ​នៅ​តាមភូមិ​-ឃុំ​ និង​ទី​វត្តអារាម​នានា​ ទូទាំង​ខេត្ត​ ព្រមទាំង​ល្បាត​ត្រួតពិនិត្យ​គោលដៅ​សំខាន់ៗ​ ការពារ​កន្លែង​ទីផ្សា​ លក់​មាស​-ប្ដូរ​ប្រាក់​-ទី​រមណីយដ្ឋាន​ ត្រួតពិនិត្យ​រដ្ឋបាល​ចំហរ​ និង​ត្រួតពិនិត្យ​ឆែកឆេរ​អាវុធ​ជាតិផ្ទុះ​គ្រប់​ប្រភេទ​ផង​ដែរ​ ៕